ដោយសារតែ Facebook និង Twitter បដិសេធ ធ្វើឲ្យបុរសម្នាក់នេះងាកមកបង្កើត WhatsApp រហូតទទួលបានជោគជ័យ

នេះ គឺជារឿងរ៉ាវរបស់បុរសម្នាក់ដែលធ្លាប់ត្រូវបាន Facebook និង Twitter បដិសេធ ហើយនៅទីបំផុត បុរសម្នាក់នេះក៏បានក្លាយជាស្ថាបនិកនៃក្រុមហ៊ុនWhatsApp។ ម្នាក់នោះគឺ លោកមហាសេដ្ឋី Brian Acton។ លោក Brian គឺជាអ្នកជំនាញវិទ្យាសាស្ត្រកុំព្យូទ័រម្នាក់នៅក្នុងសហរដ្ឋអាមេរិក។ លោកកើតនៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ១៩៧២ នៅក្នុងរដ្ឋ Michigan នៃសហរដ្ឋអាមេរិក។ លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Stanford លើមុខជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ។ នៅក្នុងដំណើរជីវិតការងាររបស់លោក វាហាក់ដូចជាការផ្សងព្រេងមួយដ៏អស្ចារ្យអញ្ចឹង។

នៅក្នុងឆ្នាំ ១៩៩០ លោកបានធ្វើការនៅក្នុងក្រុមហ៊ុន Apple ដែលមាននាទីជាអ្នកធ្វើតេស្ដផលិត​ផល ហើយលោកក៏ជាអ្នកដែលចូលរួមបង្កើតកម្មវិធី Adobe ផងដែរ។

ក្រោយមក ពោលគឺនៅក្នុងឆ្នាំ១៩៩៦ លោកបានចូលបម្រើការនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយទៀតគឺ Yahoo ដែលជាបុគ្គលិកទី៤៤នៃក្រុមហ៊ុននេះ។

នៅក្នុងឆ្នាំ២០០៧ លោកក៏សម្រេចចិត្តលាឈប់ពីក្រុមហ៊ុន Yahoo ដើម្បីទៅរកបទពិសោធន៍ថ្មី និងធ្វើអ្វីដែលលោកគិតថា ជាក្ដីស្រមៃរបស់ខ្លួនឯងម្ដង។ លោកក៏ចាប់ផ្ដើមស្វែងរកការងារធ្វើម្ដងទៀត។ បើទោះបីជាលោកមានបទពិសោធន៍ជាង១០ឆ្នាំខាងបច្ចេកវិទ្យាពីក្រុមហ៊ុន Apple និង Yahoo ក៏ដោយ ក៏លោកនៅតែត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាពីរបដិសេធ។ ក្រុមហ៊ុនទី១ គឺ Facebook ដែលមានបដិសេធលោកនៅក្នុងខែសីហា ឆ្នាំ ២០០៩ ហើយក្រុមហ៊ុនទី២​ គឺ Twitter។

បើទោះបីជាលោក ត្រូវបានក្រុមហ៊ុនខ្នាតយក្សទាំងពីរ នោះបដិសេធទទួលយកលោក ក៏លោកនៅតែមិនអស់សង្ឃឹម។ លោកក៏សម្រេចចិត្តឈប់ស្វែងរកការងារពីក្រុមហ៊ុននានាទៀត ប៉ុន្ដែលោកចាប់ផ្ដើមមកផ្ដោតទៅលើការបង្កើតក្រុមហ៊ុនខ្លួនឯងម្ដង ដោយលោកគិតថា​ ក្រៅពីក្រុមហ៊ុនខ្នាតយក្យទាំងអស់នេះ គឺគ្មានក្រុមហ៊ុនណាដែលសាកសមនឹងសមត្ថភាពរបស់លោកទៀតនោះទេ។ ដូច្នេះជម្រើសចុងក្រោយមានតែបង្កើតក្រុមហ៊ុនខ្នាតយក្សខ្លួនឯង។

បន្ដមកទៀត Brian បានជួបពិភាក្សាគ្នាជាមួយអតីតមិត្តរួមការងាររបស់លោកម្នាក់ដែលធ្លាប់ធ្វើការជាមួយលោកកាលពីនៅ Yahoo ដែលមានឈ្មោះថា Jan Koum ដើម្បីនិយាយពីគម្រោងបច្ចេកវិទ្យាមួយ។

មួយរយៈកាលក្រោយមក បុរសទាំងពីរនេះ បានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា WhatsApp ហើយបានក្លាយជាកម្មវិធីផ្ញើសារតាមទូរសព្ទដែលធំជាងគេនៅក្នុងពិភពលោកក្នុងរយៈដ៏ខ្លី។

