ទស្សនៈអាជីវកម្ម៖ ចង់សម្រេចគោលដៅធំ ចាំបាច់ត្រូវពឹងលើគោលដៅតូចៗ

អ្នកប្រហែលជាធ្លាប់ឆ្លងកាត់មកហើយនូវការបរាជ័យរឿងអនុវត្ដន៍ផែនការ មិនថាជាផែនការផ្ទាល់ខ្លួន គ្រួសារ ឬអាជីវកម្មនោះទេ។ ការបរាជ័យភាគច្រើនគឺមិនមែនមកពីអ្នកមិនមានសមត្ថភាពក្នុងការអនុវត្ដផែនការបាននោះទេ តែផ្ទុយទៅវិញវាកើតអំពីផែនការរបស់អ្នកមិនបានកំណត់នូវគម្រោងការតូចៗដែលអ្នកអាចសម្រេចបានដើម្បីឈានដល់ផែនការធំ។ អ្នកចាប់ផ្ដើមឡើងពីសកម្មភាពធំៗ ដោយមិនខ្វល់ពីភាពខ្វះខាតនៅក្នុងចំណុចតូចៗ ដែលជាហេតុធ្វើឲ្យផែនការរបស់អ្នកមានភាពឆកល្វែង។

ខាងក្រោមនេះ ជាវិធីសាស្រ្ដអនុវត្ដផែនការតូចៗដែលអ្នកអាចធ្វើបាន ដើម្បីសម្រេចផែនការធំ៖

១. កំណត់គោលដៅតែមួយច្បាស់លាស់ដែលយើងអាចធ្វើបានជាដំណាក់កាលៗ

ផែនការដែលបរាជ័យភាគច្រើនគឺ ដោយសារតែកំណត់គោលដៅច្រើនពេក និងមិនមានភាពច្បាស់លាស់។ ដើម្បីអាចសម្រេចភាពជោគជ័យបាន អ្នកគួរតែរៀបផែនការរបស់អ្នកជាដំណាក់តូចៗ ដែលអ្នកអាចសម្រេចបានក្នុងរយៈពេលណាមួយយ៉ាងខ្លី។ ឧទាហរណ៍៖ អ្នកបានកំណត់ផែនការបង្កើនការលក់របស់អ្នកឲ្យបាន១០,០០០$ ក្នុង១ខែចាប់ពីខែក្រោយ។ ដូច្នេះ អ្នកមិនអាចអនុវត្ដភាមទេភ្លាមៗទេ នូវការបង្កើនម៉ោងលក់ ឬបង្កើនផលិតផលលក់។ អ្នកត្រូវធ្វើការសិក្សាពីធាតុរួមផ្សំជាច្រើនដែលចូលរួមបង្កើនការលក់សិន ហើយចាប់ផ្ដើមបង្កើតជាដំណាក់កាលដើម្បីសម្រេចមុននឹងឈានដល់ការលក់១០,០០០$ នៅក្នុង១ខែ។

២. សួរយោបល់អ្នកដែលធ្លាប់ឆ្លងកាត់ ឬចេះច្រើនជាងអ្នក

ត្រូវចេះសាកសួរ និងស្វែងរកការពន្យល់ និងផ្ដល់យោបល់ពីមនុស្សដែលមានសមត្ថភាព និងជំនាញនៅក្នុងផ្នែកដែលអ្នកចង់សម្រេចបាន មុននឹងចេញសកម្មភាព។ ការចេះសាកសួរ និងស្ទង់មើលពីភាពដែលអាចទៅរួច រួមទាំងដឹងពីចំណុចគួរប្រុងប្រយ័ត្ន នោះការអនុវត្ដផែនការរបស់អ្នកប្រាកដជា​មានភាគរយជោគជ័យខ្ពស់ជាមិនខាន។ អ្នកមិនគួរទេ អនុវត្ដផែនការតាមការនឹកភ្លាមៗឃើញរបស់អ្នក យ៉ាងហោចណាស់ អ្នកត្រូវគិតឲ្យបាន២ជំហានទៅមុខទៀតសិនដែរ ចាំអនុវត្ដ។

៣. ចេញសកម្មភាព​ធ្វើវាភ្លាម

បន្ទាប់ពីបានកំណត់អ្វីដែលត្រូវធ្វើ និងយល់ដឹងពីរឿងរ៉ាវដែលត្រូវប្រុងប្រយ័ត្នអំឡុងពេលប្រតិបត្ដិការហើយ អ្វីដែលអ្នកត្រូវធ្វើបន្ដនោះគឺ ត្រូវចេញសកម្មភាពភ្លាមៗកុំបង្អង់យូរឲ្យសោះ។ ដោយហេតុថា អ្នកនៅមានគម្រោងការតូចៗជាច្រើនទៀតដែលកំពុងរង់ចាំអ្នក៕

អត្ថបទដោយ៖ ឡាយ ឧត្ដម