តោះ‌! មកដឹងពីប្រភពចំណូលសំខាន់ៗទាំង៣របស់ Amazon.com ទាំងអស់គ្នា

បើទោះបីជា ក្រុមហ៊ុន Amazon បានបង្កើតនូវមុខជំនួញបន្ថែមជាច្រើនផ្សេងៗក្ដី ក៏ការលក់រាយនៅតាមអនឡាញ និងតាមហាងទំនើបនានា នៅតែជាប្រភពចំណូលចម្បងរបស់ក្រុមហ៊ុនដដែល។ ក្រុមហ៊ុន Amazon ត្រូវបានគេចាត់ថ្នាក់ជាក្រុមហ៊ុនដែលមានតម្លៃច្រើនបំផុតនៅក្នុងពិភពលោក ដែលមានតម្លៃរហូតដល់ ៨៦៧.៤ពាន់លានដុល្លារអាមេរិក កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩នេះ។ ចំណែកលក់សុទ្ធសរុបរបស់់ Amazon មានរហូតដល់ទៅ២៣២.៩ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើងស្ទើរតែ៣១%នៅក្នុងឆ្នាំ២០១៨។ ចំណែកឯ ចំណូលសុទ្ធវិញ មានការកើនឡើងពី៣ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៧ ទៅ១០.១ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៨។

ប្រភពចំណូលរបស់ក្រុមហ៊ុន Amazon បានបែងចែកជា៣ប្រភព ទី១ គឺចំណូលពីការលក់នៅតំបន់អាមេរិកខាងជើង ទី២ គឺចំណូលបានមកពីការលក់ជាលក្ខណៈអន្ដរជាតិ និងចុងក្រោយ គឺចំណូលពីAmazon Wed Services (AWS)។ នៅក្នុងតំបន់អាមេរិកខាងជើង ក្រុមហ៊ុន Amazon បានលក់ទំនិញបានដាច់រហូតដល់១៤១.៤ ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៨ និងទទួលបានចំណូលប្រមាណជា៧.៣ពាន់លានដុល្លារអាមេរិក។ ក្រៅពីចំណូលដែលបានមកពីការលក់ទំនិញ Amazon ក៏ទទួលបានចំណូលពីការ subscriptions ដែលមាននៅក្នុង Amazon Prime ដូចជាការផ្ដល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃ ការមើលខ្សែភាគយន្ដ និងកម្មវិធីកម្សាន្ដផ្សេងៗជាច្រើនទៀត។ ចំពោះការលក់នៅក្រៅតំបន់អាមេរិកខាងជើងវិញ មានចំនួន២៨.៣% នៃការលក់សុទ្ធរបស់ក្រុមហ៊ុននៅក្នុងឆ្នាំ២០១៨។

Amazon Web Services (AWS) គឺជាក្រុមហ៊ុនដែលបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ ដែលបានជួយរកចំណូលឲ្យ Amazon បានយ៉ាងច្រើនក្រាស់ក្រែល។ AWS ផ្ដល់សេវាកម្មផ្នែកទិន្និន័យទៅឲ្យក្រុមហ៊ុន អាជីវកម្ម រដ្ឋាភិបាល និងគ្រឹះស្ថានសិក្សាជាដើម។ នៅឆ្នាំ២០១៨ AWS បានរកចំណូលពីការលក់   ទិន្និន័យបាន ២៥.៧ពាន់លានដុល្លារអាមេរិក។ តាមរយៈAWSនេះ បានធ្វើឲ្យAmazon បានគ្រប់គ្រងលើទីផ្សារផ្ដល់ទិន្និន័យច្រើនជាងមួយភាគបីនៃទីផ្សារសរុបនៅក្នុងឆ្នាំ២០១៨ ដែលច្រើនជាង Microsoft, Azure, Alphabet, Google Cloud ជាដើម៕

អត្ថបទដោយ៖ ឡាយ ឧត្ដម