ធនាគារពិភពលោក៖ កូវីត១៩ ធ្វើឲ្យការងារនៅកម្ពុជាប្រមាណជាង ១.៧ លានកន្លែងប្រឈមមុខនឹងហានិភ័យ

ការរីករាលដាលនៃជំងឺកូវីត ១៩ ជាសាកលបានកំពុងជះឥទ្ធិពលអាក្រក់ដល់​ការងារ​របស់ប្រជាពលរដ្ឋ​កម្ពុជា​ ហើយយ៉ាង​ហោច​ណាស់ការងារជាង ​១ លាន​ ៧៦ ​ម៉ឺន​នាក់ កំពុងប្រឈមមុខនឹងហានិភ័យ ជាពិសេស​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​សេវាកម្ម ទេសចរណ៍ និង​ក្នុង​វិស័យ​កាត់​ដេរតែម្ដង។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​ពិភព​លោក ​​(World Bank) ដែលចេញផ្សាយដោយសារពត៌មាន  Reuters។

លោកស្រី Inguna Dobraja ប្រធាន​គ្រប់គ្រង​នៃ​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖«វិបត្តិ​ជា​សកល​ដែល​បង្ក​ដោយ​ការ​រាលដាល​នៃ​ជំងឺ ​កូវីដ ១៩ នេះ​បាន​ធ្វើឲ្យ​មាន​ការប៉ះ​ទង្គិច​យ៉ាងខ្លាំង​មក​លើ​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​ឆ្នាំ២០២០។ ទាក់ទិននឹងបញ្ហានេះ ធនាគារពិភពលោកក៏បានប្តេជ្ញាជួយប្រទេសកម្ពុជាដោះស្រាយប្រកបដោយប្រសិទ្ធភាព និងពង្រឹងសេដ្ឋកិច្ចសំរាប់ការស្តារឡើងវិញ នាពេលអនាគតផងដែរ»។

បន្ថែមពីនេះ ដោយ​សារការរាតត្បាតជាសកលនៃ កូវីត ១៩ ​ ​ក្នុង​ឆ្នាំ​២០​២០ កំណើន​សេដ្ឋកិច្ច​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​មាន​ល្បឿន​យឺត​បំផុតដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ ​១៩៩៤ ​មក ហើយ​វានឹ​ងថយ​រហូត​ដល់ចន្លោះ ១​ និង​ ២.៩​ភាគ​រយ។ ​បន្ថែមពីនេះ ​ ភាព​ក្រីក្រ​ក្នុង​ឆ្នាំ ​២០២០ ​អាច​នឹង​កើន​ឡើង​ពី ​៣ ​ទៅ​១១ ​ភាគ​រយ​ប្រសិន​បើ​អ្នក​ដែល​ស្ថិត​ក្នុង​វិស័យ​រង​ផល​ប៉ះពាល់​បាត់​បង់​ចំណូល​អស់​៥០ ​ភាគ​រយ​ក្នុងរយៈពេល​៦​ខែ​ជាប់​គ្នា។

ដោយឡែក លោក ​អ៊ិន ចាន់នី ​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា មានថ្លែងប្រាប់ឲ្យដឹងថា៖ ​«កាលពីជំនាន់ ​វិបត្តិហិរញ្ញវត្ថុ​សាកល​ឆ្នាំ ​២០០៨ ​កាល​នោះ​វា​ប៉ះពាល់​បំណុល​ភាគ​ច្រើន​លើ​លំនៅដ្ឋាន អចលនទ្រព្យ ដីធ្លី តែប៉ុណ្ណោះ ហើយជា​បទ​ពិសោធន៍ វាចំណាយពេលជាង ​៣ ​ឆ្នាំ ដើម្បី​ធ្វើ​ឲ្យសេដ្ឋកិច្ច​ងើប​ឡើង​វិញ។ ប៉ុន្ដែសម្រាប់ កូវីត ១៩ វិញ លោកមិនទាន់អាចទស្សន៍ទាយឲ្យជាក់លាក់បានឡើយមានតែរង់ចាំមើលតាមស្ថានភាពជាក់ស្ដែងប៉ុណ្ណោះ ព្រោះថា​ប៉ះពាល់​ស្ទើរ​គ្រប់​វិស័យ»។

គួរបញ្ជាក់ផងដែរ ក្រុមប្រឹក្សាភិបាលនាយកប្រតិបត្តិ នៃធនាគារពិភពលោក បានសម្រេចបញ្ចេញកញ្ចប់ថវិកាចំនួន ១៥ លានដុល្លារអាមេរិក ដែលជាឥណទាន ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដើម្បីជួយដល់ប្រទេសកម្ពុជាសម្រាប់ជួយដល់គម្រោង ពង្រឹងប្រព័ន្ធបណ្តុះបណ្តាលគ្រូពេទ្យ មុនពេលចូលបម្រើការងារ ក្នុងគោលដៅឈានទៅកែលម្អ គុណភាពសេវាថែទាំសុខភាព ឲ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើង៕

ដោយ៖ ស្រីពេជ្រ