ចំនុចសំខាន់ ៨យ៉ាងដែលអ្នកត្រូវធ្វើជាចាំបាច់មុនបង្កើតអាជីវកម្មថ្មី

ការបង្កើតអាជីវកម្មថ្មី វាជារឿងដែលអ្នកត្រូវធ្វើការយកចិត្តទុកដាក់ឲ្យបានច្រើន គ្រប់ផ្នែក ដើម្បីធានាថាអាជីវកម្មរបស់មិនដើរខុសផ្លូវ។ ក្រៅពីរឿងហិរញ្ញវត្ថុ អ្នកត្រូវមានការត្រៀមខ្លួនជាច្រើនចំណុចផ្សេងទៀត មុននឹងធ្វើការចាំផ្ដើមដំណើរការ។ ខាងក្រោមនេះជា ចំណុច៨យ៉ាងដែលអ្នកត្រូវគិតគូរមុនបង្កើតអាជីវកម្ម ក្រៅពីការរៀបចំហិរញ្ញវត្ថុ៖

១. ប្រឹក្សាជាមួយអ្នកជំនាញហិរញ្ញវត្ថុ និងពន្ធដារ

ក្រុមហ៊ុនបម្រើសេវាកម្មផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ និងអាជីវកម្ម គឺអាចជួយអ្នកក្នុងការសម្រេចចិត្តប្រើប្រាស់ដើមទុក និងការកាត់ពន្ធប្រកបដោយសុវត្ថិភាព និងចំណាយតិច។ ដោយហេតុថា ពួកគេដឹងពីលំហូរហិរញ្ញវត្ថុយ៉ាងដូចម្ដេចទើបអាចកាត់ពន្ធបានតិចជាងធម្មតា។

២. ជ្រើសរើសធនាគារ

ការជ្រើសរើសធនាគារ មកធ្វើជាដៃគូ វាពិតជាសំខាន់ខ្លាំងណាស់នៅពេលចាប់ផ្ដើមដំបូង។ ធនាគារជាអ្នកផ្ដល់ទុនឲ្យអ្នកវិនិយោគ និងជាអ្នកដែលជួយធ្វើឲ្យប្រតិបត្ដិការហិរញ្ញវត្ថុរបស់អ្នកដើរលឿន។ ប្រសិនបើអ្នកជ្រើសរើសយកធនាគារមិនបានសមស្របនឹងប្រភេទអាជីវកម្មអ្នក នោះរាល់ប្រតិបត្ដិការរបស់អ្នកនឹងមានភាពយឺតយ៉ាវ ដោយត្រូវតម្រូវឲ្យមានឯកសារពាក់ព័ន្ធច្រើន តែបើធនាគារឯកទេសក្នុងរបរអ្នក នោះពួកគេនឹងយល់ពីតម្រូវការរបស់អ្នក ហើយអាចមានការលើកទឹកចិត្តថែមទៀតផង។

៣. ប្រឹក្សាផ្នែកច្បាប់

ការប្រឹក្សាផ្នែកច្បាប់ ជារឿងមួយដែលមិនអាចខ្វះបាន នៅពេលចាប់ផ្ដើមអាជីវកម្ម ថាតើអាជីវកម្មរបស់អ្នក មានភាពសមស្របនឹងផ្លូវច្បាប់ដែរឬទេ?

៤. ជ្រើសរើសធានារ៉ាប់រង

ការជ្រើសរើសយកធនារ៉ាប់រង វាដូចទៅនឹងការជ្រើសរើសធនាគារដែរ ប្រសិនបើជ្រើសរើសមិនសមប្រកប នោះអ្នកប្រាកដជាមានការពិបាកមិនខាន។ អ្នកគួរតែជ្រើសរើសយកធានារ៉ាប់រងណាដែលអាចផ្ដល់ចំណេញឲ្យអ្នកច្រើនអតិបរមា និងធានាសុវតិ្ដភាពអាជីវកម្មអ្នក។

៥. ជ្រើសរើសដៃគូ និងតំណាងចែកចាយ

ប្រសិនបើអ្នកជាក្រុមហ៊ុនលក់ផលិតផល នោះអ្វីដែលអ្នកត្រូវធ្វើគឺការសហការជាមួយតំណែងចែកចាយរបស់អ្នកឲ្យបានត្រឹមត្រូវ។ ត្រូវជ្រើសរើសតំណាងចែកចាយដែលមានសមត្ថភាព និងមានភាពជាសហគ្រិន មានទំនូលខុសត្រូវ។

៦. ពង្រឹងផ្នែក Marketing & Sales

អ្វីដែលអ្នកត្រូវតែធ្វើជាចាំបាច់មុនគេ នោះគឺធនធានមនុស្សផ្នែកលក់។ អ្នកត្រូវរៀបចំពួកគេឲ្យបានត្រឹមត្រូវ និងបណ្ដុះបណ្ដាលពួកគេពីជំនាញលក់ និងធ្វើទីផ្សារ ដើម្បីធ្វើការជ្រៀតចូលក្នុងទីផ្សារចំគោលដៅ។

៧. បង្កើតបណ្ដាញសង្គមដែលមានឥទ្ធិពល

អ្នកមិនត្រូវពឹងផ្អែកតែលើការផ្សព្វផ្សាយតែតាមរយៈបុគ្គលិកផ្ទាល់នោះទេ ព្រោះល្បឿននៃការទទួលបានព័ត៌មានវាយឺត ដើរមិនទាន់គេ។ អ្នកត្រូវបង្កើតប្រព័ន្ធផ្សព្វផ្សាយដោយខ្លួនឯង តាមមធ្យោបាយនានា ដែលអ្នកគិតថាមានប្រសិទ្ធិភាព អាចផ្សព្វផ្សាយដល់អតិថិជនលឿនរហ័ស។

៨. ការផ្សាយពាណិជ្ជកម្ម

ការផ្សាយពាណិជ្ជកម្ម ជារឿងដែលមិនអាចខ្វះបាននៅក្នុងអាជីវកម្ម។ ការផ្សាយពាណិជ្ជកម្មនឹងធ្វើឲ្យផលិតផល​ និងកេរ្ដិ៍របស់ក្រុមហ៊ុនអ្នក ដិតដាមនៅជាមួយនឹងអតិថិជនគ្រប់ពេល។ ការផ្សាយពាណិជ្ជកម្ម ត្រូវធ្វើឡើងក្នុងគោលដៅផ្សេងៗគ្នា តួយ៉ាង ការផ្សាយដើម្បីលក់ផលិតផលបានច្រើនជាងមុន និងការផ្សាយដើម្បីបង្កើតកេរ្ដិ៍ឈ្មោះក្រុមហ៊ុនជាដើម៕

អត្ថបទដោយ៖ ឡាយ ឧត្ដម