តើផ្ទះរបស់អ្នកជាទ្រព្យ ឬក៏ជាបំណុល?

ដើម្បីអាចឲ្យអ្នកទាំងអស់គ្នាយល់កាន់តែច្បាស់ លោក Robert Kiyosaki បានលើកឧទាហរណ៍មួយដែលមនុស្សជាច្រើន តែងគិតថា វាជាទ្រព្យ នោះគឺផ្ទះ។ តាមពិតទៅ ប្រសិនបើគិតតាមក្បួនគណនេយ្យ ផ្ទះប្រាកដជានៅក្នុងតារាងនៃទ្រព្យជាមិនខាន។ ប៉ុន្ដែធាតុពិត ផ្ទះមិនមែនជាទ្រព្យនោះទេ វាគឺជាបំណុល នេះបើតាមលោក Robert Kiyosaki។ ប្រសិនបើអ្នកក្រលេកមើល នៅក្នុងឆ្នាំ២០០៨ នៅពេលដែលមានវិបត្ដិហិរញ្ញវត្ថុ នោះអ្នកនឹងយល់ថាតាមពិតបំណុលជាច្រើនរបស់អ្នកនៅពេលនោះ គឺកើតឡើងដោយថាផ្ទះរបស់អ្នក។

និយាយម្ដងទៀត ទ្រព្យគឺជាអ្វីដែលអាចបង្កើតចំណូលចូលក្នុងហោប៉ាវរបស់អ្នក ចំណែកឯបំណុលជាអ្វីដែលធ្វើឲ្យអ្នកដកប្រាក់ចេញពីហោប៉ាវរបស់អ្នក។

បើតាមអត្ថន័យនេះ នោះផ្ទះរបស់អ្នកពិតជាបំណុលមែន ដោយសារតែ អ្នកត្រូវចំណាយប្រាក់ជារៀងរាល់ខែ សម្រាប់ប្រាក់បង់រំលស់ បង់ពន្ធ បង់ធានារ៉ាប់រង និងថ្លៃថែទាំផ្សេង រួមទាំងចំណាយលើថ្លៃប្រតិបត្ដិការនានា ដូចជាថ្លៃទឹកភ្លើងជាដើម ដែលទាំងអស់នេះ មិនមែនបង្កើតប្រាក់ចូលក្នុងហោប៉ាវរបស់អ្នកនោះទេ ហើយករណីនេះ វាអាចផ្ទុយនឹងគោលការណ៍គណនេយ្យដែលថាចាត់ទុកផ្ទះគឺជាទ្រព្យ។ ប៉ុន្ដែ ផ្ទះនេះនឹងអាចក្លាយជាទ្រព្យ ប្រសិនបើអ្នកលក់វាក្នុងគោលដៅស្វែងរកប្រាក់ចំណេញ។ មួយវិញទៀត អ្នកត្រូវដឹងថា ប្រសិនបើអ្នកជួលផ្ទះនោះ នោះអ្នកនឹងបានចំណូល ហើយយកទៅផាត់ចំណាយរបស់អ្នក នោះអ្នកនឹងរកឃើញចំណូលប្រតិបត្ដិការសុទ្ធ ដែលហូរចូលក្នុងហោប៉ាវរបស់អ្នកជារៀងរាល់ខែ ដែលពេលនោះហើយផ្ទះ គឺជាទ្រព្យ។

ដើម្បីអាចយល់កាន់តែច្បាស់ ពីភាពខុសគ្នារបស់ផ្នត់គំនិតអ្នកមាន និងអ្នកក្រ ចូលអ្នកសិក្សាស្វែងយល់បន្ថែមឥឡូវនេះ អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក៏ប៉ុន្ដែចូរប្រយ័ត្នប៉ះចំសិក្ខាសាលាបោកប្រាស់។ លំហូរសាច់ប្រាក់បួនទិស របស់លោក Robert គឺប្រើមានប្រសិទ្ធិភាពលុះត្រាតែអ្នកប្រើតាមលំដាប់លំដោយ មិនមែនពេលនេះមិនទាន់មានចំណូលសម្រាប់បំពេញតម្រូវការចាំបាច់ផង អ្នកស្រាប់តែខ្ចីប្រាក់គេ ឬប្រើប្រាស់ប្រាក់ដែលសម្រាប់បំពេញតម្រូវការចាំបាច់សម្រាប់គ្រួសារ ហក់ចូលដំណាក់កាលទី៤ ធ្វើជាវិនិយោគិនបាត់ទៅហើយ។  អ្នកត្រូវចាំថា គ្មានទេក្បួនក្លាយជាអ្នកមានដោយមិនបាច់ប្រឹង និងងាយស្រួល គឺមានតែចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងរៀនវិនិយោគប្រកបដោយភាពត្រឹមត្រូវ និងច្បាស់លាស់ទេ ទើបជាមូលដ្ឋានគ្រឹះនៃការកសារទ្រព្យសម្បត្ដិយ៉ាងពិតប្រាកដ ពោលគឺគ្រាន់តែជាមូលដ្ឋានគ្រឹះតែប៉ុណ្ណោះ៕

អត្ថបទដោយ៖ ឡាយ ឧត្ដម