ទស្សនៈអាជីវកម្ម៖ បុគ្គលជោគជ័យតែងមានរបស់ ២យ៉ាងនេះនៅលើបបូរមាត់របស់ពួកគេជានិច្ច

មុននឹងទទួលបាននូវភាពជោគជ័យនៅក្នុងជីវិត និងអាជីវកម្ម តោងឲ្យមនុស្សម្នាក់ៗមានចិត្តអំណត់ អត់ធ្មត់ និងស៊ូទ្រាំឲ្យបាននៅពេលដែលជួបបញ្ហាម្ដងៗ។ បើមិនអញ្ចឹងទេ កម្រណាស់ដែលភាពជោគជ័យ មករកយើងដោយឯកឯង។ មនុស្សដែលអាចសម្រេចនូវភាពជោគជ័យធំធេង គឺជាមនុស្ស​ដែលមានមហិច្ឆតាធំ មានក្ដីស្រមៃធំ និងជាមនុស្សដែលដឹងពីសមត្ថភាពខ្លួនឯង។

ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ គេតែងតែសង្កេតឃើញថា បុគ្គលជោគជ័យទាំងនោះតែងមានរបស់ពីរយ៉ាង នៅលើមុខរបស់ពួកគេ ទី១ គឺស្នាមញញឹម និងទី២គឺភាពស្ងប់ស្ងាត់។

ញញឹម ដើម្បីដោះស្រាយបញ្ហា។ ជាការពិតណាស់ ប្រសិនបើយើងគិតបែបវិជ្ជមាន នោះគ្រប់អ្វីៗទាំងអស់សុទ្ធតែមានវិធីក្នុងការបង្កើត និងដោះស្រាយ។ មនុស្សជាអ្នកបង្កើតបញ្ហា ដូច្នេះមនុស្សក៏ជាអ្នកដែលអាចដោះស្រាយបញ្ហាបានដែរ។ បញ្ហាគ្រប់យ៉ាងសុទ្ធតែមានច្រកចេញជានិច្ច គ្រាន់តែយើងមិនទាន់បានរកឃើញផ្លូវដែលល្អបំផុតតែប៉ុណ្ណោះ។ ដូច្នេះ គួរតែញញឹមទទួលយកវា ហើយចាប់ផ្ដើមដោះស្រាយវាបន្ដិចម្ដងៗ គិតបែបវិជ្ជមាន និងជឿជាក់លើខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន។ តាមការស្រាវជ្រាវ ការញញឹម និងព្រមទទួលស្គាល់ការពិតនៅចំពោះមុខបញ្ហា វានឹងជួយឲ្យការគិត និងការពិចារណារបស់មនុស្សមានប្រសិទ្ធិភាពជាងមុន និងគិតបានស៊ីជម្រៅ។

ដូចពាក្យគេថា និយាយកាន់តែច្រើន ខុសកាន់តែច្រើន។ ចូរស្ងប់ស្ងាត់ដើម្បីជៀសវាងការបង្កើតកំហុសឆ្គងបន្ដទៀត។ ដកខ្លួនពីស្ថានភាពចំពោះមុខ ហើយមកក្រលេកមើលបញ្ហាពីចំងាយ នោះអ្នកប្រាកដជាបានមើលឃើញកំហុសដែលនាំឲ្យកើតមានបញ្ហាជាមិនខាន។ វាជាចំណុចពិសេសរបស់មេដឹកនាំ ដែលមិនស្លន់ស្លោ នៅពេលដែលខ្លួនកំពុងតែជួបបញ្ហា។ ការរក្សាបាននូវភាពស្ងប់ស្ងាត់ មិនភ្ញាក់ផ្អើលចំពោះមុខបញ្ហា វានឹងធ្វើឲ្យយើងអាចឆ្លើយតបជាមួយនឹងបញ្ហាបានយ៉ាងល្អ។ ការរកដំណោះស្រាយបញ្ហា គឺតម្រូវ​ឲ្យមានការគិតពិចារណាបានស៊ីជម្រៅ ប្រសិនបើយើងមានចិត្ដឆេវឆាវ និងអន្ទះសារកាន់តែខ្លាំង នោះវានឹងធ្វើឲ្យបញ្ញារបស់យើងមានការចុះខ្សោយវិញនោះទេ។ រក្សាលំនឹងខ្លួនឯងឲ្យនឹង មិនជ្រួលច្របល់ និងរក្សាភាពស្ងប់ស្ងាត់ គិតតាមសម្រួល នោះអ្នកប្រាកដជាអាចរកដំណោះស្រាយបានយ៉ាងល្អប្រសើរ។

ជារួមមក អត់ធ្មត់ចំពោះពាក្យប្រមាថ ញញឹមទទួលយកបញ្ហា រក្សាភាពស្ងប់ស្ងាត់ដើម្បីដោះស្រាយបញ្ហា នេះជាវិធីដែលល្អបំផុតក្នុងការគ្រប់គ្រងបញ្ហា និងដឹកនាំមនុស្ស៕

អត្ថបទដោយ៖ ឡាយ ឧត្ដម