ជប៉ុនគ្រោងបន្តផ្តល់នូវហិរញ្ញប្បទានឥតសំណងជាង ២០លានដុល្លារ សម្រាប់គាំទ្រដល់វិស័យអប់រំ និងសុខាភិបាលកម្ពុជា

រដ្ឋាភិបាលជប៉ុន គ្រោងនឹងបន្តផ្តល់នូវហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងចំនួន២ មានទឹកប្រាក់សរុបប្រមាណ ២,៥០១ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២២.៧៣ លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់វិស័យអប់រំ និងសុខាភិបាលកម្ពុជា។ នេះបើយោងតាម លោក Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា។

ការលើកឡើងនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយមន្រ្តីការទូតជប៉ុន និងតំណាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅកម្ពុជា នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច។

ដើម្បីជាការឆ្លើយតប លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានរួម ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា រហូតមកជាពិសេសចំពេលដែលកម្ពុជា ក៏ដូចជាពិភពលោក កំពុងតែជួបវិបត្តិ និងការរាលដាលនៃជំងឺកូវីដ-១៩។

បន្ថែមពីនេះ លោកអគ្គបណ្ឌិតក៏បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន តែងតែជួយឧបត្ថម្ភ គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ចំគោលដៅ និងទាន់ពេលវេលា ជាពិសេសក្នុងពេលជួបការលំបាក។ សកម្មភាពទាំងនេះ ជាកាយវិការមនុស្សធម៌ដ៏ថ្លៃថ្លា ដែលឆ្លុះបញ្ចាំងឲ្យឃើញថា «ប្រទេសជប៉ុន គឺជាដៃគូយុទ្ធសាស្រ្តដ៏ប្រពៃ និងជាមិត្តភ័ក្តដ៏ល្អ សម្រាប់កម្ពុជា»។

លោកឯកអគ្គរាជទូត MIKAMI Masahiro ក៏បានជម្រាបអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលបាននាំមកនូវ សមិទ្ធផល ប្រកបដោយផ្លែផ្កាជាច្រើន ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។ ផ្អែកតាមស្មារតី នៃកិច្ចប្រជុំកំពូលអាស៊ានបូក៣ ស្តីពីជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០កន្លងទៅ រដ្ឋាភិបាលជប៉ុន បានបង្ហាញនូវជំហរ ជួយដល់បណ្តាប្រទេស ក្នុងតំបន់អាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលក្នុងនោះ ក៏មានប្រទេសកម្ពុជាផងដែរ។

បន្ថែមពីនេះ លោកក៏បានបន្ដថា រដ្ឋាភិបាលជប៉ុន នឹងបន្តផ្តល់ជំនួយបច្ចេកទេស, ហិរញ្ញប្បទានឥតសំណង ជាពិសេស ប្រាក់កម្ចីឥណទានសម្បទានផងដែរ សម្រាប់ជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ និងស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩។

គួរបញ្ជាក់ រាជរដ្ឋាភិបាលជប៉ុន គ្រោងនឹងផ្តល់នូវហិរញ្ញប្បទានឥតសំណង ទឹកប្រាក់ប្រមាណ ២,០០០លានយ៉េនជប៉ុន ត្រូវជាប្រមាណ១៨លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការផ្តល់ជាឧបករណ៍ សម្ភារ និងបរិក្ខារពេទ្យ ជូនក្រសួងសុខាភិបាល សម្រាប់ទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជាផងដែរ៕

ដោយ៖ ស្រីពេជ្រ​