ជីប ម៉ុង លែន ត្រៀមខ្លួនកែប្រែមុខមាត់ថ្មី របស់ ហ្គ្រេន ភ្នំពេញ ស៊ីធី ទៅជាតំបន់គេហដ្ឋានដ៏ប្រណីតអស្ចារ្យមួយ

បន្ទាប់ពីត្រូវបាន ជីប ម៉ុង លែន ទិញយកទ្រព្យសម្បត្តិសកម្ម និងអាជីវកម្មទាំងស្រុង កាលពីចុងឆ្នាំ ២០១៩ កន្លងទៅ គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី នឹងត្រៀមកែប្រែមុខមាត់របស់ខ្លួនឲ្យក្លាយជាតំបន់គេហដ្ឋានដែលមានភាពប្រណីតមួយ ដើម្បីផ្ដល់ជូននូវអតិថិជនរបស់ខ្លួននៅភាពសម្បូរបែប និងការរស់នៅបែបស៊ីវិល័យ ។

នាព្រឹកថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២០ នេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ ជីប ម៉ុង លែន ប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី នេះហើយ។ ជាមួយគ្នានេះ គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី នឹងត្រូវសាងសង់នៅលើផ្ទៃដីធំសម្បើមរហូតដល់ ២៦០ ហិកតា និងកំពុងស្ថាបនាផ្លូវភ្លោះធំទូលាយជាច្រើនខ្វាត់ខ្វែង ដែលផ្តល់ភាពងាយស្រួលក្នុងការបើកបរ និងថ្មើរជើង អមដោយរុក្ខជាតិបៃតងធំៗសងខាងផ្លូវចាប់ពីខ្លោងទ្វារចូលរហូតដល់គេហដ្ឋាន។

បន្ថែមពីលើនេះ គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី នឹងអភិវឌ្ឍសួនច្បារ Central Park ដំបូងបំផុតនៅប្រទេសកម្ពុជា ដើម្បីធានាផ្តល់ជូននូវទិដ្ឋភាពស្រស់បំព្រង និងបទពិសោធន៍រស់នៅថ្មីយ៉ាងរស់រវើកដល់អតិថិជនរបស់ ជីប ម៉ុង លែន និងសាងសង់លំនៅឋានម៉ូតថ្មីសន្លាង ដែលមិនធ្លាប់មានពីមុនមកនៅតាមបណ្តាគម្រោងផ្សេងៗរបស់ ជីប ម៉ុង លែន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងប្រណិតភាពរបស់គម្រោងនេះផ្ទាល់។

លើសពីនេះ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលកីឡាដ៏ធំសម្បើម ក៏នឹងមានវត្តមាននៅគម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី អមជាមួយនឹងទីលានវាយកូនហ្គោល ហ្គ្រេន ភ្នំពេញ ស៊ីធី ដើម្បីផ្តល់នូវភាពស៊ីវិល័យ ផាសុកភាព និងភាពជឿជាក់ក្នុងការរស់នៅ។

លោកឧកញ៉ា លាង ហេនរី អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង លែន បាន​ថ្លែងប្រាប់យ៉ាងដូច្នេះថា៖  «ក្រុមហ៊ុនបាន​​ចំណាយ​ពេលអស់ច្រើនខែមកហើយ ដើម្បីធ្វើការការ​សម្រេច​បាន​​នូវការ​រៀបចំ​ប្លង់​មេសម្រាប់​ការអភិវឌ្ឍ ហ្គ្រេន ភ្នំពេញ ស៊ីធី ហើយបច្ចុប្បន្នក្រុមហ៊ុន​ក៏បាននឹងកំពុង​សាងសង់​នូវហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត ដើម្បីប្រែតំបន់មួយនេះ ឲ្យក្លាយទៅជាតំបន់​​មួយ​ដ៏អស្ចារ្យ សម្រាប់​ការរស់នៅ ការធ្វើពាណិជ្ជកម្ម និងពោរពេញ​ដោយ​ផ្ទៃ​បៃតង។

គួរបញ្ជាក់ផងដែរ គម្រោង ហ្គ្រេន ភ្នំពេញ ស៊ីធី នេះស្ថិតនៅតាមបណ្តោយមហាវិថី មិត្តភាពភ្នំពេញ-ហាណូយ (ផ្លូវហាណូយ) នៅកណ្តាលទីប្រជុំជនស្រាប់ ដែលក្នុងតំបន់នោះរួមមាន ផ្សារទំនើប សាលារៀន, មន្ទីរពេទ្យ, ស្ថាប័នរដ្ឋ និងឯកជននានា ក៏ដូចជាផ្លូវសំខាន់ៗ ទៀតផង៕

ដោយ៖ ស្រីពេជ្រ​