ធនាគារ ជីប ម៉ុង សាខាខេត្តកំពង់ចាម បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ខណៈពាំនាំនូវ សេវាហិរញ្ញវត្ថុទាន់សម័យដើម្បីបំពេញតម្រូវការរបស់អតិថិជន

ធនាគារ  ជីប ម៉ុង  សាខាខេត្តកំពង់ចាម បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ នាថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២០ កន្លងទៅ ខណៈបានត្រៀមខ្លួនពាំនាំនូវភាពច្នៃប្រឌិតខ្ពស់ និងសេវាធានាគារតាមប្រព័ន្ធឌីជីថលដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលរស់នៅក្នុងខេត្តកំពង់ចាម។  

ជាមួយគ្នានេះ ពិធីសម្ពោធត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកជំទាវកិតិ្តបណ្ឌិត អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ឧកញ៉ា ភាព ហៀក ស្ថាបនិកនៃក្រុមហ៊ុនជីប ម៉ុង គ្រុប។

ក្នុងឱកាសនោះ លោកជំទាវ​កិត្តិបណ្ឌិត អ៊ុក​ ម៉ាលី ទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា បានមានប្រសាសន៍ថា ការដាក់ដំណើរការនូវធនាគារជីបម៉ុង នៅខេត្តកំពង់ចាម នេះ បានបង្ហាញពីការរីកចម្រើននៃវិស័យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

លោកជំទាវបន្តថា ដោយប្រទេសជាតិមានសុខសន្តិភាពពេញផ្ទៃប្រទេស ដូចនេះ ជំរុញដល់ធនាគារជីបម៉ុង ត្រូវអនុវត្តន៍តាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការ សម្របសម្រួលដល់អតិថិជនរបស់ខ្លួន ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ ១៩ នេះ ហើយយើងត្រូវតែអរគុណសន្តិភាព ទើបយើងមានធនាគារ ជីបម៉ុងនៅខេត្តកំពង់ចាម។

លោកឧកញ៉ា  លាង ឃុន   ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និងជាភាគ ទុនិកនៃធនាគារ ជីប ម៉ុង  មានប្រសាសន៍ថា វត្តមាន ធនាគារ  ជីប ម៉ុង ក្នុងខេត្តកំពង់ចាម ពិតជាបានជួយជំរុញនូវកំណើនសេដ្ឋកិច្ចរបស់ខេត្តឱ្យមានការរីចម្រើនបន្ថែមទៀត ដោយ ជួយគាំពារផ្នែកហិរញ្ញវត្ថុដល់ម្ចាស់ក្រុមហ៊ុនផ្សេងៗ    សហគ្រាស   និងសិប្បកម្ម ពាណិជ្ជករ   កសិករ និងប្រជាពលរដ្ឋទូទៅ  ដើម្បីពង្រីកមុខរបររបស់ពួកគេ   ជាពិសេសទទួលបានភាព ងាយស្រួលក្នុងការធ្វើចរន្តសាច់ប្រាក់ផ្សេងៗ។

បន្ថែមពីនេះ ចំពោះសេវាកម្មដែលធនាគារ ជីប ម៉ុង សាខាខេត្តកំពង់ចាមមានផ្តល់ជូន រួមមានដូចជា ការទទួលឥណទានមានលក្ខណងាយស្រួល សេវាកម្ចីសម្រាប់ពង្រីកអាជីវកម្ម សេវាប្រាក់បញ្ញើដែលអាចទទួលបានអត្រាការខ្ពស់ សេវាកម្មប្រាក់បៀរវត្សដែលមានអត្រាការខ្ពស់សម្រាប់និយោជិត កម្មវិធីទូរស័ព្ទ Bank! Bank! ដែលអាចដកប្រាក់ បញ្ចូលកាតទូរស័ព្ទ បង់វិក័យផ្សេងៗ និងទូរទាត់តាមទូរស័ព្ទយ៉ាងងាយស្រួល និងភ្នាក់ងារធនាគារ ។

ឯកឧត្តម អ៊ុន​ ចាន់ដា​  អភិបាលខេត្តកំពង់ចាម​ ក៏បានសម្តែងការស្វាគមន៍ ចំពោះវត្ត មានរបស់ធនាគារ  ជីប ម៉ុង នឹងជួយជំរុញសេដ្ឋកិច្ចក្នុងខេត្តឱ្យកាន់តែរីកចម្រើន ជាមិនខាន និងស្នើដល់ធនាគារជីបម៉ុង ជួយអភិវឌ្ឍន៍ឥណទានពាណិជ្ជកម្ម ឥណទានផ្ទាល់ខ្លួន បញ្ញើមានអត្រាការប្រាក់ខ្ពស់ ដើម្បីជីវភាពរស់នៅរបស់ពលរដ្ឋក្នុងខេត្តកំពង់ចាម មានការរីក ចម្រើនដែលជាអតិថិជនរបស់ខ្លួន ដើម្បីឱ្យពលរដ្ឋអ្នកខ្ចី និងធនាគារទទួលបានជោគជ័យ ដូចគ្នា ក្នុងវិស័យការខ្ចីប្រាក់នេះ។

គួររំលឹកផងឲ្យដឹងផងដែរ ខេត្តកំពង់ចាម ជាសាខាទី២ ដែលបានសម្ពោធដាក់ឱ្យដំណើរការ នៃធនាគា ជីប ម៉ុង គ្រុប ក្នុងចំណោម ៨ សាខា នៅទូទាំងប្រទេស   ដែលពង្រីកឡើងក្នុងគោលបំណងដើម្បីជួយជំរុញសេដ្ឋកិច្ចក្នុងខេត្តនេះ ឱ្យកាន់តែរីកចម្រើនតាមរយៈការផ្តល់ឥណទាន ពាណិជ្ជកម្ម ឥណទានផ្ទាល់ខ្លួន និងប្រាក់បញ្ញើមានអត្រាការប្រាក់ខ្ពស់៕

ដោយ៖​ ស្រីពេជ្រ