“ឈប់” ទាំង៨ ដែលអ្នកត្រូវធ្វើ ដើម្បីកសាងភាពស្ដុកស្ដម្ភនៅក្នុងជីវិត និងអាជីវកម្ម

នរណាៗក៏ចង់បាននូវភាពមានបាន ទាំងចំណេះដឹង និងទ្រព្យសម្បត្ដិ ប៉ុន្ដែអ្វីដែលជាបញ្ហា គឺមិនដឹងថាត្រូវធ្វើបែបណាដើម្បីបង្កើនភាពមានបានឲ្យខ្លួនឯង។ ខ្ញុំគិតថា ជាជំហ៊ានដំបូង មិនចាំបាច់ត្រូវគិតពីវិធីបង្កើនមាសប្រាក់អ្វីនោះទេ តែត្រូវគិតពីការកែប្រែផ្នត់គំនិតខ្លួនឯងសិន។ ខាងក្រោមនេះ វាផ្នត់គំនិតដែលគួរកែប្រែមុននឹងស្វែងរកភាពមានបាន៖

១. ឈប់រអ៊ូរទាំ

ការងារណាក៏លំបាកដែរ! ប្រសិនបើអ្នកចង់ទទួលផលតបស្នងធំធេង នោះអ្នកក៏ត្រូវតែបញ្ចេញកម្លាំងច្រើនដែរ។ ទូកធំ ក៏ត្រូវតែមានក្ដោងធំដែរ ដូច្នេះ ការរអ៊ូរទាំ វាមិនមែនជាដំណោះស្រាយនោះទេ។

២. ឈប់កំណត់ដែនកំណត់របស់ខ្លួនឯង

ការកំណត់ដែនកំណត់របស់ខ្លួនឯង វាប្រៀបដូចជាការដាក់កំហិតលើភាពជោគជ័យ និងភាពច្នៃប្រឌិតដ៏អស្ចារ្យរបស់ខ្លួនឯងអញ្ចឹង។ អ្នកនឹងមិនអាចរកឃើញអ្វីដែលថ្មី និងភាពស្ដុកស្ដម្ភបាននោះទេ ប្រសិនបើអ្នកមិនបានដើរចេញទៅមើលពិភពខាងក្រៅ។

៣. ឈប់បន្ទោសអ្នកដទៃ

គ្រប់យ៉ាងនឹងស្ថិតនៅក្នុងគ្រប់គ្រងរបស់អ្នក នៅពេលដែលអ្នកអាចគ្រប់គ្រងខ្លួនឯងបាន។

៤. ឈប់គិតអវិជ្ជមានចំពោះខ្លួនឯង

ចំណុចអាថ៌កំបាំងនៃភាពជោគជ័យ គឺការឲ្យតម្លៃលើការគិតរបស់ខ្លួនឯង។ ត្រូវមានទំនុកចិត្ត មានសតិសម្បជញ្ញៈ មានការគិតវិជ្ជមាន និងយល់ថាអ្វីគ្រប់យ៉ាងនឹងអាចទៅរួច។

៥. ឈប់ជាប់ផុងនឹងអតីតកាល

អតីតកាល ជាពិសេសអតីតកាលដែលអាក្រក់ៗ វាពិតជាមានឥទ្ធិពលខ្លាំងណាស់ចំពោះបច្ចុប្បន្នភាពរបស់អ្នក។ ប៉ុន្ដែវានឹងមិនមានផលប៉ះពាល់អ្វីសោះ នៅពេលដែលអ្នកចាកចេញពីវា និងទទួលស្គាល់ការពិត។

៦. ឈប់មានគំនិតអភិរក្សនិយម មិនហ៊ានចាកចេញពីComfort zoon (កន្លែងគ្មានហានិភ័យ)

ជោគជ័យ វាមិនដែលរត់មករកអ្នកនោះទេ ពោលគឺវាតម្រូវឲ្យអ្នកដើររកវានៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងជីវិតអ្នក។ អ្នកសាកស្រមៃទៅមើល៍ ប្រសិនបើអ្នកមិនហ៊ានចាកចេញពីអ្វីដែលអ្នកតែងតែធ្វើជារឿងរាល់ថ្ងៃ តើអ្នកនឹងអាចស្វែងរកភាពជោគជ័យថ្មីៗបានដោយរបៀបណា?

៧. ឈប់ធ្វើអ្វីដើម្បីបំពេញចិត្តអ្នកដទៃ ត្រូវធ្វើដើម្បីបំពេញចិត្តខ្លួនឯងម្ដង

មនុស្សខ្លះ ចូលចិត្ដធ្វើអ្វីដើម្បីឲ្យអ្នកដទៃសប្បាយចិត្ដ។ មនុស្សខ្លះ មានការអារម្មណ៍ភ័យខ្លាច អ្នកដទៃរិះគន់ និងមិនសប្បាយចិត្តចំពោះខ្លួន។ ប្រហែលជាដូច្នេះ បានជាមានមនុស្សជាច្រើនសុខចិត្ដពាក់ស្រោមមុខរបស់មនុស្សផ្សេងដែលគេចូលចិត្ត តែមិនប្រើភាពពិតប្រាកដរបស់ខ្លួនឯង។

៨. ឈប់តាំងខ្លួនជាមនុស្សដែលតែងតែត្រូវរហូត

តំណមមួយនៃការបង្កើតភាពស្ដុកស្ដម្ភ គឺការគិតថាខ្លួនឯងតែងតែត្រូវរហូត។ ការមិនចេះទទួលយកគំនិតរបស់អ្នកដទៃ និងការតាំងខ្លួនឯងជាធំ វាជាមាគ៌ាដែលនាំអ្នកទៅរកជ្រោះជ្រៅនៃភាពបរាជ័យ៕

សម្គាល់៖ គ្មានផ្នែកណាមួយនៃអត្ថបទនេះ ត្រូវបានចំលង និងកែច្នៃយកទៅប្រើប្រាស់បន្ដ ដោយមិនមានការសុំការអនុញ្ញាតពីអ្នកនិពន្ធឡើយ។

អត្ថបទដោយ៖ ឡាយ ឧត្ដម