ជប៉ុនបន្ដគាំទ្រដល់កម្ពុជា ដោយផ្តល់ជំនួយឥតសំណងជាង ៤១លានដុល្លារ លើគម្រោងអនុវត្ដន៍៣ បន្ថែមទៀត

រាជរដ្ឋាភិបាលជប៉ុន នៅតែបន្តផ្តល់ជំនួយឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៤,៥០១ លានយ៉េន (ជាង៤១លានដុល្លារអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្ដន៍គម្រោងចំនួន ៣ បន្ថែមទៀត។

ការប្រកាសនេះបានធ្វើឡើងកំឡុងពិធី ប្ដូរសារលិខិត និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហរិញ្ញប្បទានឥតសំណងនេះ ដែលត្រូវចុះហត្ថលេខាផ្ទាល់ដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលរៀបចំធ្វើឡើងនៅទីស្ដីការក្រសួងការបរទេស។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឲ្យដឹងថា គម្រោងដែលត្រូវអនុវត្តន៍ទាំង ៣ នេះ រួមមានដូចជា អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សចំនួន ៣៤៨ លានយ៉េន (ប្រមាណ ៣.២លានដុល្លារ)។ គម្រោង ធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបចំនួន ២,១៥៣លានយ៉េន (ប្រមាណ ១៩.៨លានដុល្លារ)។ កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្តល់សម្ភារវេជ្ជសាស្ត្រសម្រាប់ការការពារ និងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ ចំនួន ២,០០០លានយ៉េន (ប្រមាណ ១៨.៤០លានដុល្លារ)។

ជាមួយគ្នានេះ ហិរញ្ញប្បទានឥតសំណង ដែលផ្តល់ដោយរាជរដ្ឋាភិបាលជប៉ុនលើកនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា បញ្ជាក់ប្រាប់ថាវានឹងរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។

គួររំលឹកផងដែរ កាលពីថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០២០ កន្លងទៅនេះ តាមរយៈកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ជប៉ុនទើបតែប្រកាសផ្តល់ជំនួយឥតសំណង ៣២ លានដុល្លារ លើគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅក្រុងតាខ្មៅលើគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្រុងតាខ្មៅ (The Project for the Expansion of Water Suppy System in Ta Khmau)។

ចំពោះគម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើង នូវការទទួលបានទឹកស្អាតប្រកបដោយ សុវត្ថិភាពក្នុងក្រុងតាខ្មៅតាមរយៈ៖ ការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៣០០០០ម៉ែត្រគូបក្នុងមួយថ្ងៃ, ការសាងសង់ស្ថានីយបូមទឹកឆៅ និងបំពង់មេនាំទឹកឆៅ, ការសាងសង់បរិក្ខាសម្រាប់ចែកចាយទឹកស្អាត, ការបំពាក់ប្រព័ន្ធ SCADA សម្រាប់តាមដាន និងបញ្ជាដំណើរការរបស់រោងចក្រ ព្រមទាំងការផ្ទេរបច្ចេកវិទ្យាសម្រាប់ប្រតិបត្តិការ និងការថែទាំរោងចក្រដោយប្រើបទពិសោធ និងចំណេះដឹងពីប្រទេសជប៉ុន៕

ដោយ៖ ស្រីពេជ្រ