តម្លៃកូនជ្រូករស់បន្ដឡើងថ្លៃខ្ពស់ ដោយសារមានតម្រូវការច្រើនពីប្រទេសវៀតណាម

មួយរយៈចុងក្រោយនេះ សន្ទុះនៃការចិញ្ចឹមសត្វជ្រូករបស់ប្រជាកសិករ និងក្រុមហ៊ុនចិញ្ចឹមជ្រូក ក្នុងស្រុក ត្រូវបានមើលឃើញថាមានការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈតម្លៃកូនជ្រូករស់ក៏បន្ដហក់ឡើងខ្ពស់។ នេះបើតាមការបញ្ជាក់អះអាងរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា។

ជាក់ស្តែង ​ក្នុង​រយៈពេល ​១​ ស​ប្តា​ហ៍​ចុង​ក្រោយ​នៃ​ខែមិថុនា​នេះ ​តម្លៃ​កូនជ្រូក​រស់​ចិញ្ចឹម​តាម​លក្ខណៈ​គ្រួសារ​ ១ ​ក្បាល ​អាច​មាន​តម្លៃ​ដល់ ​៣០​ ម៉ឺន​រៀល ខណៈ​កូនជ្រូក​ពូជ​របស់​ក្រុមហ៊ុន​ថ្លៃ ​៣៤ ​ម៉ឺន​រៀល ​។

បើ​តាម​លោក លេង ​រុម តំណាង​ឱ្យ​ក្រុមហ៊ុន​ចែកចាយ​កូនជ្រូក​ពូជ​នៅ​ក្នុងស្រុក​បានឱ្យ​ដឹង​ថា កាលពីប៉ុន្មានថ្ងៃមុនចំនួនកូនជ្រូកប្រមាណ ៤០០​ក្បាល ត្រូវបានគេកម្ម៉ងទិញ ហើយក្នុង​មួយ​ក្បាល​ថ្លៃ ​៨៤ ​ដុល្លារ​អា​មេ​រិ​ក។ ហើយក៏មានប្រមាណ ​២៥០​ក្បាល ​ត្រូវបានដឹកចេញ​ទៅ​វៀតណាម ដោយក្នុង​មួយ​ក្បាល​ថ្លៃ​ ៩០ ​ដុល្លារ​អា​មេ​រិ​ក​។

លោក​បន្ត​ថា « តម្លៃ​កូនជ្រូក​ពូជ​ឡើងថ្លៃ​បែប​នេះ​មាន​រយៈពេល​២​ស​ប្តា​ហ៍​ហើយ ដោយសារ​វៀតណាម​​ឱ្យ​តម្លៃ​ថ្លៃ​ពេក​ និង​កំ​ម្ម៉​ង​ទិញ​មួយ​អាទិត្យ​ៗ ប្រមាណ ១​ ម៉ឺន​ក្បាល។​ បច្ចុប្បន្ន តម្លៃជ្រូក​រស់នៅវៀតណាម ១ គីឡូក្រាមថ្លៃ ១៨.០០០​រៀល ខណៈតម្លៃ​ជ្រូករស់​នៅកម្ពុជា ១ គីឡូក្រាម ថ្លៃត្រឹម ១៣.០០០ រៀល ណាមួយដោយសារតែតម្រូវការក្នុងស្រុកច្រើន ដូច្នេះ​វៀតណាម​ត្រូវតែទិញ​ជ្រូកពី​ប្រទេស​ជិតខាងបន្ថែមដើម្បីយកមកផ្គត់ផ្គង់។

ជាមួយគ្នានេះ តាមរយៈរបាយការណ៍ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៥ខែ ដើមឆ្នាំ២០២០នេះ អគ្គនាយកដ្ឋាន ទទួលបានការ ស្នើសុំបង្កើតកសិដ្ឋាន២៣កន្លែង (ខ្នាតធំ៧កន្លែង ខ្នាតមធ្យម២កន្លែង និងខ្នាតតូច ១៤កន្លែង) បើធៀបនឹងឆ្នាំ២០១៩ ពេញមួយឆ្នាំទទួលបានការស្នើសុំបង្កើតកសិដ្ឋានចំនួន ១០ កន្លែង ប៉ុណ្ណោះ។

ចំពោះលទ្ធភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុក តាមរយៈការចិញ្ចឹមតាមកសិដ្ឋាន និងតាមគ្រួសារក្នុងឆ្នាំ២០២០ មានចំនួន ៥៨០០ក្បាលក្នុងថ្ងៃ និងមានការនាំចូលបំពេញបន្ថែម ចន្លោះពីចំនួន ២,៣៥០ក្បាល ទៅ ៤,៤០០ក្បាល/ថ្ងៃ ទៅតាមតម្រូវការតិច ឬច្រើន។

គួរបញ្ជាក់ បើយោងតាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមខែ ​ឧសភា ឆ្នាំ ២០២០ នេះ ​ការផ្គង់ផ្គង់​សាច់សត្វ​សម្រាប់ទីផ្សារ​ក្នុងស្រុក​មានចំនួនប្រមាណ ៤៣ លានក្បាល ដែលនេះជាសញ្ញា​បង្ហាញ​ពីការកើន​ឡើងនៃ​មុខរបរ​ចិញ្ចឹមសត្វ​ក្នុងស្រុក​ និងបានចូលរួមចំណែកក្នុងកាត់បន្ថយ​ការនាំចូលពីក្រៅប្រទេស៕

ដោយ​៖ ស្រីពេជ្រ