តើ “វិធានការ ៥ ម៉ោង” ជាអ្វី បានបុគ្គលជោគជ័យល្បីៗ ជុំវិញពិភពលោកចូលចិត្តយកមកអនុវត្ត

បុគ្គលដែលទទួលបានជោគជ័យក្នុងពិភពលោក ពួកគេបានស្វែងរកឃើញគោលដៅ និងវិធីសាស្ដ្រផ្សេងៗ គ្នាក្នុងការដើរទៅរកក្ដីស្រមៃរបស់ខ្លួន តែមានរឿងម៉្យាងដែលមិនថា ពួកគេស្ថិតនៅទីកន្លែងណា មានមុខជំនួញ និងតំណែងជាអ្វី ក៏ពួកគេនៅតែចូលចិត្តធ្វើហើយវាបានក្លាយជាទម្លាប់មួយដែលស្ទើរតែមិនអាចខ្វះបានសម្រាប់បុគ្គលទាំងអស់នោះគឺ “ការអានសៀវភៅ”។ សៀវភៅ វាជាវត្ថុដ៏មានតម្លៃមួយ និងផ្ដល់ប្រយោជន៍គ្មានដែនកំណត់សម្រាប់មនុស្សម្នាក់ៗ វាប្រៀបបានជាលំហរមួយដែលផ្ទុកនូវចំនេះដឹងដែលច្រើនរាប់មិនអស់ នៅពេលដែលដៃចាប់ផ្ដើមកាន់ មាត់ចាប់ផ្ដើមអាន ភ្នែកចាប់ផ្ដើមមើល វាបាននឹងកំពុងទាញអ្នកចូលទៅរកភាពជោគជ័យម្ដងបន្ដិចៗ រួចស្រេចបាត់ទៅហើយ។

ជាក់ស្ដែង លោក​ Bill Gate ដែលជាមហាសេដ្ឋីលំដាប់ពិភពលោកក៏ធ្លាប់បាននិយាយប្រាប់ New York Times ថា “ការអាន គឺជាមាគ៌ាជោគជ័យមួយក្នុងចំណោមមាគ៌ាផ្សេងទៀត ដែលខ្ញុំបានរៀន និងអនុវត្ត”។ មែនទែនទៅ បុគ្គលជោគជ័យល្បីៗ ជាច្រើននៅជុំវិញ ពិភពលោកដូចជា Bill Gate, Warrent Buffet, Jack Ma, Elon Musk និង Mark Cuban ជាដើម បានជ្រើសប្រើវិធាន Five-Hours rule ឬ វិធានការ ៥ ម៉ោង ដើម្បីដកខ្លួនពួកគេឲ្យមានឱកាសក្នុងការអានសៀវភៅ។

តើ Five-Hours rule ឬ វិធានការ ៥ ម៉ោង ជាអ្វី?

Five-Hours rule ឬ វិធានការ ៥ ម៉ោង គឺត្រូវបានបង្កើតឡើងដោយ Michael Simmons ដែលជាអ្នកនិពន្ធដ៏ល្បីឈ្មោះមួយរូប និងជាស្ថាបនិកនៃក្រុមហ៊ុន Impact ។ បើនិយាយឲ្យស្រួលស្ដាប់ និងងាយយល់ វិធាននេះបង្កើតឡើង គឺចង់បង្ហាញថា មិនថាទោះបីជាអ្នកមមាញឹក និងរវល់ប៉ុណ្ណានោះទេ អ្នកត្រូវតែឆ្លៀតពេលយ៉ាងហោចណាស់ឲ្យបាន ១ ម៉ោង ក្នុងមួយថ្ងៃ រឺ ៥ ម៉ោង ក្នុងមួយសប្ដាហ៍ ពីការងារប្រចាំថ្ងៃ ដើម្បីងាកមកអានសៀវភៅ និងទទួលបានចំណេះដឹងថ្មីៗ ជាប្រចាំហើយយកចំណេះទាំងនោះមកអភិវឌ្ឍន៍ខ្លួន។ មិនតែប៉ុណ្ណោះ វិធានមួយនេះក៏អាចជួយឲ្យអ្នកប្រើប្រាស់វាទទួលបាននូវអត្ថប្រយោជន៍ ៣ ដែលរួមមានដូចជា៖

១ ចំណេះដឹង

វាជារឿងពិតមួយដែលមិនអាចប្រកែកបាន នៅពេលដែលអ្នកអានសៀវភៅ មិនថាលទ្ធភាពនៃការចាប់យកចំណេះដឹងរបស់អ្នកមានប៉ុន្មានភាគរយនោះទេ តែយ៉ាងហោចណាស់ក៏អ្នកនឹងទទួលបានចំណេះដឹងខ្លះៗ ពីសៀវភៅដែលអ្នកបានអាន។ អ្នកក៏ទទួលបានចំណេះដឹងថ្មីៗ ជាច្រើនដែលអ្នកមិនធ្លាប់បានដឹង បានជួប។

២ ការគិត

បើអ្នកចំណាយពេល ១ ម៉ោង សម្រាប់យកមកគិត រឺត្រិះរិះរកវិធីផ្សេងៗ ដើម្បីដោះស្រាយបញ្ហាអ្វីមួយ វាប្រហែលជាកាន់តែធ្វើឲ្យអ្នកមានភាពស្មុគស្មាញលើសដើម ប៉ុន្ដែប្រសិនបើអ្នក ចំណាយពេលអានសៀវភៅដែលមានអត្ថន័យអប់រំ រឺចំណេះដឹង វាជាឱកាសដ៏ល្អមួយសម្រាប់បើកផ្លូវឲ្យខួរក្បាលអ្នកគិតបានច្រើនជាងមុន ដូចពាក្យគេថា សៀវភៅជាឃ្លាំងនៃចំណេះដឹងដែលផ្ទុកទៅដោយចំណេះថ្មីៗ និងដំណោះស្រាយ។

៣ ការពិសោធ

នៅពេលដែលអ្នកទទួលបាននូវចំណេះដឹងជាច្រើន អ្នកនឹងចាប់ផ្ដើមមានទម្ងន់ក្នុងខ្លួនដែលយើងស្គាល់ថាជាភាពជឿជាក់ នៅពេលដែលយើងមានភាពជឿជាក់យើងនឹងចាប់ផ្ដើមមានភាពក្លាហាន ធ្វើការពិសោធក្នុងជីវិតជាក់ស្ដែង និងហ៊ានបោះជំហានទៅរកភាពជោគជ័យដោយធ្វើអ្វីមួយដូចជា  ការធ្វើជំនួញជាដើម។

ជារួម មិនមែនមនុស្សគ្រប់រូបសុទ្ធតែចូលចិត្តកាន់សៀវភៅអានទេ ពីព្រោះថាពេលខ្លះវាមានភាពធុញទ្រាន់បើប្រៀបទៅនឹងការអង្គុយចុចទូរស័ព្ទហើយប្រើប្រាស់បណ្ដាញសង្គម ប៉ុន្ដែការអានសៀវភៅ ពិតជាផ្ដល់អត្ថប្រយោជន៍ជាច្រើនដែលលើសពីការរំពឹងទុក ដូច្នេះគួរតែព្យាយាមអានសៀវភៅឲ្យបានច្រើនទើបជាការប្រសើរ។

អត្ថបទដោយ៖ ស្រីពេជ្រ