ដើមកំណើតនៃក្រុមហ៊ុន Alibaba និងរឿងរ៉ាវនៃភាពបរាជ័យរបស់លោក Jack Ma

Jack Ma (Ma Yun) គឺជាស្ថាបនិកម្នាក់របស់ក្រុមហ៊ុនយក្ស Alibaba ដែលជាទីផ្សារលក់ទំនិញអនឡាញមួយដែលធំនៅក្នុងប្រទេសចិន។ Jack Ma ក៏ជាមហាសេដ្ឋីប្រាក់ពាន់លានម្នាក់ដែលពិភពលោកទទួលស្គាល់ ហើយគាត់ក៏ជាមនុស្សដែលចូលចិត្តចែករំលែកចំណេះដឹងដល់អ្នកដទៃជាហូរហែរផងដែរ នាពេលកន្លងមក។ បច្ចុប្បន្នលោក Jack Ma បានចូលនិវត្ដន៍ពីប្រធានគ្រប់គ្រងនៅ Alibaba ហើយ ពោលគឺនៅក្នុងវ័យ៥៤ឆ្នាំ ហើយអ្នកដែលមកជំនួសតំណែងលោក គឺលោក Daniel Zhang ដែលជាមនុស្សពូកែម្នាក់នៅក្នុងក្រុមហ៊ុន។ នៅពេលដែលលោកប្រកាសចូលនិវត្ដន៍ លោកក៏ធ្លាប់បានលើកឡើងថា លោកនឹងចូលខ្លួនទៅក្នុងវិស័យអប់រំសារជាថ្មី និងកាន់តែមុជជ្រៅជាងមុន ដោយលោកនឹងជួយរដ្ឋាភិបាលនៅក្នុងការកែប្រែប្រព័ន្ធអប់រំនៅប្រទេសចិន ឲ្យកាន់តែល្អប្រសើរជាងមុន ដែលជាវាក្ដីស្រមៃ និងស្របនឹងចំណង់ចំណូលចិត្តក្នុងការបង្រៀនរបស់លោកផងដែរ។

លោក Ma កើត និងធំធាត់នៅក្នុងគ្រួសារក្រីក្រមួយនៅក្នុងខេត្ត Zhejiang នៃប្រទេសចិន នៅក្នុងឆ្នាំ១៩៦៤។ ដោយសារតែភាពលំបាក លោកបានដឹងខ្លួនយ៉ាងច្បាស់ ថា មានតែការអប់រំទេ ទើបធ្វើឲ្យលោកអាចចាកផុតពីភាពក្រីក្របាន។ ហេតុដូច្នេះហើយ បានជាលោក តស៊ូព្យាយាម ម្ដងហើយម្ដងទៀត ដើម្បីបានចូលរៀននៅថ្នាក់មហាវិទ្យាល័យ។ ប៉ុន្ដែ លោកធ្លាក់ម្ដងហើយម្ដងទៀត, ម្ដងជាពីរដង តែលើកទី៣គាត់ក៏ប្រលងជាប់ និងបានចូលរៀននៅថ្នាក់មហាវិទ្យាល័យដូចគេដែរ។

បន្ទាប់ពីរៀនចប់ គាត់ក៏បានដាក់ពាក្យទៅធ្វើការនៅកន្លែងការងារជាច្រើននៅក្នុងប្រទេស ប៉ុន្ដែត្រូវបានគេបដិសេធទាំងអស់ សូម្បីតែធ្វើជាអ្នករត់តុនៅ KFC ក៏គេមិនឲ្យធ្វើដែរ។

ក្រោយមក គាត់ក៏ទទួលបានការងារមួយដែលជាគ្រូបង្រៀនភាសាអង់គ្លេស ប៉ុន្ដែទទួលបានប្រាក់ខែតែ១២ដុល្លារអាមេរិកតែប៉ុណ្ណោះក្នុង១ខែ។ បន្ទាប់មកទៀត គាត់ក៏មានឱកាសទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដែលនៅទីនោះហើយ ដែលគាត់ត្រូវបានគេណែនាំប្រាប់ពីការប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតជាលើកដំបូង។ លោក Ma នៅចាំមិនភ្លេចនូវពាក្យដំបូងដែលលោកបានស្វែងរកនៅក្នុងអ៊ីនធើណេត ដែលពាក្យនោះគឺ Beer។ ស្រាបៀរជាច្រើនបានបង្ហាញនៅចំពោះមុខគាត់ ប៉ុន្ដែគាត់បានចាប់អារម្មណ៍ថា​ គ្មានស្រាដែលផលិតនៅប្រទេសចិនសូម្បីតែមួយ។ នៅពេលនោះហើយដែលគំនិតនៃការបង្កើតក្រុមហ៊ុនអ៊ីនធើណេតនៅក្នុងប្រទេសចិនចាប់ផ្ដើមផុសនៅក្នុងខួរក្បាលគាត់។ គាត់បានបរាជ័យជាច្រើនដង ហើយចុងក្រោយគាត់នៅតែអាចធ្វើបាន។

