តើលោក Howard Schultz ធ្វើឲ្យ Starbucks រីកដុះដាលបានដោយរបៀបណា?

នាយកប្រតិបត្ដិក្រុមហ៊ុនកាហ្វេ Starbucks លោក Howard Schultz កាលពីលោកមានវ័យ៧ឆ្នាំ លោកបានរស់នៅក្នុងទីក្រុង Brooklyn ជាមួយនឹងបងប្អូនជីដូនមួយរបស់លោក ដែលកាលនោះ ឪពុករបស់លោក គឺជាអ្នកបើករថយន្ដដឹកទំនិញ ប៉ុន្ដែជាអកុសលគាត់ស្រាប់តែជួបគ្រោះថ្នាក់រហូតដល់បាក់កជើង។ ដោយសារតែការងារនោះគ្មានធានារ៉ាប់រងការងារ ទើបធ្វើឲ្យគ្រួសាររបស់លោកត្រូវបង់ថ្លៃព្យាបាលដោយខ្លួនឯង តែដោយសារតែគ្មានចំណូល ទើបសូម្បីតែថ្លៃព្យាបាលក៏គ្មានដែរដែលនៅពេលនោះហើយជីវិតរបស់ កុមារា Howard Schultz ជួបការលំបាកយ៉ាងខ្លាំង។ ប្រការនេះហើយបានជាធ្វើឲ្យលោក CEO នៃ Starbucks បានផ្ដល់ធានារ៉ប់រងសុខភាពដល់បុគ្គលិករបស់លោកគ្រប់គ្នាទាំងពេញម៉ោង និងក្រៅម៉ោង។

នៅកាលពីវ័យជំទង់ លោក Schultz ដែលមនុស្សដែលចូលចិត្ដលេងកីឡាម្នាក់ ដែលលោកមានទេពកោសល្យអាចធ្វើជាអត្ដពលិកអាជីបម្នាក់បានទៀតផង។ ក្រោយមកលោកបានទទួលអាហារូបករណ៍ ពីសាកលវិទ្យាល័យ Northern Michigan លើអាជីបបាល់ទាត់ ប៉ុន្ដែលោកសម្រាប់ចិត្តមិនលេងបាល់បន្ដទៀតនោះទេ ដោយលោកចង់បង្កើតមុខរបរ និងឆាប់រកប្រាក់ឲ្យបានច្រើនវិញ។ ទីបំផុតលោក ក៏បានបោះបង់អាហារូបករណ៍នេះចោល ហើយក៏ចាប់ផ្ដើមចូលប្រលូកក្នុងវិស័យលក់ និងក្រោយមកក៏បានចូលធ្វើការនៅក្នុងក្រុមហ៊ុន Hammarplast ដែលធ្វើការលក់ឧបករណ៍ និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងហាងកាហ្វេ ដែលជាកន្លែងនាំឲ្យលោកស្គាល់ហាងកាហ្វេ Starbucks។

ផ្ដើមចេញពីអ្នកផ្គត់ផ្គងឧបករណ៍ និងសម្ភារៈកាហ្វេឲ្យ Starbucks លោកក៏ត្រូវបានម្ចាស់ Starbucks កាលនោះជួលឲ្យធ្វើជាប្រធានផ្នែកលក់។ នៅទីនោះហើយ ដែលលោកមានឱកាសបានចាកចេញទៅពិនិត្យមើលហាងកាហ្វេជាច្រើននៅអឺរ៉ុប ជាពិសេសប្រទេសអ៊ីតាលី។ នៅអ៊ីតាលី លោកបានពិនិត្យឃើញថា ហាងកាហ្វេនៅអ៊ីតាលី គឺមានលក្ខណៈបើកទូលាយ និងបង្កើតវប្បធម៌ជជែកគ្នាតាមចិត្ដនៅក្នុងហាងដែលមានកន្លែងអង្គុយយ៉ាងស្រស់ស្អាត ដែលមើលទៅដូចជាពួកគេនៅក្នុងផ្ទះរបស់ខ្លួនឯងអញ្ចឹង។ ដោយមើលឃើញដូច្នេះ លោកក៏យកគំនិតនេះមកស្នើអនុវត្ដនៅ Starbucks ដែរ ប៉ុន្ដែត្រូវបានបដិសេធដោយម្ចាស់ Starbucks កាលនោះ។ ទីបំផុត លោកក៏សម្រេចចិត្តចាកចេញពី Starbucks ហើយមកបើកហាងកាហ្វេដោយខ្លួនឯងមួយនៅក្នុងឆ្នាំ ១៩៨៤ ក្នុងតំបន់ Seattle ដែលមានឈ្មោះជាភាសាអ៊ីតាលីថា Il Giornale។ ហាងរបស់លោកហាក់ទទួលបានការរីកចម្រើនគួរឲ្យកត់សម្គាល់។ រហូតដល់ឆ្នាំអាច១៩៨៧ Starbucks ទាំងមូលនៅពេលដែលហាងនោះកំពុងជួបបញ្ហាគ្រប់គ្រង និងវិបត្ដិហិរញ្ញវត្ថុ ដែលនេះជាឱកាសសម្រាប់លោក Schultz ទិញយកហាង Starbucks ទាំងមូលដោយលោកទទួលបានកម្ចីដើម្បីទិញរហូតដល់ទៅ៤លានដុល្លារអាមេរិក។ លោក Schultz បានសន្យាជាមួយនឹងម្ចាស់បំណុលរបស់លោកថាក្នុងរយៈពេល៥ឆ្នាំ លោកនឹង បើកហាងរហូតដល់១២៥ហាងនៅក្នុងសហរដ្ឋអាមេរិក។ ក្រោយមក នៅក្នុងឆ្នាំ១៩៩២លោកក៏អាចបើកហាងរហូតដល់ច្រើនជាងផែនការរបស់លោកទៅទៀត។

លោកបានចាប់ផ្ដើមធ្វើការលក់Franchise ដោយយក McDonald ធ្វើជាគម្រូ និងធ្វើការគ្រប់គ្រងដោយបង្កើតប្រតិបត្តិការផ្ទាល់ខ្លួនរបស់លោក។ លោក Schultz បានសម្រេចចិត្តធ្វើការផ្ដោតសំខាន់បំផុតទៅលើបរិមាណ គុណភាពរបស់កាហ្វេ និងការផ្សព្វផ្សាយជាសាធារណៈ។ ក្រុមអ្នកMarketing របស់ក្រុមហ៊ុន Starbucks ត្រូវធ្វើយ៉ាងណាឲ្យពាក្យស្លោកសម្រាប់ផ្សាយពាណិជ្ជកម្មគឺងាយស្រួលចាំ ព្រមទាំងត្រូវប្រាកដថាការផ្សព្វផ្សាយទាំងនោះគឺវាមិនខុសពីការពិត៕

ខ្ញុំមិនដឹងថាអត្ថបទមួយនេះ នឹងត្រូវបានជនអសមត្ថភាព និងស្ថាប័នខិតខូចដែលរស់ដោយសារតែអត្ថបទគេ ចម្លង និងកែច្នៃយកទៅប្រើបម្រើប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងដូចម្ដេចទៀតនោះទេ ប៉ុន្ដែយ៉ាងហោចណាស់ ក៏ពួកគេទាំងនោះបានអាន និងរៀនសូត្រតាមរយៈអត្ថបទនេះដែរ។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ពួកគេនឹងយល់ពីតម្លៃនៃការតែងនិពន្ធយ៉ាងពិតប្រាកដ!

អត្ថបទដោយ៖ ឡាយ ឧត្ដម