ទឹកប្រាក់ប្រមាណ ៥៥ លានដុល្លារ ក្រោមជំនួយរបស់ ធនាគារពិភពលោក នឹងត្រូវយកមកប្រើសម្រាប់អភិវឌ្ឍន៍វិស័យទឹកស្អាតនៅ កម្ពុជា

នាថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២០ កន្លងទៅនេះ ឯកឧត្ដម កឹម បុរី អនុរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញដឹកនាំកិច្ចប្រជុំទាក់ទិននឹងដំណើរការអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដោយមានការចូលរួមពីក្រសួងសា្ថប័នពាក់ព័ន្ធ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក។

ក្នុងឱកាសនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការ ក៏បានមានប្រសាសន៍ថា៖ «ដើម្បីធានាប្រយោជន៍សុខភាពសាធារណៈ អនាម័យនៅក្នុងទីក្រុង និងដើម្បីបំពេញបន្ថែមលើការវិនិយោគដោយធនាគារអភិវឌ្ឍន៍អាស៊ី រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំការគាំទ្រពីធនាគារពិភពលោក សម្រាប់ការអភិវឌ្ឍ និងសាងសង់បណ្តាញលូខ្នែង និងខ្នែងរងនៅទូទាំងទីក្រុង ដើម្បីចូលរួមថែរក្សាអនាម័យ ក៏ដូចជាឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ចំណុចទី ៦ ធានានូវការទទួលបាន និងការគ្រប់គ្រងទឹក និងអនាម័យប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា»។

ជាមួយគ្នានេះ សម្រាប់គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ មានហិរញ្ញប្បទាន ៥៥ លានដុល្លារអាមេរិក នឹងត្រូវបែងចែកជាពីរសមាសភាគ សមាសភាគទី១ ផ្នែកការផ្គត់ផ្គង់ទឹកស្អាត អនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលគ្រោងនឹងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ស្រុកស្ទោង និងស្រុកសន្ទុក ខេត្តកំពង់ធំ ស្រុកប្រាសាទបាគង និងស្រុកសូទ្រនិគម ខេត្តសៀមរាប ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ក្នុងខេត្តកំពង់ឆ្នាំង។

ចំណែកឯសមាសភាគទី២ ផ្នែកអនាម័យ គឺអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ផ្តោតការយកចិត្តទុកដាក់លើការគាំទ្រដល់ការអភិវឌ្ឍ និងសាងសង់បណ្តាញលូខ្នែង ដែលត្រូវតភ្ជាប់ទៅប្រព័ន្ធលូមេបច្ចុប្បន្នក្នុងទីក្រុងសៀមរាប ដើម្បីឱ្យលំនៅឋាន និងទីតាំងអាជីវកម្មអាចតភ្ជាប់ដោយផ្ទាល់ទៅនឹងប្រព័ន្ធលូក្រុង។

គួរបញ្ជាក់ បច្ចុប្បន្នរដ្ឋាភិបាលកំពុងបន្ដស្វែងរកប្រភពថវិកាពីដៃគូអភិវឌ្ឍន៍នានាទៀត ក្នុងការសាងសង់បណ្តាញលូ ស្ថានីយបូម និងស្ថានីយប្រព្រឹត្តកម្ម ដើម្បីធានាឱ្យបាននូវបរិស្ថានស្អាត សុខភាពអនាម័យសាធារណៈល្អប្រសើរ ហើយលើកកម្ពស់ជីវភាពរស់នៅដល់ប្រជាពលរដ្ឋ៕

ដោយ៖ ស្រីពេជ្រ