ត្រឹម ៤ ខែ ដំបូង ឆ្នាំនេះ កម្ពុជា នាំចេញជ័រកៅស៊ូបានជាង ៧ ម៉ឺនតោនកើនឡើង ១៣ ភាគរយ

កម្ពុជា សម្រេចការនាំចេញ ជ័រកៅស៊ូ ទៅក្រៅប្រទេសក្នុងរយៈពេល ៤ ខែ ដំបូង នៃឆ្នាំ ២០២០ បានប្រមាណ ៧១,៧៤៩ កើនឡើង ១៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២០​ នេះ។

ក្នុងរបាយការណ៍ដដែលក៏ប្រាប់ឲ្យដឹងថា សម្រាប់ការនាំចេញក្នុងខែ មេសា វិញ សម្រេចបាន១៨,៦០៤ តោន កើនឡើងចំនួន ៦,៨៥៣ តោន ស្មើនឹង ៥៨ ភាគរយបើធៀបនឹងខែមុន។ មួយវិញទៀតសម្រាប់តម្លៃជ័រកៅស៊ូជាមធ្យមក្នុងខែ មេសា មានចំនួន ១,១៩២ ដុល្លារក្នុងមួយតោន។

ជាមួយគ្នានេះ សម្រាប់ ៤ ខែ នៃដើមឆ្នាំ ២០២០ តម្លៃជ័រកៅស៊ូជាមធ្យម មានតម្លៃ ១,៣៥៨ ដុល្លារក្នុង ១ តោន។ អញ្ចឹងហើយបើគិតជាទឹកប្រាក់ នាំចេញជ័រកៅស៊ូដែលកម្ពុជា សម្រេចបាននៅរយៈពេល៤ខែមកនេះ មានចំនួន ៩៧,៤៣៥,១៤២ លានដុល្លារអាមេរិក។

មកដល់បច្ចុប្បន្ននេះនៅកម្ពុជា មានផ្ទៃដីកៅស៊ូចំនួន ៤០៤,៨០១ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ២៥០,០៦៦ហិកតាស្មើនឹង៦២ភាគរយ និងផ្ទៃដីថែទាំចំនួន ១៥៤,៧៣៥ ហិកតាស្មើនឹង ៣៨ភាគរយ។ បន្ថែមពីនេះ ​កម្ពុជា​ចែក​ប្រភេទ​ចំការ​កៅស៊ូ​ជា ​៣ ​ផ្នែក ​រួមមាន​ចំការ​កៅស៊ូ​កសិឧស្សាហកម្ម​រដ្ឋ ​ក្នុងនោះ​មាន​តែ​វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា​តែ​មួយ​គត់ ​ចំការ​កៅស៊ូ​កសិ​ឧស្សាហកម្ម​ឯកជន ​មាន​៩​ក្រុមហ៊ុន ​និង​ចំការ​កៅស៊ូ​ក្រុមហ៊ុន​វិនិយោគ​លើ​សម្បទាន​ដី​សេដ្ឋកិច្ច ​និង​ចំការ​កៅស៊ូ​គ្រួសារ​។ ​

គួរបញ្ជាក់ឲ្យដឹងផងដែរថា កាលពីឆ្នាំ ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត ៣០ ម៉ឺនតោន ទទួលបានចំណូលជិត ៤០០ លានដុល្លារអាមេរិក ខណៈទីផ្សារសម្រាប់ ជ័រកៅស៊ូ កម្ពុជា គឺរួមមានដូចជាប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី ជាដើម៕

ដោយ៖ ស្រីពេជ្រ