ឆមាសទី ១ ឆ្នាំ ២០២០ ចំណូលពន្ធសម្រាប់ថវិកាជាតិប្រមូលបាន ជាង ១.៦ ពាន់លានដុល្លារ

គិតត្រឹមឆមាសទី ១ ដើមឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករ បានចំនួន ៦ ៨២០.៤៨ប៊ីលានរៀល (ប្រមាណជា ១ ៦៨៤.០៧លានដុល្លារអាមេរិក) ស្មើនឹង ៥៩.០៩% នៃផែនការប្រចាំឆ្នាំធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ដែលកើនឡើងចំនួន ៧៣៥,៨២ ប៊ីលានរៀល (ប្រមាណជា ១៨១.៦៨ លានដុល្លារអាមេរិក) ស្មើនឹង១២%។

នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២០ ដែលបានចូលរួមដោយ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ផងដែរថា ក្នុងឆមាសទី១ ឆ្នាំ២០២០ ចំណូលពីប្រភេទពន្ធ០២ នៅរក្សាកំណើនគួរឱ្យកត់សម្គាល់ក្នុងនោះ អាករលើតម្លៃបន្ថែមចំនួន ១ ៣៨៥.០៦ ប៊ីលានរៀល ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ កើនឡើង ៦៣.៧៩ ប៊ីលានរៀល ប្រមាណ៤.៨៣% និងពន្ធលើប្រាក់ចំណូលចំនួន ២ ៧១០.១៨ប៊ីលានរៀល ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ កើនឡើង ៥០៧.២៦ ប៊ីលានរៀល ប្រមាណ២៣,០៣%។

សម្រាប់ឆ្នាំ ២០២០ នេះផងដែរ លោក គង់ វិបុល ក៏បានបញ្ជាក់ថា ដើម្បីធានានូវប្រសិទ្ធភាព ក្នុងការអនុវត្តការប្រមូលចំណូលពន្ធបានគ្រប់តាមផែនការច្បាប់ ចំនួនប្រមាណ ១១ ៥៤៣.៣១ ប៊ីលានរៀល (ប្រមាណ ២ ៨៨៥,៨៣ លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀតនូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល កម្ពុជា។

សូមបញ្ជាក់ ក្នុង​រយៈពេល ១២ ​ខែ​ឆ្នាំ​ ២០១៩ ចំណូល​ពន្ធអាករ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលបានសរុប​មាន​ចំនួនប្រមាណ ២ ៨១៩.៣៣ លាន​ដុល្លារ ដែលកើន​លើស​ផែនការគ្រោងទុក​ប្រចាំ​ឆ្នាំ​ ២០១៩ ចំនួន ២៣.២០ ​ភាគរយ ​បើ​ធៀប​នឹង​ការប្រមូល​ចំណូល​កាលពី​ឆ្នាំ​ ២០១៨ គឺមាន​កំណើន ២៨.២៨ ​ភាគរយ​។

ជាចុងក្រោយ លោក គង់ វិបុល បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់ នៅតាមអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ដែលបាន និងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ហើយនេះគឺជាជោគជ័យ និងជាសមិទ្ធផលរួមរបស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល៕

ដោយ៖ ស្រីពេជ្រ