ចំនុចពិសេសទាំង ៥នេះ ដែលយុវជនមិនគួរមើលរំលងការធ្វើអាជីវកម្មតាមផ្លូវ

នាពេលបច្ចុប្បន្ននេះ អាជីវកម្មតាមផ្លូវនៅកម្ពុជាហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់។ ជា​ពិសេស នៅ​ពេល​​ដែលអ្នកធ្វើដំណើរនៅតាមដងវិថីនានាក្នុងទីក្រុង អ្នកនឹងបានឃើញមានតូប ឬ​រទេះ​​​​​​​​លក់ទំ​និញ ភេសជ្ជៈ ឬលក់ម្ហូបអាហារជាហូរហែរ ស្ទើរគ្រប់ទីកន្លែង។ មែនទែនទៅ ការចាប់ផ្ដើមពីតូច វាជាការចាប់ផ្ដើមដ៏ល្អបំផុត សម្រាប់អ្នកដែលចង់សាកល្បងរកស៊ីថ្មី​ថ្មោង។ លើសពីនេះ យុវជន ដែលជាអនាគត​សហគ្រិន​វ័យ​ក្មេង​កម្ពុជា គួរងាក​មកចាប់​អារម្មណ៍​ខ្លះ លើ​ការ​ប្រកប​អាជីវកម្មខ្នាតតូចទាំងអស់នេះ ព្រោះវាជាជំហានទី១ក្នុងការសាកល្បង។ ហើយខាង​ក្រោម​​នេះ ជា​ហេតុផលដែលអ្នកមិនគួរមើលរំលងអាជីវកម្មតូចតាចតាមចិញ្ចើមថ្នល់។

១. ចំណាយតិច

អាជីវកម្មតាមផ្លូវ​ ជាប្រភេទអាជីវកម្មមួយដែលចំណាយតិច ពោលគឺមិនចាំបាច់ចំណាយ ឬ​ចំណាយ​តិច​តួចលើទីតាំង ពន្ធ​​​​លើប្រាក់ចំណូល (លើកលែងតែត្រូវបានចុះបញ្ជី) ឬឧបករណ៍​បរិក្ខា​នានា​ច្រើន​នោះ​ទេ។ ជា​ទូ​ទៅ​​​ គឺចំ​ណាយលើតែរទេះរុញ និងឧបរកណ៍ប្រតិបត្ដិការតែប៉ុណ្ណោះ។ ជាក់ស្ដែក អាជីវកម្ម​ដែល​មាន​​​​​សក្ដានុពលនាពេលបច្ចុប្បន្ន គឺការលក់កាហ្វេចល័ត ដែលត្រូវចំណាយជា​មធ្យម​ចន្លោះ​ពី​១,០០០​​ ទៅ៤,០០០ដុលា្លរអាមេរិកក្នុងការចាប់ផ្ដើម។ ម៉្យាង ការចំណាយលើ បុគ្គលិក​ទៀត​​សោត ក៏មិនសូវខ្ពស់​ផងដែរ។

២. អាចចល័តបាន (ស្វែងរកអតិថិជនគោលដៅ)

ទីណាមានមនុស្សច្រើន ទីនោះជាទីផ្សារដ៏ធំសម្រាប់ការរកស៊ី។ ការ​លក់ចល័ត អាចឲ្យយើងស្វែង​រក​​​​​អតិថិជនថ្មីៗបានយ៉ាងច្រើន និងឆាប់រហ័ស។ នៅពេលដែលទីតាំ​ងដែល​អ្នក​ឈរ​ជើង​មិន​សូវ​អំ​ណោយ​​​​ផល នោះ​​អ្នកអាចរើស និងប្ដូរទីតាំងបានភ្លាមៗដោយមិនលំបាក។

៣. ចំណូ​លច្រើនខ្ទង់ពាន់ដុល្លារក្នុង១ខែ

កា​ររកស៊ីតាមចិញ្ចើមថ្នល់ ថ្វីត្បិតតែមើលទៅសាមញ្ញ និងតូចតាច តែកុំច្រឡំមើលងាយប្រាក់​ចំណូល​​​ឲ្យ​សោះ​។ តាមបទបពិសោធន៍នៃការចុះជួបជាមួយម្ចាស់អាជីវកម្មតាមផ្លូវនេះ ជាពិសេស​គឺ​កា​ហ្វេរទេះ ចំណូលរបស់ពួកគេជាមធ្យម អាចរកបានពី១,០០០ ទៅ១,៥០០ដុល្លារក្នុង១ខែ ឬអាច​នឹង​ច្រើនជាង​នេះទៀតផង។

៤. ងាយស្រួលក្នុងការបម្លែងខ្លួន

មានអាជីវកម្មជាច្រើនបានក្លាយជាអាជីវកម្មធំៗ ដោយចាប់ផ្ដើមដំបូងគឺជាអាជីវកម្មតាមចិញ្ចើម​ថ្នល់​នេះ​ឯង។ នៅពេលដែលអាជីកម្មដើរស្រួល នោះម្ចាស់អាជីវកម្មអាចបង្កើនទីតាំងលក់ ទៅតាមតំបន់​ផ្សេងៗ​​បាន​​ដោយងាយស្រួល​។​ នៅដំណាក់កាលនេះ ម្ចាស់អាជីវកម្មត្រូវបង្កើតអតិថិជន​ប្រចាំ​ឲ្យ​បាន​ច្រើន និង​ធ្វើ​​យ៉ាង​ណា​ឲ្យ​កេរ្ដិ៍​ឈ្មោះមានការរីកសាយបានកាន់តែច្រើន ដើម្បីងាយស្រួលនៅ​ពេល​ដែ​លបើកហាងកាន់តែធំ មានអតិថិជនស្រាប់។

៥. មិនត្រូវការប្រព័ន្ធគ្រប់គ្រងស្មុគស្មាញ

អាជីវកម្មប្រភេទនេះ មិនត្រូវការប្រព័ន្ធគ្រប់គ្រងបែបស្មុគស្មាញអ្វីនោះទេ។ ពោលគឺ មិន​ចាំបា​ច់ត្រូ​វ​មា​ន​​គណនេយ្យករ ឬអ្នកទីផ្សារអ្វីនោះទេ។ ពេលខ្លះត្រូវការអ្នកគ្រប់គ្រងម្នាក់គឺគ្រប់គ្រាន់ហើយ ដែល​​​ភា​គ​ច្រើនគឺជាម្ចាស់ផ្ទាល់។

ជារួមមក គ្រប់អាជីវកម្មទាំងអស់សុទ្ធតែមានតម្លៃ ហើយគ្រប់អាជីវកម្មធំៗ គឺដំបូងឡើយ សុទ្ធតែ​ផ្ដើម​ចេញពីទំហំតូចទាំងអស់។ អ្នកអាចសាកល្បងពិភាក្សាគ្នាជាមួយមិត្ដភ័ក្ដិ ឬសាច់ញាតិរបស់អ្នក​ក្នុងការចាប់ផ្ដើមរបរណាមួយដែលអ្នកគិតថា កំពុងតែមានតម្រូវការពេលបច្ចុប្បន្ន និងទៅអនាគត៕

អត្ថបទដោយ៖ ឡាយ ឧត្ដម