តំបន់ឆ្នេរ ៥កន្លែងក្នុងខេត្តព្រះសីហនុត្រូវបានរៀបចំសណ្ដាប់ធ្នាប់រួចរាល់ ដើម្បីផ្ដល់ភាពងាយស្រួលឲ្យភ្ងៀវទេសចរចូលកម្សាន្ដដោយសេរី

ដើម្បីផ្ដល់ភាពងាយស្រួលដល់ភ្ងៀវទេសចរទាំងក្នុង និងក្រៅប្រទេស ឲ្យចូលដើរកម្សាន្ដបានដោយសេរី អាជ្ងាធរបានចេញវិធានរៀបចំសណ្ដាប់ធ្នាប់ឆ្នេរនៅក្នុងខេត្ត ព្រះសីហនុ ខណៈពេលនេះត្រូវបានរាយការណ៍ថារៀបចំបាន ៥ ទីតាំងហើយ។ បើយោងតាម លោក ឃាង ភិរម្យ អ្នកនាំពាក្យរដ្ឋបាល ខេត្ត ព្រះសីហនុ ។

តាមរយៈការអះអាងបន្ដ របស់អ្នកនាំពាក្យរូបនេះបានឲ្យដឹងបន្ដទៀតថា៖ «ក្រោមការដឹកនាំចង្អុលបង្ហាញពី គណៈកម្មធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ហៅកាត់ថាគ.អ.ឆ.ក រដ្ឋបាលខេត្តដែលមានតួនាទីជាអាជ្ញាធរ បានធ្វើការរៀបចំសណ្តាប់ធ្នាប់និងកែលំអឆ្នេរខ្សាច់បើគិតទល់ពេលនេះ យើងមានឆ្នេរអូរឈើទាលមួយ អូរឈើទាលពីរ អូរត្រេះមួយ អូរត្រេះពីរ និងឆ្នេរថ្មីមួយទៀតដែលយើងកំពុងតែធ្វើការៀបចំនេះដែលគេហៅថាជាឆ្នេរជំទាវម៉ៅ យើងរាប់ទៅមាន៥ឆ្នេរ ហើយនិងបន្តទៅឆ្នេរផ្សេងៗទៀតដូចជាឆ្នេរលំហែកាយ កន្លងមករដ្ឋបាលខេត្តបាន ធ្វើសេចក្តីជូនដំណឹងទៅ បងប្អូនប្រជាពលរដ្ឋដែលបោះតង់ ធ្វើតូបលក់ដូរអីហ្នឹងឲ្យលោកធ្វើការរុះរើដើម្បីសំអាតដូចគ្នា »។

បន្ថែមពីនេះ បន្ទាប់ពីបានរៀបចំសណ្ដាប់ធ្នាប់ឆ្នេរ ៥ បានយ៉ាងជោគជ័យ អាជ្ញាធរ ក៏កំពុងនឹងបាន រៀបចំ កែលម្អ សោភ័ណភាពឆ្នេរ មួយចំនួនទៀតដូចជាឆ្នេរលំហែកាយជាដើម ដើម្បីឲ្យភ្ញៀវទេសចរ មានជម្រើសច្រើនក្នុងការមកលេងទឹកសមុទ្រដ៏ខៀវស្រងាត់ ខ្សាច់ដ៏សស្អាត និងមានអនាម័យបរិស្ថានល្អ ។

ជាចុងក្រោយ លោក ឃាង ភិរម្យ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក៏ដូចជា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថានទំាងអស់គ្នា។ ជាពិសេស ត្រូវចេះទុកដាក់ វេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជៀសវាងការបរិភាគហើយបោះចោលពាសវាលពាសកាល ដែលជាហេតុបណ្ដាលឲ្យខូចសោភណ្ឌភាពរបស់ឆ្នេរ៕

ដោយ៖ ស្រីពេជ្រ