“ត្រូវចាកចេញពីភាពដដែលៗ និងចាកចេញពីគំនិតចាស់គំរិល ទើបជាមាគ៌ានាំអ្នកឆ្ពោះទៅរកអ្វីដែលថ្មី”

ជាការពិតណាស់ ក្រុមហ៊ុនរបស់អ្នកនៅតូចនៅឡើយ ហើយអ្វីគ្រប់យ៉ាងមិនទាន់មានភាពរឹងមាំ ដែលមានន័យថា អ្វីគ្រប់យ៉ាងដែលអ្នកកំពុងតែធ្វើ វាគ្រាន់តែជាការសាកល្បង រៀនពីវិធីធ្វើអាជីវកម្មតែប៉ុណ្ណោះ។ អ្នកចង់ទទួលបានលទ្ធផលច្រើនប៉ុណ្ណា នោះអ្នកត្រូវតែលះបង់ច្រើនប៉ុណ្ណោះដែរ។ សម្រាប់លោក Jeff Bezos ការប្រឈមនឹងហានិភ័យ និងការវង្វេងផ្លូវនៅក្នុងព្រៃអាជីវកម្ម វាមិនមែនជាអ្វីដែលក្រុមហ៊ុនធំៗ គ្រាក់ៗ ត្រូវយកមកដាក់ជាអាទិភាពនោះទេ ដោយហេតុថា ក្រុមហ៊ុនទាំងនោះ មានបទពិសោធន៍ និងភាពយូរអង្វែងនៅក្នុងទីផ្សាររួចទៅហើយ តែសម្រាប់ក្រុមហ៊ុនតូចៗ ដែលទើបតែចាប់ផ្ដើមវិញ វាជារឿងផ្សេង។ អ្វីដែលក្រុមហ៊ុន ធំៗបានធ្វើនោះគឺ ធ្វើឲ្យគ្រប់ផ្នែកទាំងអស់ គឺឈានដល់ចំណុចកំពូល និងឆ្លងកាត់ភាពបរាជ័យដែលជាការពិសោធន៍ពីភាពរឹងមាំខ្លួនឯង ថាតើមានកម្រិតខ្លាំងប៉ុន្មាន?

ការបត់បែន ផ្លាស់ទីម្ដងទៅលិច ម្ដងទៅកើត ឬជាការវង្វេងនៅក្នុងព្រៃអាជីវកម្ម វាមិនមែនជាការដែលសាកល្បង និងអនុវត្ដដ៏ល្អនោះទេ សម្រាប់អាជីវកម្មមួយ ដោយសារតែ អាជីវកម្មរបស់អ្នក វាកើតឡើងមិនមែនជាការចៃដន្យនោះទេ។ មែនទែនទៅ វាទាមទារ ឲ្យមានវប្បធម៌នៃការកសាង ការអង្កេតស៊ីជម្រៅលើឥរិយាបថរបស់អតិថិជន ការយល់ និងស្ដាប់អ្វីដែលអតិថិជនរបស់អ្នកនិយាយពីផលិតផលរបស់អ្នក នៅពេលដែលពួកគេបានប្រើវាហើយ ប៉ុន្ដែអ្វីដែលជាបញ្ហា តើអ្នកមានសេចក្ដីក្លាហានប៉ុន្មាននៅក្នុងការស្ដាប់ការរិះគន់របស់អតិថិជនរបស់អ្នក និងស្រមៃមើលពីការកែច្នៃថ្មីដែលស្របទៅនឹងអ្វីដែលពួកគេត្រូវការ? លោក Jeff Bezos បាននិយាយថា “ក្រុមហ៊ុនដែលអស្ចារ្យ គឺតែងតែ ទទួលយកនូវការប្រថុយប្រថានបែបនេះជានិច្ច” ។

លោក Jeff Bezos បានបង្ហាញពីវិធីដែលបង្កើនភាពច្នៃប្រឌិត និងការរីកចម្រើនរបស់បុគ្គលិកថា ត្រូវធ្វើយ៉ាងណាឲ្យបុគ្គលិកមានការបត់បែន និងចាកចេញពីកន្លែងដដែលៗ ទម្លាប់គិតដដែលៗ តាមរយៈការអនុវត្ដវិធីសាស្ត្រការងារថ្មី ឬធ្វើឲ្យពួកគេចូលរួមដោះស្រាយបញ្ហានៅក្នុងអង្គភាពឲ្យបានច្រើន ដើម្បីជំរុញគំនិតច្នៃប្រឌិតរបស់ពួកគេចេញមកក្រៅ។ ដោយឡែក ការរក្សាបាននូវការបង្កើតថ្មី បានធ្វើឲ្យក្រុមហ៊ុន Amazon មានការវិវត្ដទៅមុខជាលំដាប់ ពោលគឺតាំងពីហាងលក់សៀវភៅ ទៅហាងលក់រាយទំនិញគ្រប់ប្រភេទ និងរួមទាំងបង្កើតសេវាកម្មជាច្រើនផ្សេងទៀតផងដែរ។ ការបង្កើតថ្មីដែលធ្វើយ៉ាងណា ឲ្យអតិថិជនមានការពេញចិត្ត និងនិយមប្រើ វាជាអ្វីដែលក្រុមហ៊ុន អាជីវកម្មទាំងអស់ត្រូវយកចិត្តទុកដាក់៕

អត្ថបទដោយ៖ ឡាយ ឧត្ដម