ដើម្បីអាចកសាងទ្រព្យសម្បត្ដិបាន លុះត្រាតែអ្នកយល់អ្វីជាទ្រព្យ និងអ្វីជាបំណុលសិន

បើតាមលោក Robert Kiyosaki មានមនុស្សជាច្រើនបានសួរលោក ពីវិធីក្លាយជាអ្នកមានឆាប់។ លោក​​តែង​តែ​មានភ្ញាក់ផ្អើលនៅពេលឮសំនួរនេះម្ដងៗ ដោយតែពួកគេតែងតែសួរសំនួរខុស និងជាសំនួរដែលមិនដែលមានចម្លើយ។ លោក និយាយថា នៅពេលដែលនរណាម្នាក់សួរបែបនេះ គឺមានន័យថា ពួកគេមិនបានស្វែងយល់ និងមិនយល់ពីមូលដ្ឋានគ្រឹះនៃភាពឆ្លាតវៃខាងហិរញ្ញវត្ថុនោះទេ។

តាមពិតទៅ ភាពជាអ្នកមាន គឺមិនមែនសំដៅដល់ប្រាក់ចំណូលដែលអ្នករកបាននោះទេ តែវាសំដៅដល់តើអ្នកសល់ប្រាក់ប៉ុន្មាននៅក្នុងដៃ?

ដើម្បីអាចក្លាយជាអ្នកមានបានលុះត្រាតែអ្នកយល់ដឹងពីអ្វីជាទ្រព្យ និងអ្វីជាបំណុលសិន។ ឪពុកអ្នកក្ររបស់លោក Robert បានប្រាប់លោកថា “កូនត្រូវតែអានសៀវភៅ” ប៉ុន្ដែ ឪពុកអ្នកមានបានប្រាប់លោកថា “ចូរកូនស្វែងយល់ពីចំណេះដឹងហិរញ្ញវត្ថុឲ្យបានច្រើន”។ តាមពិតទៅ ពួកគាត់ទាំង២សុទ្ធតែនិយាយត្រូវ។ អានសៀវភៅ និងរៀនសូត្រ វាពិតជាសំខាន់ ប៉ុន្ដែប្រសិនបើឲ្យជ្រើសមួយ លោក Robert នឹងជ្រើសយកការកសាងចំណេះដឹងផ្នែកហិរញ្ញវត្ថុ។

តើអ្វីជាទ្រព្យ?

អត្ថន័យសាមញ្ញនៃទ្រព្យ គឺជាអ្វីៗដែលអាចបង្កើតប្រាក់ដាក់ចូលទៅក្នុងហោប៉ាវរបស់អ្នក។ ប៉ុន្ដែសម្រាប់អ្នកជំនាញខាងហិរញ្ញវត្ថុជាច្រើន ពួកគេឲ្យនិយមន័យតាមបែបគណិតវិទ្យា ដែលស្មុគស្មាញ ដែលធាតុពិតវាគឺជាទ្រព្យដែលអ្នកអាចរកចំណូលបានដាក់ចូលក្នុងហោប៉ាវអ្នកសោះ។ មានរបស់មួយចំនួនធំដែលត្រូវបានចាត់ទុកថាជាទ្រព្យ ដូចជាការវិនិយោគលើអចលនទ្រព្យ ការបើកអាជីវកម្ម ការបង្កើតផលិតផលដើម្បីលក់ ឬភាគលាភដែលបានមកពីភាគហ៊ុន ឬប័ណ្ណបំណុលជាដើម។ សម្រាប់អ្នកមាន ពួកគេតែងផ្ដោតលើការកសាងទ្រព្យ ច្រើនជាងកសាងបំណុល។

តើអ្វីជាបំណុល?

បើឲ្យនិយមន័យបែបសាមញ្ញ បំណុល គឺជាអ្វីដែលធ្វើឲ្យអ្នកដកប្រាក់ចេញពីហោប៉ាវរបស់អ្នក។ អ្វីដែលអាចចាត់ទុកជាបំណុល នោះគឺ រថយន្ដរបស់អ្នក ការដើរកំសាន្ដ សម្លៀកបំពាក់ ការញ៉ាំអាហារខាងក្រៅ និងការចំណាយផ្សេងៗដែលមិនចាំបាច់។ ប្រសិនបើអ្នកក្រលេកមើល របាយការណ៍រហិញ្ញវត្ថុរបស់អ្នកក្រ នោះអ្នកនឹងឃើញគឺពោរពេញទៅដោយបំណុល ដែលមិនមែនជាទ្រព្យនោះទេ។

ភាពខុសគ្នារវាងអ្នកមាន និងអ្នកក្រ គឺកើតចេញពីចំណេះដឹងផ្នែកហិរញ្ញវត្ថុនេះឯង ដែលចែកមិនច្បាស់អ្វីជាទ្រព្យ និងអ្វីជាបំណុល ហើយពេលខ្លះ អ្នកក្រ តែងតែយល់បំណុលថាជាទ្រព្យ ដែលឲ្យលំហូរសាច់ប្រាក់របស់ពួកគេតែងតែចេញ គ្មានចូល៕

អត្ថបទដោយ៖ ឡាយ ឧត្ដម