ដំបូន្មាននៃការប្រើប្រាស់ហិរញ្ញវត្ថុរបស់លោក Warren Buffett ទាំង ៥ចំនុចដែលអ្នកចាំបាច់ត្រូវដឹង

មហាសេដ្ឋីលោក លោក Warren Buffett ដែលត្រូវបានគេចាត់ទុកថាជាកំពូលអ្នកវិនិយោគ ដោយហេតុថា រាល់ការវិនិយោគដែលលោកបានវិនិយោគគឺជានិច្ចកាលតែងទទួលបាននូវភាពជោគជ័យជានិច្ច។ ចំពោះចំណុចនេះ មានសហគ្រិន និងមហាជនជាច្រើនបានចោទសួរលោកផងដែរ ហើយលោកក៏តែងតែបានធ្វើការចែករំលែកនូវគន្លឹះមួយចំនួនដូចខាងក្រោម៖

១. ចំណូល៖ ចូរអ្នកកុំពឹងផ្អែកតែលើប្រភពចំណូលតែមួយ ត្រូវធ្វើការស្វះស្វែងបង្កើតប្រភពចំណូលមួយហើយមួយទៀត។ ការបង្កើតប្រភពចំណូលឲ្យបានលើសពីមួយ វាជាអ្វីដែលអ្នកមានគ្រាក់ៗនៅក្នុងលោកនេះកំពុងតែអនុវត្ដ និងប្រើប្រាស់។ វាជារបៀបនៃការប្រើប្រាស់ហិរញ្ញវត្ថុដ៏ឆ្លាតវៃមួយ ដែលជួយដោះស្រាយបញ្ហាកង្វះលំហូរសាច់ប្រាក់។

២. ការចំណាយ៖ ប្រសិនបើអ្នកទិញនូវអ្វីដែលអ្នកមិនត្រូវការ នោះមិនយូរមិនឆាប់អ្នកនឹងលក់អ្វីដែលអ្នកត្រូវការជាមិនខាន។ ការចំណាយប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗពិតជាសំខាន់ ប្រសិនបើមិនចាំបាច់មិនត្រូវចំណាយប្រាក់ខ្ជះខ្ជាយនោះទេ។

៣. ការសន្សំ៖ ចូរអ្នកកុំធ្វើការសន្សំបន្ទាប់ពីការចាយសល់ តែត្រូវចាយអ្វីដែលសល់ពីចំណែកដែលបានកាត់សន្សំ។ របៀបនៃការសន្សំប្រាក់ដែលមានប្រសិទ្ធិភាពគឺ ត្រូវកាត់ចំណែកសន្សំទុកមុននឹងចាយ បើមិនដូច្នេះទេ អ្នកមានប៉ុណ្ណា ប្រាកដជាចាយប៉ុណ្ណឹងជាមិនខាន។

៤. ការប្រថុយប្រថាន៖ កុំធ្វើការស្ទង់មើលជម្រៅទឹកទន្លេ ដោយប្រើជើងទាំងពីររបស់អ្នក។ ការប្រថុយថាន នៅក្នុងអាជីវកម្មវាជារឿងដែលធម្មតាទៅហើយ ប៉ុន្ដែក៏មិនត្រូវទទួលយកការប្រថុយប្រថានដោយឆោតល្ងង់ដែរ។ ត្រូវធ្វើការស្ទង់ស្ទាបសិន ចាំសម្រេចទទួលយកភាពប្រថុយប្រថាន។

៥. ការវិនិយោគ៖ កុំដាក់ស៊ុតទាំងអស់របស់អ្នកចូលក្នុងកន្ត្រក់តែមួយ។ វាជាការពិត អ្នកមិនត្រូវពឹងតែលើរបរតែមួយមុខដើម្បីអាចក្លាយជាអ្នកមាននោះទេ។ អ្នកត្រូវប្រើប្រាស់ប្រាក់ជាចំណែកៗ សម្រាប់វិនិយោគអ្វីផ្សេងៗ ពោលគឺបើខាតមួយ វាក៏មិនបាត់បង់ទាំងអស់ដែរ។

៦. ការរំពឹងទុក៖ ភាពស្មោះត្រង់គឺអំណោយដ៏មានតម្លៃបំផុត ប៉ុន្ដែចូរអ្នកកុំរំពឹងថាបានវាពីមនុស្សថោកទាបឲ្យសោះ។ ធ្វើជាអ្នករកស៊ី អ្វីដែលសំខាន់បំផុតគឺ ចិត្ដស្មោះត្រង់។ ស្មោះត្រង់នឹងអតិថិជន ស្មោះត្រង់នឹងដៃគូជំនួញ ស្មោះត្រង់នឹងសតិសម្បជញ្ញៈរបស់ខ្លួនឯង។ សេចក្ដីស្មោះត្រង់នេះ អ្នកនឹងទទួលបានពីមនុស្សគ្រប់គ្នា លើកលែងតែជនដែលមានគំនិតថោកទាបរួចទៅហើយ៕

សម្គាល់៖ គ្មានផ្នែកណាមួយនៃអត្ថបទនេះ ត្រូវបានចំលង និងកែច្នៃយកទៅប្រើប្រាស់បន្ដ ដោយមិនមានការសុំការអនុញ្ញាតពីអ្នកនិពន្ធឡើយ។

អត្ថបទដោយ៖ ឡាយ ឧត្ដម