ថៃផ្តល់ថវិកាប្រមាណជាង ៦ ម៉ឺនដុល្លារដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ថវិកាជំនួយរបស់រាជរដ្ឋាភិបាលថៃ ប្រមាណ ២លានបាត ស្មើនឹងជាង៦ម៉ឺនដុល្លារអាមេរិក ត្រូវបានផ្ដល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលនេះបង្ហាញឲ្យឃើញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងខួបទំនាក់ទំនងការទូត ៧០ឆ្នាំរវាងប្រទេសទាំងពីរផងដែរ។

ជាមួយគ្នានេះ ថវិកានេះត្រូវបាននាំយកមកដោយលោក Panyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា និងត្រូវប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបជួបពិភាក្សាលើបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ ក៏ដូចជាការដាក់ចេញនូវវិធានការទាំងឡាយ ដើម្បីរួមគ្នាដោះស្រាយបញ្ហា នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២០នេះ។

ក្នុងឱកាសនោះ លោកឯកអគ្គរាជទូតថៃ ក៏បានសម្តែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានដាក់ចេញវិធានការប្រកបដោយភាពប្រាកដនិយម ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ លោកបានលើកឡើងថា វិធានការដែលសម្តេចបានដាក់ចេញ គឺមានប្រសិទ្ធិភាពខ្ពស់ ហើយបានទប់ស្កាត់ មិនឱ្យមានការរាតត្បាតខ្លាំង។

បន្ថែមពីនេះ លោកទូតបានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងកំលុងពេលនេះស្ថានទូត បានធ្វើការជាមួយបណ្តាក្រុមហ៊ុនថៃនៅកម្ពុជា ដោយបានណែនាំឱ្យក្រុមហ៊ុនទាំងនោះ កុំមានការតម្លើងតម្លៃទំនិញនៅកម្ពុជា។ ជាពិសេស ក៏បានណែនាំឱ្យក្រុមហ៊ុនរបស់ថៃទាំងអស់ ចូលរួមគោរពនូវគោលការណ៍ទាំងឡាយរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញមក ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩»។

ជាកិច្ចឆ្លើយតបទៅកាន់រាជរដ្ឋាភិបាលថៃ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនថៃ ដែលបានផ្តល់ជំនួយ និងចូលរួមសហការ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយកម្ពុជា។ ថែមទាំងបានវាយតម្លៃខ្ពស់ចំពោះវិធានការ ដែលរាជរដ្ឋាភិបាលថៃ បានដាក់ចេញក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ទៅភាគីថៃ ពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូតកម្ពុជា នៅក្នុងប្រទេសថៃ ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាមួយថៃផងដែរ។ សម្តេចតេជោបានបញ្ជាក់ថា ឯកអគ្គរាជទូតកម្ពុជានៅប្រទេសថៃ កំពុងតែធ្វើការជាមួយប្រជាជនកម្ពុជា ដែលកំពុងរស់នៅប្រទេសថៃ ធ្វើយ៉ាងណាចូលរួមអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលថៃ ដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

គួរបញ្ជាក់ផងដែរ សម្តេចទើបនឹងបានសម្រេចឱ្យប្រជាជនកម្ពុជា ដែលកាន់លិខិតឆ្លងដែនកម្ពុជា អាចវិលត្រឡប់មកកម្ពុជាវិញ ដោយមិនតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាពនោះទេ។ ប៉ុន្តែត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលពេលមកដល់កម្ពុជាវិញ៕

ដោយ៖ ស្រីពេជ្រ