ត្រឹមជាង ៣ ខែ ប្រជាជនអាមេរិកជាង ៤០ លាននាក់បានស្នើសុំជំនួយសម្រាប់អ្នកបាត់បង់ការងារ ដោយសារ កូវីត១៩

ប្រជាជនអាមេរិកសរុបប្រមាណជាង ៤០ លាននាក់ ត្រូវបានរាយការណ៍ថា បានបំពេញទម្រង់បែបបទដើម្បីសុំការជួយឧបត្ថម្ភពីសំណាក់រដ្ឋាភិបាល តាមរយៈកម្មវិធីជំនួយសម្រាប់អ្នកបាត់បង់ការងារ ចាប់តាំងពីវិបត្តិ កូវីត១៩ បានផ្ទុះឡើងខ្លាំងកាលពីកំឡុងខែ មីនា ។ នេះបើតាមការចេញផ្សាយរបស់សារពត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី ២៨ ខែឧសភា ឆ្នាំ២០២០។

មែនទែនទៅ អត្រាអ្នកគ្មានការងារធ្វើនៅទូទាំងសហរដ្ឋអាមេរិក នៅខែ មេសា បានកើនដល់ ១៤.៧ ភាគរយ ដែលវាជាខ្ពស់បំផុតមួយមិនធ្លាប់មាន ខណៈអ្នកជំនាញភាគច្រើនរំពឹងថា អត្រានេះនឹងបន្តកើនថែមទៀត នៅខែឧសភានេះ ហើយអាចនឹងបន្ដរហូតដល់ខែ វិច្ឆិកា ខាងមុខទៀត។

ដោយឡែក ការព្យាករណ៍មួយក្នុងចំណោមការព្យាករណ៍ផ្សេងទៀតដែលធ្វើឡើង​ដោយ​ St. Louis Fed កាលពីពេលកន្លងទៅ​​បានប្រាប់ឲ្យដឹងថា “ប្រសិនបើការរីករាលដាលនៃ កូវីដ ១៩ នៅតែបន្ដកើនឡើង និងអូសបន្លាយរយៈពេលយូរ ​នោះភាពអត់ការងារធ្វើអាចនឹងកើនឡើងលើសពី ៣០ ភាគរយ​ ដែល​វា​នឹង​អាក្រក់​ជាង​កាលជំនាន់វិបត្តិសេដ្ឋកិច្ច​ឆ្នាំ ២០០៩ ទៅ​ទៀត។​ ចំណែកក្នុង​សម័យ​មហាវិបត្តិសេដ្ឋកិច្ច​ឆ្នាំ ​ ១៩៣៣ អត្រាគ្មានការងារធ្វើបានកើនឡើងត្រឹមតែ ២៤.៩% ​ប៉ុណ្ណោះ​” ។

តាមរយៈ​ក្រសួងការងារ​អាមេរិកបានឲ្យដឹងថា ការងារ​ក្នុង​គ្រប់វិស័យ រងប៉ះពាល់ ដោយសារ​វិធានការ​ដាក់មនុស្ស​ក្នុង​ផ្ទះ។ ខណៈផ្នែក​ទេសចរណ៍​កំសាន្ត និង​សណ្ឋាគារ រងប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ។ ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលអាមេរិក ទើប​បាន​បញ្ចេញ​កញ្ចប់ថវិកា​ជាង ៦៦៩ ពាន់​លាន​ដុល្លារ សម្រាប់​ឲ្យ​ក្រុមហ៊ុន​ធុនតូច និងមធ្យម​ខ្ចី យកទៅប្រើ​ដើម្បី​បើកប្រាក់ខែ​ឲ្យបុគ្គលិក។

ទន្ទឹមនឹងនេះ បណ្តារដ្ឋរបស់អាមេរិកមួយចំនួន កំពុងចាប់ផ្តើមដំណើរការសកម្មភាពសេដ្ឋកិច្ចរៀងៗខ្លួនឡើងវិញ ស្របពេលដែលក្រុមហ៊ុន-អាជីវកម្ម បានចាប់ផ្តើមបើកទ្វារឡើងវិញជាបណ្តើរៗ បុគ្គលិកមួយចំនួន ដែលត្រូវបានព្យួរការងារកន្លងមក ក៏ត្រូវបានហៅឲ្យចូលធ្វើការងារវិញ។ រីឯអាជីវកម្មខ្លះៗ ដូចជាកន្លែងហាត់ប្រាណ ហាងលក់ដូរទំនិញ ភោជនីយដ្ឋាន ហាងធ្វើសក់-កែសម្ផស្សជាដើម បានអនុញ្ញាតឲ្យបើកទ្វារឡើងវិញ តែត្រូវមានវិធានការទប់ស្កាត់ និងប្រុងប្រយ័ត្នឲ្យមែនទែន សម្រាប់ខ្លួណផ្ទាល់ ក៏ដូចជាអតិថិជនរបស់ខ្លួន។

តែបើទោះជាមានការបើកអាជីវកម្មសាជាថ្មី ហើយបុគ្គលិកខ្លះដែលត្រូវបានបញ្ឈប់ ត្រូវបានហៅឲ្យទៅធ្វើការងារវិញក៏ដោយ ប៉ុន្ដែប្រជាជនអាមេរិកប្រមាណជាង ២.១ លាននាក់ទៀត ទើបតែបានដាក់ពាក្យស្នើសុំការជួយឧបត្ថម្ភសម្រាប់អ្នកគ្មានការងារធ្វើ ដែលនេះបង្ហាញឲ្យឃើញថា អាមេរិក នៅតែស្ថិតនៅក្រោមសំពាធខ្លាំងពីជំងឺ កូវីត១៩។

គួររំលឹកផងដែរ គិតត្រឹមថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២០ អាមេរិកនៅតែឈរនៅលំដាប់លេខ ១ ដែលមានចំនួនអ្នកឆ្លង ១ ៧៦៨ ៤៦១ នាក់ និងស្លាប់ច្រើនជាងគេ ១០៣ ៣៣០ នាក់ ខណៈ ប្រេស៊ីល នៅតែឈរចំណាត់លេខ ២ ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេ ៤៣៨ ៨១២ នាក់៕

ដោយ៖ ស្រីពេជ្រ