ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង ជប៉ុន សម្រចបានជិត ៨០០ លានដុល្លារ ត្រឹមរយៈពេល ៤ ខែ ដើមឆ្នាំ ២០២០

យោងតាមតួលេខពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បង្ហាញថាចាប់ពីខែ មករា ដល់ខែ មេសា ឆ្នាំ ២០២០ នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-ជប៉ុន បានកើនឡើង ៤ ភាគរយ ស្មើនឹង ៧៧៨ លានដុល្លារអាមេរិក។

ក្នុងនោះផងដែរ ប្រទេស កម្ពុជា បាននាំចេញផលិតផលមានតម្លៃ ៦២៧ លានដុល្លារទៅកាន់ ជប៉ុន ដែលកើនឡើង ៤ ភាគរយ ខណៈការនាំចូលរបស់ កម្ពុជា ពីប្រទេសជប៉ុនមកវិញមានតម្លៃ ១៥១ លានដុល្លារពោលគឺកើនឡើង ៣ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។

ទាក់ទិននឹងទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាងប្រទេសទាំងពីរ លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ក៏បាន​ឲ្យ​ដឹងថា ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​បាន​ធ្វើឲ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ជប៉ុន កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ ហើយក្នុងឆ្នាំ ២០២០ នេះ លោកក៏សង្ឃឹមកំណើន​នេះ​នឹងបន្ដកើនឡើង​កាន់តែ​ខ្ពស់​បន្ថែមទៀត។

តាមរយៈរបាយការណ៍​ពី​ធនាគារជាតិ​នៃ​កម្ពុជា បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៩ ផលិតផល​សំខាន់​ៗ ៥ ប្រភេទ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិមានដូចជា ​សម្លៀក​បំពាក់  ផលិតផល​វាយនភ័ណ្ឌ​ជិត ស្បែកជើង អង្ករ​ជាង និង​ទោចក្រយាន ដែលក្នុងនោះ ការ​នាំ​ចេញ​ទៅ ជប៉ុន មានចំនួនប្រមាណ ៧,៧​ ភាគរយ។

ដោយឡែកក្នុង​ឆ្នាំ ​២០១៩ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន សម្រេចបាន​ជាង ២.៥ ពាន់លា​នដុល្លាអាមេ​រិក។ រីឯការវិនិយោ​គសំខាន់ៗ របស់​ជប៉ុននៅកម្ពុ​ជា រួមមានដូចជា លើផ្នែ​កផលិតគ្រឿង​បង្គុំអគ្គិសនី និងអេឡិ​ចត្រូនិក គ្រឿងបង្គុំរ​ថយន្ត និងសម្ភារៈបរិក្ខារ​បច្ចេក​ទេស កសិ-ឧស្សាហកម្ម ការកែច្នៃ​ម្ហូបអាហារ ស​ណ្ឋា​គារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សា​រទំនើប។

យោងតាម​ទិន្នន័យ​របស់​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពីពេលកន្លងទៅ សម្រាប់គម្រោង​វិនិយោគ​ជប៉ុន នៅ កម្ពុជា ចាប់តាំងពី​ឆ្នាំ​ ១៩៩៥ រហូតមកដល់​ខែកញ្ញា ឆ្នាំ​ ២០១៩ ​នេះមាន​ចំនួនប្រមាណ ១៤១ គម្រោង​ដែល​មាន​ទុនវិនិយោគ​ ២,៥ ​ពាន់​លាន​ដុល្លារ​។

បើតាម​លោកស្រី ជា គឹមថា អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានឲ្យដឹងថា កម្ពុជា និង​ជប៉ុន​បាន​ប្តេជ្ញា​រក្សា​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាង ២ ​ពាន់​លាន​ដុល្លារ ​ក្នុង​ឆ្នាំ​ ២០២០ ​នេះ បើទោះបី​ជា​ប្រឈម​នឹង​ការរីករាលដាល​ដោយសារ​កូវីដ​ ១៩ ​ក៏ដោយ​៕

ដោយ៖ ស្រីពេជ្រ