ទម្លាប់អាក្រក់ ៤យ៉ាង បើមិនជម្រុះចោល ទោះមហាសេដ្ឋីក៏ចុងក្រោយគ្មានសេសសល់ប្រាក់ដែរ

ជាការពិតទៅ មុននឹងក្លាយខ្លួនទៅជាមហាសេដ្ឋីវាមិនមែនជារឿងចៃដន្យនោះទេ រីឯធ្លាក់ខ្លួនក្រតោកយ៉ាកវិញក៏មិនមែនជារឿងចៃដន្យនោះដែរ តែវាសុទ្ធតែកើតឡើងចេញពីទង្វើរបស់បុគ្គលម្នាក់ៗ ជាពិសេស គឺទៅលើការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុតែម្ដង បើទោះជារកបានច្រើនប៉ុណ្ណា​ បើមិនមានភាពម៉ត់ចត់ច្បាស់លាស់ទៅលើវា ចុងក្រោយនឹងអស់ពីខ្លួនរលីងតែម្ដង។ ខាងក្រោមនេះ ជាទម្លាប់អាក្រក់ ៤ យ៉ាង បើមិនជម្រុះចោល ទោះមហាសេដ្ឋីក៏ចុងក្រោយគ្មានសេសសល់ប្រាក់ដែរ៖

) មិនសូវយកចិត្តទុកដាក់តាមដានលើការចំណាយរបស់ខ្លួន

ការយកចិត្តទុកដាក់ត្រួតពិនិត្យទៅលើការចំណាយ វាបានបង្ហាញឲ្យឃើញពីភាពម៉ត់ចត់របស់អ្នកមួយផ្នែកទៅលើការចាយវាយរួចហើយ ក៏ប៉ុន្ដែមនុស្សជាច្រើនតែងមើលរំលង។ ពួកគេតែងដកទិញនេះ ទិញនោះ ជាពិសេសរបស់របរកំប៉ិកកំប៉ុក ដោយមិនបានកត់ត្រាទុក ដែលជាហេតុធ្វើឲ្យលុយបាត់ចេញទៅដោយមិនដឹងខ្លួន។ ថ្វីបើវាការធ្វេសប្រហែលដ៏តូចមួយ ដែលគិតថាមិនអី តែបើនៅមិនព្រមកែប្រែទម្លាប់ នោះវានឹងនាំទុកដល់អ្នកទៅថ្ងៃក្រោយជាក់ជាមិនខាន។

) ការចាយវាយដោយប្រើអារម្មណ៍ និងទិញទំនិញថ្លៃដេញតាមឲ្យទាន់ម៉ូតថ្មី

ការចាយវាយប្រាក់ដោយប្រើអារម្មណ៍ ជារឿងដែលមិនត្រឹមត្រូវមួយ ជាពិសេសសម្រាប់អ្នកមានទ្រព្យសម្បត្តិច្រើនតែម្ដង។ ចំណុចនេះហើយ ដែលធ្វើឲ្យមហាសេដ្ឋីមួយចំនួនរលាយទ្រព្យដោយមិនដឹងខ្លួនម្ដងបន្ដិចៗ ព្រោះពួកគេគិតថាខ្លួនសល់ប្រាក់ច្រើនទៅហើយ ទោះចាយបង្ហិនបន្ដិចក៏មិនអី។ រីឯការចំណាយច្រើនពេកទៅលើរបស់ថ្លៃៗ ក៏មិនមែនជារឿងល្អដែរ ព្រោះបើគិតតែពីដេញតាមឲ្យទាន់ម៉ូតថ្មីគ្រប់របស់របរនោះ ទោះរកចំណូលបានច្រើនប៉ុណ្ណាក៏គង់តែអស់ទៅវិញដែរ។

) ពឹងតែប្រភពចំណូលមួយ 

មហាសេដ្ឋីដែលមានភាពវ័យឆ្លាត ពួកគេមិនដែលមានប្រភពចំណូលតែមួយនោះទេ ពោលសុទ្ធសឹងតែទុកផ្លូវក្រោយសម្រាប់ខ្លួន បើអាជីវកម្មមួយមានបញ្ហា ពួកគេអាចយកប្រាក់ពីអាជីវកម្មមួយមកបង្វិលដើម្បីដោះទាល់មួយគ្រាសិន។ ម៉្យាងទៀត បញ្ហាប្រឈមសុទ្ធតែអាចកើតឡើងដោយមិនបានព្រាងទុក បើគ្មានប្រព័ន្ធសេដ្ឋកិច្ចរឹងមាំ និងជ្រើសពឹងផ្អែកលើប្រភពចំណូលតែមួយច្រក អាជីវកម្មនឹងដួលរំលំតែមួយប៉ប្រិចភ្នែករលាយគ្មានសល់អ្វីតែម្ដង។

) ខ្វះនូវភាពអត់ធ្មត់ក្នុងការវិនិយោគ

រាល់ដំណើរការវិនិយោគមិនមែនសុទ្ធសឹងតែដូចគ្នានោះទេ វាត្រូវពឹងផ្អែក មើលទៅតាមស្ថានភាពជាក់ស្ដែង​ផងដែរ និងតម្រូវឲ្យមានភាពអត់ធ្មត់ច្រើន។ តែមហាសេដ្ឋីមួយចំនួនគ្មានចក្ខុវិស័យវែងឆ្ងាយ និងដោយសារធ្លាប់ទទួលបានជោគជ័យលើការវិនិយោគពីមុនក៏មានអំនួត ហើយមិនស្ដាប់តាមការណែនាំរបស់អ្នកជំនាញ ជ្រើសប្រើអារម្មណ៍ ដល់ចុងក្រោយស្ដាយក្រោយក៏ហួសពេលដែរ៕

អត្ថបទដោយ៖ ស្រីពេជ្រ

ប្រភព៖ www.entrepreneur.com