នៅក្នុងឆ្នាំ១៩៩៩ Jack Ma រួមទាំងមិត្ដភក្ដិរបស់លោក១៩នាក់ផ្សេងទៀត បានពិភាក្សាគ្នាពីគំនិតមួយ ដែលជាប្រភពនៃការបង្កើតទ្រព្យសម្បត្ដិយ៉ាងច្រើនមហាសាលឲ្យលោកដល់ពេលបច្ចុប្បន្ន នោះគឺគំនិតនៅក្នុងការបង្កើតទីផ្សារលក់ទំនិញអនឡាញ ​Alibaba។ មិនដល់២ខែស្រួលបួលផង ក្រុមហ៊ុនរបស់លោកបានទទួលទុនវិនិយោគខ្ទង់លានដុល្លារឯណោះពីវិនិយោគិន។

នៅពេលនោះ ក្រុមហ៊ុន Alibaba បានចេញផ្សាយ និងដាក់លក់ប័ណ្ណភាគហ៊ុននៅក្នុងទីផ្សារដំបូងIPO ដែលបានប្រមូលទុនបានជាង២៥ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យលោកក្លាយជាអ្នកមានស្ដុកស្ដម្ភមា្នក់នៅក្នុងប្រទេសចិន និងមានឥទ្ធិពលខ្លាំងទៅលើសហគ្រិនក្មេងៗជាច្រើននាពេលបច្ចុប្បន្ន។

អ្វីដែលអ្នកអាចរៀនសូត្របានពីរឿងរ៉ាវទាំងនេះនោះគឺ៖ អ្នកត្រូវដឹងថា មិនមែនមានតែអ្នកម្នាក់ឯងទេ ដែលបរាជ័យ មនុស្សជាច្រើនកំពុងតែបរាជ័យ ហើយអ្នកខ្លះក៏បរាជ័យជាងអ្នកទៅទៀត។ ពេលខ្លះ អ្នកគួរអរគុណដល់ភាពបរាជ័យរបស់អ្នក ពីព្រោះថារឿងដែលអ្នកប៉ងប្រាថ្នាខ្លះ វាពិតជាមិនសាកសមឲ្យអ្នកប្រឹងប្រែងដើម្បីវាពិតមែន ប៉ុន្ដែអ្នកសាកសមនឹងប្រឹងប្រែងដើម្បីធ្វើរឿងមួយដែលអស្ចារ្យជាងអ្វីដែលអ្នកកំពុងតែប៉ងប្រាថ្នានោះទៅទៀត។

អ្នកសាកគិតទៅមើល ប្រសិនបើក្រុមហ៊ុនដែលលោកJack Ma បានដាក់ពាក្យធ្វើការនៅពេលនោះទទួលយកគាត់ តើពេលនេះអាចមានក្រុមហ៊ុនយក្ស Alibaba ដែរឬទេ? ចម្លើយមិនប្រាកដថាមាននោះទេ។ គិតបែបវិជ្ជមាន ពេលខ្លះភាពជោគជ័យ និងបរាជ័យវាហាក់ដូចជាប្រស្នាជីវិតដែលមនុស្សយើងត្រូវការជីកកកាយ។ ប្រសិនបើជីកចំរណ្ដៅបរាជ័យ នោះអ្នកនឹងទទួលបាននូវភាពបរាជ័យ ប៉ុន្ដែបើអ្នកជីកចំរណ្ដៅជោគជ័យ នោះភាពជោគជ័យប្រាកដជាក្លាយជារបស់អ្នក ប៉ុន្ដែពេលខ្លះ ភាពជោគជ័យដែលអ្នកទទួលបានវាអាចជាមិនមែនជាភាពជោគជ័យពិតប្រាកដ។ ដូចលោក Jack Ma អញ្ចឹង ដំបូងលោកខិតខំស្វែងរកការងារ ប៉ុន្ដែបរាជ័យទាំងអស់ ក្រោយមក លោកក៏ទទួលបានការងារដែលចាត់ទុកថាជាភាពជោគជ័យមួយ ប៉ុន្ដែភាពជោគជ័យនេះ មិនមែនជាភាពជោគជ័យពិតប្រាកដនោះទេ លោកក៏ខិតខំបង្កើតភាពជោគជ័យមួយទៀតឲ្យខ្លួនលោក នោះគឺការកសាងក្រុមហ៊ុន Alibaba។ ហេតុដូច្នេះហើយ ជីវិត​គឺ​តម្រូវឲ្យអ្នកដើរទៅមុខជានិច្ច៕

អត្ថបទដោយ៖ ឡាយ ឧត្ដម