ខណៈកូវីត១៩ធ្វើឲ្យសេដ្ឋកិច្ចពិភពលោកប៉ះពាល់យ៉ាងដំណំតែមហាសេដ្ឋីអាមេរិក បែរជានាំគ្នាកើបលុយបាន ៥៦៥ ពាន់លានដុល្លារ

ថ្វីបើជំងឺ កូវីត ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក និងធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់ប្រជាជនទូទាំងពិភពលោកមានការផ្លាស់ប្ដូរយ៉ាងណាក៏ដោយ តែមហាសេដ្ឋីអាមេរិក បែរជាត្រូវបានគេរាយការណ៍ថាកំពុងនាំគ្នាំសំងំកើបប្រាក់ដល់ជាង ៥៦៥ ពាន់លានដុល្លារទៅវិញ ត្រឹមរយៈពេលតែ ៣ ខែ ប៉ុណ្ណោះ។ នេះបើយោងតាមប្រភពពត៌មាន CNN នៅថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០។

ជាក់ស្ដែង បើទោះជាប្រជាជនអាមេរិកផ្ទាល់កំពុងស្ថិតនៅក្រោមសម្ពាធបាត់បង់ការងារធ្វើ និងត្រូវហាមប្រាមមិនឲ្យចេញពីផ្ទះនៅតាមតំបន់មួយចំនួន  ក៏មិនបានចោទជាបញ្ហាអ្វីធំដុំដល់ ក្រុមមហាសេដ្ឋីអាមេរិកទាំងអស់នោះដែរ ពោលពួកគេនៅតែបន្ដកើបលុយជាហូរហែរជាមួយនឹងមុខជំនួញរបស់ខ្លួន។

យោងតាមរបាយការណ៍ថ្មីចុងក្រោយបង្អស់ ដែលចេញផ្សាយដោយវិទ្យាស្ថានសម្រាប់សិក្សាគោលនយោបាយ (Institute for Policy Studies) បានឲ្យដឹងថា ត្រឹមរយៈពេល ៣ ខែ ចុងក្រោយ ចាប់តាំងពី កូវីត១៩ ចាប់ផ្ដើមឆ្លងរាតត្បាតខ្លាំងក្នុងទឹកដីសហរដ្ឋអាមេរិក ពោលគឺពីថ្ងៃទី ១៨ ខែ មីនា មក មហាសេដ្ឋី ទាំងអស់ដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក ប្រមូលបានប្រាក់សរុប​ ៥៦៥ ពាន់លានដុល្លារ ពីអាជីវកម្មរបស់ពួកគេធ្វើឱ្យទ្រព្យសរុបរបស់ពួកគេកើនដល់ ៣.៥ទី្រលានដុល្លារ កើនឡើង ១៩ ភាគរយ។

របាយការណ៍ដដែលឱ្យដឹងទៀតថា ម្ចាស់ក្រុមហ៊ុន Amazon លោក Jeff Bezos អាចកើបលុយបានច្រើនជាងគេរហូតដល់ទៅ ៣៦.២ពាន់លានដុល្លារ។ ហើយក្នុងរយៈពេលដូចគ្នា ក្រៅពីលោក Jeff Bezos , លោក Mark Zuckerberg ដែលជានាយកប្រតិបត្តិក្រុមហ៊ុន (CEO) Facebook អាចរកចំណូលបានប្រមាណ ៣០.១ ពាន់លានដុល្លារ។ ស្របពេលមហាសេដ្ឋី ដទៃទៀតដូចជាសហស្ថាបនិកក្រុមហ៊ុន Google លោក Sergey Brin ,ម្ចាស់ក្រុមហ៊ុន Tesla និង Space X​ លោក Elon Musk, និងលោក Larry Page រួមទាំងអតីត​នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Steve Ballmer ម្នាក់ៗ សុទ្ធតែរកបានចំណូលម្នាក់ ១៣ ពាន់លានដុល្លារ ឬច្រើនជាងនេះ។

ទន្ទឹមនឹងនេះ ដោយសារតែ កូវីត ១៩ ប្រជាជនអាមេរិកប្រមាណជាង ៤២ លាននាក់ បានដាក់ពាក់ស្នើសុំអត្ថាប្រយោជន៍គ្មានការងារធ្វើ ដើម្បីស្រោចស្រង់ជីវភាពរបស់ខ្លួន។ ជាពិសេស អ្នកធ្វើការនៅក្នុងវិស័យទេសចរណ៍ និងសេវាកម្ម ត្រូវបានរាយការណ៍ថាទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ក្នុងចំណោមវិស័យទាំងអស់។

គួរបញ្ជាក់ផងដែរ មកទល់ពេលនេះ សហរដ្ឋអាមេរិកនៅតែឈរនៅលំដាប់ទី ១ ដែលមានចំនួនអ្នកឆ្លង ១ ៩២៤ ១៨៩ នាក់ និងស្លាប់ ១១០ ១៧៩ នាក់ ច្រើនជាងគេបង្អស់ ខណៈ ប្រទេស ប្រេស៊ីល ស្ថិតនៅលំដាប់ លេខ ២ ដែលមានអ្នកឆ្លងច្រើនជាងគេ ៦១៥ ៨៧០ នាក់ ៕

ដោយ៖ ស្រីពេជ្រ