ធនាគារជាតិទុកពេល ៣ ខែដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប្រមូលក្រដាសប្រាក់ ១$ ២$ ៥$ ដើម្បីដឹកចេញក្រៅប្រទេស ខណៈនៅតែចាយបានជាធម្មតាលើទីផ្សារ

ធនាគារជាតិនៃកម្ពុជាប្រកាសផ្តល់ពេលវេលាចំនួន ៣ ខែ ចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីនាំយកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១ ដុល្លារ ២ ដុល្លារ និង ៥ ដុល្លារ មកធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេស ដោយឥតគិតកម្រៃសេវា។ នេះបើយោងសេចក្តីប្រកាសព័ត៌មានផ្លូវការមួយ ចេញ នៅរសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញ។

ការបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាជាមួយតំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្តីពីបញ្ហាប្រឈមនៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ និងផលវិបាករបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ក្នុងការគ្រប់គ្រងប្រភេទក្រដាសប្រាក់ទាំងនេះ។

យោងតាមការបញ្ជាក់របស់ធនាគារជាតិដដែលបានឲ្យដឹងថា ក្នុងរយៈពេល ៦ខែ ចុងក្រោយនេះ ប្រាក់រៀល​ ក៏ដូចជា​រូបិយបណ្ណ​ក្នុងតំបន់​បានធ្លាក់ចុះថ្លៃ គួរឲ្យកត់សម្គាល់ ធៀបនឹង​ប្រាក់ដុល្លារអាមេរិក។ រីឯប្រទេសក្នុងតំបន់​តម្លៃ រូបិយបណ្ណ​របស់គេធ្លាក់ថ្លៃ គឺជាចម្បង​ដោយសារតែ​ការធ្លាក់ចុះនៃ​ការនាំចេញ និងលំហូរ​ចេញនៃមូលធន។ ចំណែកឯ​កម្ពុជាវិញ ការធ្លាក់ចុះថ្លៃប្រាក់រៀល គឺដោយសារតែ​តម្រូវការ​ ប្រាក់រៀល​ធ្លាក់ចុះ ដែលជាកត្តាចម្បង​បណ្ដាលមកពី ការថមថយ​នៃសកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក និងការធ្លាក់ចុះ​តម្រូវការ​ប្រាក់រៀល​សម្រាប់​បង់ពន្ធ។ល។

ចំពោះការធ្លាក់ថ្លៃ​ប្រាក់រៀល​ ធៀបនឹង​ដុល្លារអាមេរិកនេះ មានឥទ្ធិពល​អវិជ្ជមាន​ទៅលើ​ប្រជាកសិករ​ ដែលមានចំណូល​ជាប្រាក់រៀល។ ដូច្នេះ ដើម្បីជំរុញ​តម្រូវការ​ប្រើប្រាស់​ប្រាក់រៀល​នៅក្នុង​ចរន្ដ​សេដ្ឋកិច្ច ជាពិសេស​សម្រាប់​ប្រតិបត្តិការ​ដែលមានទំហំតូច ការប្រើប្រាស់​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក ប្រភេទតូចៗគួរតែ​ត្រូវជំនួស​ដោយប្រើប្រាស់​ប្រាក់វៀលវិញ។

ជាមួយគ្នានេះ បន្ទាប់ពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ ធនាគារជាតិនៃកម្ពុជានឹងផ្ទេរការចំណាយដឹកជញ្ជូនចេញទៅក្រៅប្រទេសលើក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាអ្នករ៉ាប់រងវិញ។ ចំពោះការទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១០$ ឡើងទៅ គឺមិនមានកម្រៃសេវាទេ។

បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជា នឹងបន្តពិភាក្សាជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីឈានទៅកំណត់ពេលវេលាណាមួយសមស្រប ដើម្បីផ្អាកការទទួលក្រដាសប្រាក់ដុល្លារអាមេរិក ប្រភេទតូចទាំងស្រុងពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ធនាគារជាតិ

គួរបញ្ជាក់ផងដែរ ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅតែចាយបានដូចធម្មតានៅលើទីផ្សារ មិនមានការហាមឃាត់នោះទេ ប៉ុន្តែនៅពេលខាងមុខធនាគារជាតិនៃកម្ពុជា នឹងផ្អាកការទទួលយកក្រដាសប្រាក់ ដុល្លារអាមេរិកទាំងនេះពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតែប៉ុណ្ណោះ។ ចំពោះ ការអនុវត្តវិធានការខាងលើមិនមានន័យថា ជាការហាមឃាត់ចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចៗទាំងនេះ នៅលើទីផ្សារនោះទេ៕

ដោយ៖ ស្រីពេជ្រ