ឆមាសទី ១ ឆ្នាំនេះ ភ្ញៀវទេសចរអន្តរជាតិចូលដើរកម្សាន្ដនៅ កម្ពុជា ធ្លាក់ចុះ -៥៥ ភាគរយ

យោងតាមរបាយការណ៍ ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ របស់ធនាគារជាតិនៃ កម្ពុជា ចេញផ្សាយនាពេលថ្មីៗ បានឲ្យដឹងថា វិស័យទេសចរណ៍ កម្ពុជា រយៈពេល ៦ ខែ ដើមឆ្នាំ ២០២០ នេះ មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ដោយសារតែវិបត្តិ កូវីដ ១៩ ដែលបានរីកសាយនៅជុំវិញពិភពលោក។

តាម​របាយការណ៍​ដដែលក៏បាន​បង្ហាញ​ផង​ដែរ​ថា ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មកដើរកម្សាន្ដនៅ ​កម្ពុជា បានធ្លាក់​ចុះ​រហូត​ដល់​ -៥៥ ​ភាគរយ ​ខណៈ​ឆ្នាំ​មុន មាន​កំណើន​ប្រមាណ​ ១១.២ ​ភាគរយ ។  ស្របពេលជាមួយគ្នានេះ ភ្ញៀវ​ចិន​នៅ​តែ​ឈរ​លំដាប់​ទី​ ១ ដដែល​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ក្នុង​ឆមាស​ទី​ ១​ នៃ​ឆ្នាំ​២០២០​នេះ ដែល​មាន​សមាមាត្រ​ប្រមាណ ​២២.៧​ ភាគរយ បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ប្រមាណ -៧១.៤​ភាគរយ ។

យ៉ាងណាមិញ ទាក់ទិននឹងប្រាក់​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរសម្រាប់ ៦ ខែដំបូងឆ្នាំ ២០២០ វិញ​គឺទទួលបានប្រមាណជាង ១៨ លានដុល្លារ ខណៈមានភ្ញៀវទេសចរបរទេសចំនួន ៣៨៧, ៨៤០នាក់ ប៉ុណ្ណោះ ដែលបានចូលទស្សនារមណីយដ្ឋានអង្គរ ដោយធ្លាក់ចុះ ៦៨.៨៣% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។​

បើយោងតាមការបញ្ជាក់របស់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន កាលពីចុងខែ មិថុនានេះថា អាជីវកម្ម​ទេសចរណ៍​ប្រមាណ ២៩៥៦ ទីតាំងត្រូវបានបង្ខំចិត្តបិទទ្វារ​បណ្ដោះអាសន្ន គិត​ត្រឹម​ខែ  ឧសភា ឆ្នាំ ​២០២០។ ​ ខណៈមាន​បុគ្គលិក​បម្រើ​ការងារ​ផ្ទាល់យ៉ាងហោចណាស់ ៤៥,៤០៥​ នាក់ បាន​ប៉ះពាល់​ដល់​ការងារ និង​បាត់បង់​ប្រាក់​ចំណូល ដែលបណ្តាល​មក​ពី​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ធ្លាក់​ចុះ ដោយសារ​វិបត្តិ កូ​វី​ដ​ ១៩​។

តែទោះបីជាយ៉ាងក៏ដោយ បើតាមប្រសាសន៍របស់លោក រដ្ឋមន្ត្រីដដែលបានឲ្យដឹងថា ចំពោះខេត្ត សៀមរាបវិញ  សញ្ញានៃការងើបឡើងចាប់ផ្ដើមមានជាបណ្តើរៗ​ វិញហើយ ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន ពិសេសសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន បានបើកដំណើរការអាជីវកម្មឡើងវិញដែរ។ ស្របពេលជាមួយគ្នា ក្រសួងទេសចរណ៍ក៏បានពង្រឹងកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុងការជំរុញអនុវត្តន៍ វិធានសុវត្ថិភាពទេសចរណ៍សទប់ស្តាត់ការរីករាលដាល នៃជំងឺកូវីដ១៩។

សូមបញ្ជាក់ កាលពីពេលកន្លងទៅរដ្ឋបាល​រាជធានី​ភ្នំពេញ ដោយបាន​ចេញ​សេចក្តីណែនាំមួយចំនួន ដោយ​មិន​ឲ្យ​ជួបជុំ ការ​បិទ​អាជីវកម្ម ក្លឹ​ប​កំសាន្ត ខារ៉ាអូខេ​ជាដើម ដើម្បីការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ រាជរដ្ឋាភិបាល កម្ពុជា ក៏បានចំណាយថវិកាប្រមាណជាង ១.១៦៤ លានដុល្លារអាមេរិក សម្រាប់គ្រប់គ្រង និងស្តារសេដ្ឋកិច្ចឡើងវិញផងដែរ៕

ដោយ៖ ស្រីពេជ្រ