ទំហំទុនវិនិយោគលើវិស័យសំណង់កើនជិតដល់ ៤ ពាន់លានដុល្លារ ក្នុងឆមាសទី ១ ឆ្នាំ ២០២០ នេះ

ការវិនិយោគលើវិស័យសំណង់ ក្នុងឆមាសទី ១ ឬ ៦ ខែ ដំបូង នៃដើមឆ្នាំ ២០២០ នេះ មានទំហំទឹកប្រាក់សរុបជិត ៤ ពាន់លានដុល្លារអាមេរិក កើនជាង ១៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៩។ នេះបើយោងទៅតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម។

តាមរយៈរបាយការណ៍ដដែលក៏បានបញ្ជាក់យ៉ាងដូច្នេះថា សំណង់នៅទូទាំងប្រទេស ដែលត្រូវបានអនុញ្ញាតឲ្យសាងសង់មានចំនួន ២,៥២២ គម្រោង មានផ្ទៃក្រឡាសរុបចំនួនជាង ៨.៦ លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ៣.៨ ពាន់លានដុល្លារអាមេរិក។ បើធៀបនឹងឆមាសទី ១ ឆ្នាំ ២០១៩ ពោលគឺកើនឡើង ១៣.២៦%។

ជាមួយគ្នានេះ ទាក់ទិននឹងសំណង់លំនៅដ្ឋានសរុបមានចំនួន ២,០៩៧ គម្រោង មានផ្ទៃក្រឡាសរុប ចំនួនជាង ៤.៥លានម៉ែត្រការ៉េ មានទុនវិនិយោគសរុបប្រមាណជិត១.៨ពាន់លានដុល្លារអាមេរិក។ រីឯសំណង់បុរីលំនៅដ្ឋាន និងបណ្ដុំលំនៅដ្ឋានលក្ខណៈបុរី នៅទូទាំងប្រទេស គឺមាន៣៦ គម្រោង ស្មើនឹងចំនួនផ្ទះ ៦,៥៦២ខ្នង មានផ្ទៃក្រឡាកម្រាលសំណង់សរុបជាង១.៨លានម៉ែត្រការ៉េ ដែលមានតម្លៃវិនិយោគប្រមាណជិត៦៥០លានដុល្លារអាមេរិក។

ទន្ទឹមនឹងនេះ ក្នុងរបាយការណ៍ ក៏បានឲ្យដឹងផងដែរថា ក្រសួងដែនដី បានទទួលពាក្យស្នើសុំលិខិតអនុញ្ញាត បើកការដ្ឋានបានចំនួន ៥៣គម្រោង និងបានផ្ដល់លិខិតអនុញ្ញាតឲ្យបើកការដ្ឋានសំណង់ចំនួន ៥៤គម្រោង (គិតចាប់ពីអនុវត្ត​មដល់ខែ​មិថុនា​ឆ្នាំ២០២០ បាន​ផ្ដល់​ចំនួន ១.៩៥៤គម្រោង)។ ខណៈទទួលពាក្យស្នើសុំលិខិតអនុញ្ញាតបិទការដ្ឋានបានចំនួន ៤៥ គម្រោង និងបានផ្ដល់លិខិតអនុញ្ញាតឲ្យបិទការដ្ឋានសំណង់ចំនួន ៣៧ គម្រោង  (គិតចាប់តាំងពីអនុវត្ត​មកដល់​ខែមិថុនា​ឆ្នាំ២០២០ បានផ្ដល់ចំនួន ៧៦៧គម្រោង) ។

ចំពោះគម្រោងអគារខ្ពស់ៗ ដែលមានកម្ពស់ចាប់ពី ៥ ជាន់ឡើងទៅ មានចំនួន ២១៦ គម្រោង ស្មើនឹង ២៣៤ អគារ។ ដោយឡែក ចំពោះខេត្តព្រះសីហនុ មានគម្រោងខ្ពស់ៗ ចាប់ពី៥ជាន់ឡើងទៅ មានប្រមាណ ៦៧ គម្រោង ស្មើនឹង ៦៩ អគារ។

សូមបញ្ជាក់ រយៈពេលពេញមួយឆ្នាំ ២០១៩ ទំហំទុនវិនិយោគលើវិស័យសំណង់ទូទាំងប្រទេសមានតម្លៃសរុបប្រមាណជាង ៩.៣ ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើងជាង ៧៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៨៕

ដោយ៖ ស្រីពេជ្រ