ជីប ម៉ុង ២៧១ មេហ្គាម៉ល គ្រោងនឹងបង្ហាញវត្តមានក្នុងឆ្នាំ ២០២២ ខណៈក្លាយជាមណ្ឌលផ្សារទំនើបដ៏ធំនៃភាគខាងត្បូងភ្នំពេញ

បន្ទាប់ពីចំណាយពេលសាងសង់អស់រយៈពេលជិត ២ ឆ្នាំ និងគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០២២ មណ្ឌល​ផ្សារទំនើបខ្នាត​អន្តរជាតិ​ ជីប ម៉ុង​ ២៧១ មេហ្គា​ម៉ល ត្រូវបានគេរំពឹងថានឹងក្លាយ​ជា​ផ្នែក​​មួយ​ក្នុង​ការធ្វើទំនើបកម្ម​ឧស្សាកម្ម​លក់​រាយ​នៅតំបន់ភាគខាងត្បូង​នៃរាជ​ធានី​ភ្នំពេញ។

ថ្លែងក្នុងពិធីចុះកិច្ចព្រមព្រៀងម៉ៅការ ការផ្គត់ផ្គង់ ការដំឡើងប្រព័ន្ធមេកានិច និង​ប្រព័ន្ធ​ភ្លើង រវាង​​មណ្ឌល​​​ផ្សារ​​​ទំនើប​​ ជីប ម៉ុង ២៧១ មេហ្គាម៉ល និង​​ក្រុមហ៊ុន​ DBD Engineering Co., Ltd លោកឧកញ៉ា លាង​ ឃុន ប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីប ម៉ុង បាន​មាន​ប្រសាសន៍​ថា​ ការ​ចុះ​កិច្ចព្រមព្រៀងទាំងនេះ ឆ្លុះបញ្ចាំងពីការដើរទៅមុខរហូតនៃរាល់គម្រោង អភិវឌ្ឍន៍ទាំងអស់របស់ក្រុមហ៊ុន ជីប ម៉ុង។

លោកឧកញ៉ា ក៏បានបន្ថែមទៀតថា «ការកសាង​មណ្ឌល​ផ្សារ​ ជីប ម៉ុង ២៧១ មេហ្គាម៉ល​ នេះឡើង​ក៏ជា​ការ​ចូលរួម​ចំណែក​យ៉ាងសកម្មក្នុងការ​ប្រែក្លាយ​មុខ​មាត់តំបន់​ភាគ​ខាងត្បួង​​នៃរាជធានីភ្នំពេញ​ឱ្យក្លាយ​ជា​តំបន់​ពាណិជ្ជកម្ម​ដ៏ទំនើប ​ស្របតាមយុទ្ធសាស្ត្រ​របស់រាជ​រដ្ឋាភិបាល​ក្នុង​ការ​បង្កើនតំបន់​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ធំៗ​ដោយ​ភ្ជាប់​នឹងភាព​បៃតង»។

ជាមួយគ្នានេះ លោក​ Stephane Pierron​ អគ្គនាយក​ស្តីទី​រ​បស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ក៏សម្ដែងនូវភាពជឿជាក់ទៅលើក្រុមហ៊ុន DBD​ Engineering ថានឹងរក្សាគុណតម្លៃក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យទាន់ពេលវេលាទៅតាមផែនការដែលបានគ្រោងទុក ដើម្បីចូលរួមចំណែកជាមួយ ជីប ម៉ុង ដើម្បីសាងសង់ មណ្ឌល​ផ្សារទំនើបដ៏អស្ចារ្យ និងធ្វើទំនើបកម្មវិស័យលក់ រាយក្នុងប្រទេសកម្ពុជាឲ្យលេចជារូបរាងក្នុងឆ្នាំ ២០២២។

គួរបញ្ជាក់ផងដែរ ​មណ្ឌល​ផ្សារទំនើបមួយនេះត្រូវបានរាយការណ៍មានទំហំ​វិនិយោគ​ ប្រមាណ​១៨០លានដុល្លារ​ និង​សម្រេចការសាងសង់​បានប្រមាណជាង​២០ភាគ​រយហើយ។ ផ្សារទំនើបខ្នាត​យក្សនេះ ​​មាន​ទីតាំងស្ថិតនៅក្នុងគម្រោងអភិវឌ្ឍ​ន៍អចល​ទ្រព្យ​​ ៤៣​ ហិកតា លែនម៉ាក ២៧១ របស់​ក្រុមហ៊ុន ជីប ម៉ុង លែន។ ហើយបន្ទាប់ពីសាងសង់រួចក្នុងឆ្នាំ ២០២២ ទៅតាមផែនការ ​​​នឹងត្រូវបានគេរំពឹងថាក្លាយ​ជា​មណ្ឌល​​​ផ្សារ​ទំនើប​ដ៏​ធំ​នៅភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ៕

ដោយ៖ ស្រីពេជ្រ