ត្រឹមរយៈពេល ៤ ខែដំបូងនេះ និយោជិតប្រមាណ ៦៧ ម៉ឺននាក់ នៅក្នុងប្រទេសវៀតណាមបាត់បង់ការងារ ដោយសារកូវីត១៩

បន្ទាប់ពីមានការរីករាលដាលនៃជំងឺ កូវីត ១៩ ជាសកល មនុស្សជាច្រើននៅជុំវិញពិភពលោកបានជួបវិបត្ដិបាត់បង់ការងារធ្វើ ដោយសារក្រុមហ៊ុន សហគ្រាសជាច្រើនបានប្រកាសបិទទ្វារ  ខណៈមួយចំនួនទៀតកំពុងតែប្រឈមនឹងការបាត់បង់ការងារធ្វើផងដែរ។

ជាមួយគ្នានេះ ប្រទេសវៀតណាម ក៏ត្រូវបានរាយការណ៍ថា មានមនុស្សយ៉ាងហោចណាស់ ៦៧ ម៉ឺននាក់ បានបាត់បង់ការងាររបស់​ខ្លួនក្នុង រយៈពេល ៤ខែដំបូងនៃឆ្នាំ ២០២០ នេះ ដោយសារវិបត្ដិជំងឺកូវីដ-១៩។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានការងារនៃក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម។

យោងតាមទិន្នន័យដដែលបានបង្ហាញឲ្យដឹងថា កាលពីចុងខែ មេសា មានប្រមាណ ៥៥ ភាគរយ នៃនិយោជិតដែលធ្វើការនៅក្នុងវិស័យផលិតកម្ម និងក្រុមហ៊ុនអាជីវកម្ម និង ៤៦ ភាគរយ នៃនិយោជិតនៅក្នុងសហគ្រាស និង សាជីវកម្មបានរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតនេះ។

ជាពិសេស នៅក្នុងខែមេសា មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតជាមួយនឹងនិយោជិត ៧៦ភាគរយដែលបានរងផលប៉ះពាល់ ​គឺកើនឡើង ២០ភាគរយបើធៀបទៅនឹងខែមុន។ រហូតដល់ ៧៦ភាគរយនៃសហគ្រាសត្រូវបានបញ្ឈប់ នឹងផ្អាកកិច្ចសន្យាការងារជាមួយ​កម្មករនិយោជិត មានការបញ្ឈប់និយោជិត ឬអនុញ្ញាតឱ្យពួកគេធ្វើការដោយផ្លាស់វេនគ្នា។

កម្មករនិយោជិតប្រមាណ ៨០.០០០នាក់បន្ថែមទៀត ត្រូវបានគេព្យាករណ៍ថា នឹងបាត់បង់ការងាររបស់ពួកគេនៅក្នុងខែឧសភា ដែលបង្កើនចំនួនអ្នកគ្មានការងារធ្វើក្នុងរយៈពេល ៥ ខែដំបូងនេះ មានចំនួនដល់ទៅ ៧៥០.០០០នាក់។ លើសពីនេះ ប្រសិនបើ​ បញ្ហា​ កូវីត១៩ នៅតែបន្ដ នៅរយៈពេល ៦ ខែ នោះនឹងមាន ៧៥ ភាគរយ ទៅ ៨០ ភាគរយ នៃ​ក្រុមហ៊ុន​នៅ​វៀតណាម​​នឹងត្រូវ​ក្ស័យធន ដោយសារតែ​ចំណូល​ធ្លាក់ចុះ នេះបើតាម​ការ​ស្ទង់មតិ​មួយរបស់​ស្ថាប័ន​ក្រុមប្រឹក្សាស្រាវជ្រាវអភិវឌ្ឍន៍​សេដ្ឋកិច្ចឯកជន។

ជុំវិញបញ្ហានេះ អង្គការ ​ILO ក៏ធ្លាប់បាន​គូសបញ្ជាក់កាលពីពេលកន្លងទៅយ៉ាងដូច្នេះថា៖ «​ការរីករាលនៃជំងឺ កូវីត ១៩ ​ កំពុង​ធ្វើឲ្យមាន​ផល​ប៉ះពាល់​មិនធ្លាប់មានឡើយ​លើ​វិស័យការងារ​នៅក្នុងប្រទេស​វៀតណាម ហើយវិបត្តិនេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់យ៉ាង​ខ្លាំងដល់​កម្មករ​ធ្វើការងារ​នៅក្នុងសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ដោយសារតែ​ពួកគេ​មានកង្វះ​ខាត​ផ្នែកគាំពារ​សង្គម​ »។

គួរបញ្ជាក់ផងដែរ កំណើន​សេដ្ឋកិច្ច​វៀតណាម នៅក្នុងត្រីមាសទី១ ឆ្នាំនេះ ត្រូវបាន​ប៉ាន់ប្រមាណថា មាន ៣.៨២% ដែលជា​កំណើន​ទាបបំផុត​ក្នុងរយៈពេល​១០​ឆ្នាំចុងក្រោយនេះ ខណៈការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកកំពុងបន្តកើតមាន៕

ដោយ៖ ស្រីពេជ្រ