តើអ្វីទៅជាភាពជោគជ័យពិតប្រាកដរបស់មនុស្សយើង?

នៅពេលយើងនិយាយអំពីបុគ្គលជោគជ័យ យើងតែងតែនឹកឃើញលោក Bill Gate មុនគេពីព្រោះលោក Bill Gate ធ្លាប់ជាអតីតមហាសេដ្ឋីលេខ១នៅលើពិភពលោក។ យ៉ាងណាមិញ មនុស្សជាច្រើនតែង​តែយល់ច្រឡំភាពជោគជ័យគឺសំដៅតែទៅលើទ្រព្បសម្បត្តិដែលបុគ្គលនោះមាន ប៉ុន្តែការពិតទៅ វាមិនដូច្នោះទេ។ ថ្ងៃនេះ Dr. Business នឹងលើកយកភាពជោគជ័យជាច្រើនដែលមនុស្សគ្រប់គ្នាធ្លាប់ឆ្លងកាត់ និងអាច​ធ្វើវាបាននៅក្នុងជីវិតរបស់យើង៖

នៅអាយុ ១ឆ្នាំ! ភាពជោគជ័យ គឺអ្នកអាចដើរបានដោយគ្មានការជួយពីអ្នកដទៃ

នៅអាយុ ៤ឆ្នាំ! ភាពជោគជ័យ គឺឈប់នោមដាក់ខោទៀត

នៅអាយុ ៨ឆ្នាំ! ភាពជោគជ័យ គឺអ្នកអាចទៅសាលាដោយខ្លួនឯងបាន ដោយមិនវង្វេងផ្លូវ

នៅអាយុ ១២ឆ្នាំ! ភាពជោគជ័យ គឺអ្នកមានមិត្តភក្តិជាច្រើនរាប់អានអ្នក

នៅអាយុ ១៨ឆ្នាំ! ភាពជោគជ័យ គឺអ្នកទទួលបានសិទ្ធិបើកបរបានដោយស្របច្បាប់

នៅអាយុ ២៣ឆ្នាំ! ភាពជោគជ័យ គឺអ្នកអាចបញ្ចប់ការសិក្សាដោយជោគជ័យ

នៅអាយុ ២៥ឆ្នាំ! ភាពជោគជ័យ គឺអ្នកអាចរកចំណូលបានដោយពុំចាំបាច់ពឹងឪពុកម្តាយទៀត

នៅអាយុ ៣០ឆ្នាំ! ភាពជោគជ័យ គឺអ្នកអាចបង្កើតគ្រួសារដ៏មានសុភមង្គល

នៅអាយុ ៣៥ឆ្នាំ! ភាពជោគជ័យ គឺអ្នកអាចបង្កើតប្រភពចំណូលដ៏ច្បាសលាស់

នៅអាយុ ៤៥ឆ្នាំ! ភាពជោគជ័យ គឺអ្នកអាចរក្សារាងកាយដ៏មាំមួនរបស់អ្នក

នៅអាយុ ៥០ឆ្នាំ! ភាពជោគជ័យ គឺអ្នកអាចផ្តល់ការអប់រំល្អៗដល់កូនៗរបស់អ្នក

នៅអាយុ ៥៥ឆ្នាំ! ភាពជោគជ័យ គឺអ្នកនៅតែអាចធ្វើការប្រចាំថ្ងៃរបស់អ្នកបានល្អ

នៅអាយុ ៦០ឆ្នាំ! ភាពជោគជ័យ គឺអ្នកនៅតែអាចបើកបរដោយខ្លួន​ដោយពុំចាំបាច់ពឹងអ្នកដទៃ

នៅអាយុ ៦៥ឆ្នាំ! ភាពជោគជ័យ គឺអ្នកអាចរស់នៅដោយគ្មានជំងឺឈឺថ្កាត់

នៅអាយុ ៧០ឆ្នាំ! ភាពជោគជ័យ គឺអ្នកអាចរស់នៅដោយមិនមែនជាបន្ទុកដល់អ្នកដទៃ

នៅអាយុ ៧៥ឆ្នាំ! ភាពជោគជ័យ គឺអ្នកអាចរក្សាចំណងមិត្តភាពរបស់អ្នកដល់ចាស់បាន

នៅអាយុ ៨១ឆ្នាំ! ភាពជោគជ័យ គឺអ្នកអាចរស់នៅដោយមិនវង្វេង

នៅអាយុ ៨៦ឆ្នាំ! ភាពជោគជ័យ គឺអ្នកអាចចូលបន្ទប់ទឹកដោយខ្លួនឯងបាន

នៅអាយុ ៩០ឆ្នាំ! ភាពជោគជ័យ គឺអ្នកអាចដើរដោយខ្លួនឯងបាន

ទាំងអស់នេះ វាគ្រាន់តែអាយុជាមធ្យមតែប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងវាអាស្រ័យទៅលើពេលវេលារបស់បុគ្គលម្នាក់ៗ។ បុគ្គលខ្លះសម្រេចគោលដៅរបស់ខ្លួនឯងតាំងតែពីវ័យក្មេង បុគ្គលខ្លះទៀតអាចសម្រេចគោលដៅនៅពេលដែលពួកគេមានវ័យចំណាស់ទៅហើយ។ ដូច្នេះ ចូរកុំព្យាយាមប្រៀបធៀបជិវិតរបស់មនុស្សម្នាក់ទៅនឹងជិវិតរបស់មនុស្សម្នាក់ទៀត។ មនុស្សម្នាក់ៗ មានពេលវេលា ២៤ម៉ោងដូចគ្នាមែន តែការគិត និងសកម្មភាពខុសៗគ្នា ដូច្នេះលទ្ធផលក៏ខុសគ្នាដែរ។

និយមន័យនៃភាពជោគជ័យរបស់មនុស្សម្នាក់ក៏ត្រូវបានកំណត់ខុសៗគ្នា អ្នកខ្លះជោគជ័យជាប៉ូលីសល្អម្នាក់ ជោគជ័យជាអ្នកធ្វើការដ៏ជំនាញ ជោគជ័យជាវិស្វករ ជោគជ័យជាគ្រូបង្រៀន និងជោគជ័យផ្សេងៗជាច្រើនទៀត៕

SHARE