ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា និង ថៃ សម្រចបាន ៣.១ ពាន់លានដុល្លារ ត្រឹមរយៈពេល ៤ ខែ ដើមឆ្នាំនេះ

Cambodia's Prime Minister Hun Sen (L) and Thailand's Prime Minister Prayuth Chan-ocha shake hands during a news conference after an agreement signing ceremony at the Government House in Bangkok, Thailand, December 19, 2015. REUTERS/Jorge Silva - RTX1ZCF6

ក្នុងរយៈពេល ៤ ខែ នៃដើមឆ្នាំ ២០២០ នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា និង ថៃ ត្រូវបានរាយការណ៍ថា មានចំនួនប្រមាណ ៣.១ ពាន់លានដុល្លារ ពោលគឺកើនឡើងជាង ១៨.៣ ភាគរយ បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩។ នេះបើយោងតាមការបញ្ជាក់របស់ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេស ថៃ កាលពីពេលថ្មីៗ កន្លងទៅ។

ក្នុងនោះ ប្រទេស កម្ពុជា បានចំណាយថវិកាចំនួន ២.៤ ពាន់លានដុល្លារ ទៅលើការនាំចូលពីប្រទេសថៃ ដែលភាគច្រើន សុទ្ធសឹងតែជាគ្រឿងម៉ាស៊ីនអេឡិចត្រូនិច ប្រេងឥន្ធនៈ សំភារៈសំណង់ ស្បៀងអាហារ គ្រឿងសំអាង និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។ ខណៈរកចំណូលបានចំនួន ៦៨៧ លានដុល្លារ ពីការនាំចេញទៅប្រទេស ថៃ រួមមានគ្រឿងអលង្ការ និងផលិតផលកសិកម្ម ជាដើម។

​បើយោងតាមការលើកឡើងរបស់ លោក ជុំ​រិ​ន ឡាក់​សៈណាក់ វិ​ហ្ស៊ី​ត រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ ក្នុង​ឱកាស​បើក​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ កាលពីកំឡុងខែ កុម្ភះ បានឲ្យដឹងថា ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ អាចដើរបាន​រលូន និង​មាន​កំណើន​ជា​បន្តបន្ទាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ក៏ព្រោះតែប្រទេសទាំងពីរមានទំនាក់ទំនងល្អរវាងគ្នានឹងគ្នា ស្របពេលថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ពង្រឹង​នូវ​កិច្ច​សហប្រតិបត្តិការ​យ៉ាងមោះមុត ក្នុងការ​ជំរុញ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​នេះឲ្យកាន់តែមានភាពប្រសើរឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ។

ដោយឡែក លោក​ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ក៏បានថ្លែងយ៉ាងដូច្នេះថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ថៃ និង​កម្ពុជា ពិតជាមានការ​កើន​ឡើងជា​បន្តបន្ទាប់​គួរ​អោយ​កត់សម្គាល់មែន ហើយការកើនឡើងនេះក៏ដោយសារ​តែ​ទំនាក់ទំនង​រវាងប្រទេស​ទាំង​ពីរ​មាន​ភាពល្អ​ប្រសើរ​ជា​បន្តបន្ទាប់។

ជាមួយគ្នានេះ ប្រទេសទាំងពីរ ក៏បានបេ្ដជ្ញាថានឹងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យសម្រេចបានដល់ ១៥ ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២០ តែទោះជាយ៉ាងណាក្ដីនេះគ្រាន់តែជាផែនការដែលបានគិតទុកមុនប៉ុណ្ណោះ យ៉ាងណាៗ គឺវាអាស្រ័យទៅតាមស្ថានភាពជាក់ស្ដែង។

គួរបញ្ជាក់ផងដែរ កាលពីឆ្នាំ ២០១៩ កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានទឹកប្រាក់ជាង ៩.៤១ ពាន់លានដុល្លារអាមេរិក ខណៈកើនឡើង១២ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ដែលមានចំនួនត្រឹម ៨.៣៨ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ៕

ដោយ៖ ស្រីពេជ្រ