តើត្រូវធ្វើយ៉ាងណា ដើម្បីឲ្យអាជីវកម្មរបស់យើងអាចឈានជើងចូលក្នុងទីផ្សារប្រកួតប្រជែងបាន?

សព្វថ្ងៃនេះនៅក្នុងទីផ្សារគឺមានអាជីវកម្មច្រើនប្រភេទណាស់ ដូច្នេះវាកាន់តែពិបាកទៅទៀតសម្រាប់អាជីវកម្មរបស់សហគ្រិនម្នាក់ដើម្បីឲ្យមានភាពលេចធ្លោជាងគេ។ ជាធម្មតា ការផ្ដល់ជូននូវផលិត​ផល​ដែលមានគុណភាពខ្ពស់ និងមានការវេចខ្ចប់ប្រកបដោយសោភ័ណភាពស្រស់ស្អាត គឺជាកត្ដាចម្បងដែលរាល់អតិថិជនតែងតែយកចិត្តទុកដាក់បំផុត ចំណែកឯការចែកចាយទៅលើទីផ្សារក៏ជាចំណុចដែលសំខាន់មួយផងដែរ។

ក្នុងនាមជាអ្នកគ្រប់គ្រងម្នាក់លោក Peter Drucker បាននិយាយយ៉ាងច្បាស់ថា  “បើផលិតផលមួយ​មិនមានគុណភាពច្បាស់លាស់ទេ វារៀងពិបាកក្នុងការដាក់លក់នៅលើទីផ្សារណាស់ ព្រោះរាល់អតិថិជនទាំងអស់គឺធ្វើការចំណាយថវិការបស់ពួកគេទៅលើផលិតផលណា ដែលមានប្រយោជន៍ និងផ្ដល់គុណសម្បត្តិដល់ពួកគេប៉ុណ្ណោះ”។ ដូច្នេះ ដើម្បីឲ្យផលិតផលរបស់យើងអាចឈានជើងចូលទីផ្សារបានលុះត្រាតែ ផលិតផលរបស់យើងមានប៉ុន្មានចំណុចដូចខាងក្រោមនេះសិន៖

១. គុណភាពរបស់ផលិតផលជារឿងសំខាន់

ដូចដែលលោក Drucker មានប្រសាសន៍ថា គុណភាពវាជារឿងមួយដែលសំខាន់បំផុត ហើយបើសិនជាយើងចង់ដឹងអំពីគុណភាពរបស់ផលិតផលយើង គឺយើងគួរតែទៅសាកសួរពីអតិថិជនដែលពួកគាត់ប្រើប្រាស់ផ្ទាល់ ព្រោះពួកគាត់មានបទពិសោធន៍ស្រាប់ក្នុងការប្រើប្រាស់ ហើយយើងក៏មិនអាចនិយាយពីគុណភាពផលិតផលឲ្យលើសពីការពិតបានទេ ។

នៅពេលដែលផលិតផលយើងមានគុណភាពខ្ពស់ យើងមិនចាំបាច់ចំណាយប្រាក់ក្នុងការផ្សាយពាណិជ្ជកម្មនោះទេ គឺផលិតផលរបស់យើងនឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈដោយឥតគិតថ្លៃដោយអ្នកប្រើប្រាក់របស់យើង។

ឧទាហរណ៍  : ក្រុមហ៊ុន Tesla គឺជាក្រុមហ៊ុនលក់រថយន្ដមួយ។ Tesla បានធ្វើការដាក់បង្ហាញស្នាដៃរបស់ខ្លួននៅក្នុងឆ្នាំ ២០១៩ ដែលបានបង្ករភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅទូទាំងពិភពលោក ហើយបន្ទាប់មកក៏មានការបញ្ជាទិញប្រមាណជាង ១លានដងត្រឹមតែក្នុងរយៈពេលមួយសប្ដាហ៍តែប៉ុណ្ណោះ​។

២. ពង្រឹងល្បឿនក្នុងការដឹកជញ្ជូនទៅកាន់អតិថិជន

អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ វេបសាយដែលល្បីៗក្នុងការលក់ទំនិញនៅលើអ៊ីនធើណេតដូចជា Apple, Google,និង Amazon ប៉ុន្ដែពេលខ្លះក៏មិនសូវមានអតិថិជនចាប់អារម្មណ៍ដែរ ដោយសារតែវាត្រូវចំណាយពេលយូរក្នុងការដឹកជញ្ជូនទំនិញ។ ប៉ុន្ដែយ៉ាងណាមិញ ល្បឿន និងគុណភាពគឺជាមូលហេតុមួយដែលធ្វើឲ្យ Instant Pot គឹជាផលិតផលមួយដែលលក់ដាច់ខ្លាំងជាងគេនៅលើ Amazon។ ការចំណាយរយៈពេលនៅក្នុងការដឹកជញ្ជូនដ៏ខ្លីដូចជា ១ថ្ងៃទៅ២ថ្ងៃដើម្បីអាចដឹកទំនិញមកដល់ផ្ទះរបស់អតិថិជន វាគឺជាចំណុចដែលអតិថិជនគ្រប់រូបចង់បាន ។

៣. រក្សាភាពឯកជនរបស់អតិថិជន

ជាកាពិតណាស់ប្រសិនបើយើងទិញទំនិញអ្វីមួយ យើងច្បាស់ជាមិនចង់ឲ្យទិន្នន័យព័ត៌មានរបស់យើងត្រូវបែកធ្លាយចេញទៅក្រៅទេ ដូច្នេះរាល់ក្រុមហ៊ុនទាំងអស់ក៏ត្រូវមានភារកិច្ចក្នុងការថែរក្សាទិន្នន័យរបស់អតិថិជនខ្លួនកុំឲ្យលេចចេញទៅក្រៅផងដែរ ជៀសវាងមានពួកជនខិលខូចធ្វើការក្លែងបន្លំទិន្នន័យយកទៅប្រើប្រាស់ក្នុងផ្លូវមិនល្អ។ ក្រុមហ៊ុននីមួយៗត្រូវធ្វើយ៉ាងណាដើម្បីធានាសុវត្ថិភាពរបស់អតិថិជនឲ្យបានល្អ និងធ្វើឲ្យអតិថិជនមានសេចក្ដីទុកចិត្ត។

សរុបជារួមមក បើសិនជាយើងចង់ឲ្យផលិតផលរបស់យើងអាចឈានជើងចូលក្នុងទីផ្សារប្រកួតប្រជែងបាន គឺយើងត្រូវស្គាល់ពីផលិតផលរបស់យើងឲ្យបានច្បាស់ ស្វែងយល់ពីគុណភាព សេវាកម្មឲ្យបានល្អជាមុនសិនទើបជាការប្រសើរ។

អត្ថបទដោយ  ៖  វ៉ាន់ ចន្ថា