នៅកាលនោះ WhatsApp បានក្លាយជាដៃគូប្រកួតប្រជែងធំបំផុតរបស់ Messenger នៃក្រុមហ៊ុន Facebook របស់លោក Mark Zuckerberg។ នៅទីបំផុត ក្នុងខែកុម្ភៈ ឆ្នាំ២០១៤ Facebook បានសម្រេចចិត្តទិញយកភាគហ៊ុន WhatsApp រហូតដល់ទៅ ១៩ពាន់លានដុល្លារអាមេរិក ពីទីផ្សារហ៊ុន ដែលទំហំនៃការទិញនេះ គឺជាចំនួនដ៏ច្រើនមិនធ្លាប់មាននៅក្នុងប្រវត្ដិសាស្ត្ររបស់ក្រុមហ៊ុន។ តាមរយៈការទិញដូរភាគហ៊ុននេះ បានធ្វើឲ្យលោក Brian នៅសល់តែ២០%ប៉ុណ្ណោះនៃទ្រព្យសម្បត្ដិទាំងមូលរបស់ WhatsApp ។ ជាលទ្ធផល ដោយសារតែការទិញយក WhatsApp របស់ Facebook បានធ្វើឲ្យទ្រព្យសម្បត្ដិសុទ្ធរបស់លោក Brian ហក់ឡើងរហូតដល់ទៅ ៣ពាន់លានដុល្លារអាមេរិក។ ប៉ុន្ដែបច្ចុប្បន្ននេះលោកនៅសល់ទ្រព្យសម្បត្ដិសុទ្ធប្រហែលជា ២.៥ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ។

Brian និងប្រពន្ធរបស់លោ​ក ត្រូវបានគេស្គាល់ថា ជាមនុស្សដែលបានរួមចំណែកយ៉ាងច្រើននៅក្នុងកិច្ចការមនុស្សធម៌ ជាពិសេសការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន។ កាលពីពេលកន្លងទៅ លោក និងភរិយា បានផ្ដល់ជំនួយមនុស្សធម៌រហូតដល់ទៅច្រើនជាង១ពាន់លានដុល្លារអាមេរិករួចមកហើយ។ លោក Brian Acton បានក្លាយជាមហាសេដ្ឋីដែលជាប់លំដាប់ថ្នាក់ទី ៨៣៦ នៅក្នុងពិភពលោក នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes លោកជាប់លេខរៀងទី ១២០ ផងដែរ ដែលជាអ្នកមានបំផុតនៅក្នុងសហរដ្ឋអាមេរិក។

អ្នកសាកស្រមៃទៅមើល នៅពេលលោកត្រូវបានក្រុមហ៊ុនយក្សទាំងពីរនោះបដិសេធ ហើយលោកស្រាប់តែបោះបង់ចោលខ្លួនឯង ឬក៏ប្រសិនបើ លោកនៅតែធ្វើការនៅក្នុងក្រុមហ៊ុន Yahoo បន្ដទៅទៀត តើនឹងមាន WhatsApp ថ្ងៃនេះដែរឬទេ?

នាពេលបច្ចុប្បន្ននេះ លោក Brian កំពុងតែដាក់ឲ្យដំណើរការកម្មវិធីមួយដែលមានឈ្មោះថា Signal Foundation ដែលជាកម្មវិធីការពារការបែកធ្លាយសារសំងាត់ផ្សេងៗ និងការពារភាពជាឯកជនរបស់អ្នកប្រើប្រាស់ ដែលភាគច្រើនត្រូវបានប្រើប្រាស់ដោយអ្នកកាសែត និងសកម្មជនសិទ្ធិមនុស្ស។

សម្រាប់រឿងនេះ លោក Brian បានផ្ដល់មេរៀនយ៉ាងសំខាន់ដល់យើងគ្រប់គ្នាថា “យើងមិនអាចដឹងបានទេ ថានឹងមានរឿងអ្វីនឹងកើតឡើងចំពោះជីវិតរបស់យើងនៅថ្ងៃបន្ទាប់ ឬថ្ងៃស្អែក។ អ្នកគ្រាន់តែត្រូវដឹងថា អ្នកត្រូវព្យាយាមឲ្យអស់ពីកម្លាំងកាយចិត្ត នៅថ្ងៃស្អែក។ ការត្រូវបានគេបដិសេធម្ដង នឹងធ្វើឲ្យយើងរឹងមាំ និងអាចឆ្ពោះទៅមុខបានរាប់សិបដងឯណោះ”

ខ្ញុំមិនដឹងថាអត្ថបទមួយនេះ នឹងត្រូវបានជនអសមត្ថភាព និងស្ថាប័នខិតខូចដែលរស់ដោយសារតែអត្ថបទគេ ចម្លង និងកែច្នៃយកទៅប្រើបម្រើប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងដូចម្ដេចទៀតនោះទេ ប៉ុន្ដែយ៉ាងហោចណាស់ ក៏ពួកគេទាំងនោះបានអាន និងរៀនសូត្រតាមរយៈអត្ថបទនេះដែរ។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ពួកគេនឹងយល់ពីតម្លៃនៃការតែងនិពន្ធយ៉ាងពិតប្រាកដ!

អត្ថបទដោយ៖ ឡាយ ឧត្ដម