តំបន់អភិវឌ្ឍន៍កោះរ៉ុង នឹងមានផ្លូវបេតុងប្រវែង ៧០ គីឡូម៉ែត្រ ក្រោមទុនសាងសង់ ៣៥ លានដុល្លារ

មិនយូរទៀតនោះទេ តំបន់អភិវឌ្ឍន៍កោះរ៉ុង ខេត្តព្រះសីហនុ នឹងមានផ្លូវបេតុងគុណភាពល្អមួយដែលមានកម្រាស់ ២.៥ ដេស៊ីម៉ែត្រ  និងប្រវែង ៧០ គីឡូម៉ែត្រ  ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ងៀវទេសចរជាតិ និងអន្ដរជាតិ ក្នុងការធ្វើដំណើរទៅមក។

ចំពោះគម្រោងផ្លូវបេតុងនេះ ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសាងសង់ដោយ ក្រុមហ៊ុន Royal Group Koh Rong Development Company របស់អ្នកឧកញ៉ា គិត ម៉េង ជាមួយក្រុមហ៊ុន Sinohydro Corporation Limited នាព្រឹកថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២០ នេះ។

តាមរយៈកិច្ចព្រមព្រៀងគម្រោងសាងសង់ផ្លូវបេតុង នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង នឹងត្រូវចំណាយពេលរយៈពេល ១៦ ខែ ក្នុងការសាងសង់ និងស្របតាមផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលគណៈកម្មការអន្តរក្រសួង របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ខណៈនឹងត្រូវចំណាយអស់ថវិកាប្រមាណ ៣៥ លានដុល្លារអាមេរិក។​

ទាក់ទិននឹងការសាងសង់ផ្លូវនេះ លោក គួច ចំរើន អភិបាលខេត្ដព្រះសីហនុ ក៏បានថ្លែងថា វានឹងចូលរួមចំណែកអភិវឌ្ឍន៍កោះរ៉ុងឲ្យកាន់តែមានទាក់ទាញជាងមុន។ មិនតែប៉ុណ្ណោះ ថែមទាំងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកម្សាន្តនៅកោះរ៉ុងផងដែរ។

ជាមួយគ្នានេះ ដើម្បីប្រែក្លាយឲ្យទៅជាតំបន់អភិវឌ្ឍន៍ ពាណិជ្ជកម្ម និងរមណីយដ្ឋានទេសចរធម្មជាតិ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានចុះហត្ថលេខាជួលកោះរ៉ុង ស្ថិតក្នុងខេត្តព្រះសីហនុ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាភាគីតំណាងឱ្យ រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០០៨ កន្លងទៅ។

យ៉ាងណាមិញ ក្រៅពីគម្រោងសាងសង់ផ្លូវបេតុង៧០គីឡូម៉ែត្រនេះ អ្នកឧកញ៉ា គិត ម៉េង ក៏បាននឹងខិតខំចាប់ផ្តើមអភិវឌ្ឍន៍គម្រោងផ្សេងៗទៀត រួមមានដូចជា រោងចក្រអគ្គិសនី កំពង់ផែ និងព្រលានយន្តហោះ  ដើម្បីប្រែក្លាយកោះរ៉ុង ទៅជាទីក្រុងមួយដ៏ស្រស់បំព្រងសំដៅទាក់ទាញ ឱ្យកាន់តែច្រើនឡើងនូវភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា និងលំហែកាយនៅកោះរ៉ុង៕

ដោយ៖ ស្រីពេជ្រ