ទស្សនវិទូអាល្លឺម៉ង៖ ពាក្យកុហក នឹងធ្វើឲ្យមនុស្សបាត់បង់នូវតម្លៃអស់ពីខ្លួន

តើមានមនុស្សណាម្នាក់ដែល មិនធ្លាប់និយាយ ពាក្យកុហក ?

ប្រសិនបើអ្នកប្រកាន់គោលជំហរថា ខ្ញុំមិនដែលពោលពាក្យ កុហក នោះអ្នកកំពុងតែកុហកខ្លួនឯងហើយ។ មែនទែនទៅ រាល់ថ្ងៃនេះមនុស្សដែលត្រូវអ្នកបោកប្រាស់ខ្លាំងជាងគេ គឺជាខ្លួនអ្នកផ្ទាល់តែម្ដង ព្រោះសន្យាអញ្ចេះ សន្យាអញ្ចោះជាមួយខ្លួនឯង តែចុងក្រោយធ្វើមិនបាន។  មនុស្សជាច្រើនសុទ្ធតែស្អប់ពាក្យកុហក ប៉ុន្ដែខ្លួនឯងបែរជាចៀសមិនផុតដូចគ្នាពីការកុហក ទាំងដែលដឹងថា វាជាកំហុសឆ្គងមួយមិនគួរប្រព្រឹត្ត។

ជាមួយគ្នានេះផងដែរ ទស្សនវិទូអាល្លឺម៉ងដ៏ល្បីល្បាញមួយរូប គឹលោក Immanuel Kant ក៏បានលើកឡើងនូវប្រយោគមួយយ៉ាងដូច្នេះថា «ពាក្យកុហក នឹងធ្វើឲ្យមនុស្សបាត់បង់នូវតម្លៃអស់ពីខ្លួន»។ ត្រង់នេះ ចង់ប្រាប់បង្ហាញថា ការកុហក វាជារឿងដែលមិនត្រឹមត្រូវមួយ និងជះឥទ្ធិពលយ៉ាងខ្លាំង ហើយអាចធ្វើឲ្យបុគ្គលម្នាក់អស់តម្លៃដោយសារតែពាក្យមិនពិត ដើម្បីតែផលប្រយោជន៍របស់ខ្លួន។

ការនិយាយ​កុហក​មិនមែន​អាក្រក់​ទាំងស្រុង​ឡើយ ពេលខ្លះកុហកដោយចេតនាល្អ តែ​ក៏​មិនមែនមានន័យថា វាជាទង្វើដែលត្រឹមត្រូវដែលគួរប្រព្រឹត្តនោះទេ។ ពាក្យ កុហក គឹមិនបានយូរអង្វែងឡើយ  ព្រោះវាមិនមែនជាការពិត វាជារឿងប្រឌិតដែលបុគ្គលម្នាក់បង្កើតវាឡើងមក គង់មានថ្ងៃមួយ វានឹងត្រូវបានលាតត្រដាង។ បែបនេះ ហើយពោលពាក្យពិត ទើបអ្នកមិនចាំបាច់ដេកភ័យព្រួយខ្លាចថ្ងៃណាគេដឹងការពិត។

កុហកលើកទី ១ អាចនិយាយថាអ្នកជាមនុស្សចេះបត់បែនតាមកាលៈទេសៈ តែបើនៅបន្ដកុហក នោះបានន័យថា អ្នកព្យាយាមធ្វើវាដើម្បីផលប្រយោជន៍ខ្លួន ហើយបំផ្លាញអ្នកដទៃ។ មិនខ្វល់ថាអ្នកជាមនុស្សដែលប្រព្រឹត្តនូវទង្វើច្រើនប៉ុណ្ណាទេ តែបើមនុស្សជុំវិញខ្លួន បានដឹងថាអ្នក និយាយកុហក អ្នកនឹងប្រែជាអស់តម្លៃភ្លាមៗ ក្នុងក្រសែភ្នែកអ្នកដទៃ។ លើសពីនេះ ពួកគេនឹងលែងមានទំនុកចិត្តចំពោះអ្នក ព្រោះមិនដឹងថា ពេលណាអ្នកនិយាយពិត ហើយពេលណាកុហកឡើយ។

ដូច្នេះហើយ គួរតែចៀសឲ្យបាននូវការកុហក ដោយហេតុថា វាអាចផ្ដល់ផលប្រយោជន៍ដល់អ្នកត្រឹមរយៈពេលខ្លី ហើយនឹងផ្ដល់ទុកទោសដល់អ្នកនាពេលអនាគត។ មិនតែប៉ុណ្ណោះ យូរៗ ទៅ វានឹងក្លាយជាទម្លាប់អាក្រក់មួយដែលក្រាញ់ជាប់ខ្លួនមិនអាចខ្វះបាន បើមិនបានកុហកប្រែជានៅមិនសុខ។ និយាយការពិត ប្រកបដោយបញ្ញា នោះទើបជីវិតរបស់អ្នកមានភាពល្អប្រសើរ៕

អត្ថបទដោយ៖ ស្រីពេជ្រ