ទម្លាប់ល្អ ៥ យ៉ាងរបស់ លោក John c. Maxwell ត្រូវរៀនតាម បើចង់អ្នកជោគជ័យ

មនុស្សគ្រប់គ្នាតែងមានទម្លាប់រៀងៗ ខ្លួន សម្រាប់ជីវិតប្រចាំថ្ងៃ តែមិនប្រាកដថាទម្លាប់ដែលបានធ្វើទាំងអស់សុទ្ធតែល្អ និងជួយឲ្យជីវិតរបស់អ្នកមានភាពល្អប្រសើរនោះទេ។ មែនទែនទៅ ពេលខ្លះជីវិតរបស់អ្នកបែរជាកំពុងត្រូវបានបំផ្លាញ ហើយខកខានទទួលបានឱកាសល្អៗ ដោយសារតែទម្លាប់របស់អ្នកនេះតែម្ដង។ ជាមួយគ្នាផងដែរ លោក John c. maxwell ដែលជានិពន្ធ និងអ្នកនិយាយសាធារណៈដ៏ល្បីម្នាក់ ក៏បានប្រាប់ពីទម្លាប់មួយចំនួនរបស់ខ្លួន ដែលជួយឲ្យជីវិតរបស់លោកមានភាពល្អប្រសើរ និងដើរទៅមុខបានដោយរលូន។

ខាងក្រោមនេះជាទម្លាប់ ៥ ដែល លោក John c. maxwell តែងតែប្រកាន់ជាប់ក្នុងខ្លួន ហើយទទួលបានលទ្ធផលល្អក្នុងការងារ៖​

/ ចេះគ្រប់គ្រងពេលវេលា

ការគ្រប់គ្រងពេលវេលាឲ្យបានល្អជារឿងសំខាន់ ព្រោះបើមិនដូច្នេះជីវិតរបស់អ្នកនឹងរញ៉េរញ៉ៃជាមិនខាន។ អ្នកបានដឹងរួចទៅហើយថា ការងារប្រចាំថ្ងៃរបស់អ្នកមានច្រើនដែលត្រូវធ្វើ បែបនេះហើយ ត្រូវកំណត់ពេលវេលាឲ្យបានជាក់លាក់ក្នុងការធ្វើវាឲ្យសម្រេច ជាការពិតអ្នកមិនអាចកំណត់វាឲ្យបានរហូតទេ ដោយហេតុពេលខ្លះ ស្ថានភាពជាក់ស្ដែងធ្វើឲ្យអ្នកត្រូវផ្លាស់ប្ដូរបត់បែនទៅតាមកាលៈទេសៈ ក៏ប៉ុន្ដែអ្នកក៏មិនត្រូវបណ្ដែតបណ្ដោយពេកនោះដែរ។ ប្រសិនបើគ្មានហេតុការណ៍ប្រែប្រួលអ្វីទេ អ្នកគួរតែធ្វើរឿងទាំងអស់នោះទៅតាមផែនការ កុំព្រោះតែភាពខ្ជិលក៏មិនធ្វើហើយពន្យារពេល ចាំពេលក្រោយឲ្យសោះ។

/ ប្រយ័ត្នសម្ដីរបស់អ្នក

និយាយច្រើនពេកក៏មិនមែនជារឿងល្អដែរ ប្រសិនបើវាជារឿងអត់ប្រយោជន៍ ហើយនិយាយចេញមកក្នុងគោលបំណងមិនល្អ ចង់ឲ្យអ្នកដទៃអន្ដរាយ។ អ្នកគួរតែផ្ដោតទៅលើការងាររបស់ខ្លួនជាជាងចំណាយពេលអត់ប្រយោជន៍ទៅនិយាយផេ្ដសផ្ដាស់។ អ្នកត្រូវចាំថា ពាក្យសម្ដីខុសឆ្គងរបស់អ្នកតែមួយម៉ាត់ អាចធ្វើឲ្យជីវិតអ្នកជួបទុក្ខទោសបាន។ ដូច្នេះហើយ បើទំនេរទៅរៀនសូត្រជំនាញអ្វីបន្ថែម ឬធ្វើអ្វីដែលជួយអភិវឌ្ឍន៍ខ្លួន ប្រសើរជាងនិយាយមិនបានការ។

៣/​ រក្សាទំនាក់ទំនងល្អជាមួយមនុស្សជុំវិញ

ទំនាក់ទំនងល្អជារឿងមួយសំខាន់សម្រាប់មនុស្សគ្រប់គ្នា អ្នកមិនអាចទទួលបានជោគជ័យដោយគ្មានទំនាក់ទំនងជាមួយនរណាសោះឡើយ។ បែបនេះ ត្រូវរក្សាទំនាក់ទំនងឲ្យបានល្អជាមួយមនុស្សដែលអ្នកធ្លាប់ធ្វើការ ឬសហការរួមគ្នា ព្រោះអនាគត មើលមិនឃើញ ថ្ងៃក្រោយពួកគេអាចក្លាយជាចំណែកមួយដែលជួយធ្វើឲ្យផែនការរបស់អ្នកដើរទៅបានដោយរលូន។

/ បន្ថែមល្បឿនក្នុងជីវិត

អ្នកត្រូវដើរទៅមុខជានិច្ច ព្រោះពិភពលោកសព្វថ្ងៃកាន់តែវិវត្តន៍ទៅមុខដូចគ្នា មនុស្សជាច្រើនសុទ្ធតែជាមនុស្សមានសមត្ថភាព។ ដូច្នេះអ្នកត្រូវតែប្រឹងប្រែងអភិវឌ្ឍន៍ខ្លួន គេគ្រប់គ្នាកំពុងដើរទៅមុខ អ្នកមិនអាចទុកឲ្យខ្លួនឯងដើរថយក្រោយបានទេ កុំភ្លេចឲ្យសោះនូវការរៀនសូត្រនូវចំណេះជំនាញបន្ថែម និងអានសៀវភៅឲ្យបានច្រើន ដើម្បីជាអាវុធទុកប្រកួតប្រជែងជាមួយអ្នកដទៃ។

៥/ ចេះផ្ដល់ការសប្បាយខ្លះដល់ខ្លួនឯង

ការប្រឹងប្រែងយកចិត្តទុកដាក់លើការងារ និងផែនការដែលអ្នកបានគ្រោងទុកគឺជារឿងសំខាន់មួយ ប៉ុន្ដែអ្នកក៏ត្រូវចំណាយពេលខ្លះដើម្បីបន្ធូរអារម្មណ៍ខ្លួនឯងផង ទិញរបស់ខ្លះជាកាដូខ្លួនឯង ស្ដាប់តន្ដ្រី និងធ្វើដំណើរកម្សាន្ដទៅកន្លែងនានា ដើម្បីឲ្យជីវិតអ្នកមានភាពស្រស់បំព្រងមួយកម្រិតទៀត៕

អត្ថបទដោយ៖ ស្រីពេជ្រ