ធនាគារ អេស៊ីលីដា ប្រមូលបាន ១៧.៥ លានដុល្លារពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ

ធនាគារ អេស៊ីលីដា បានបិទតម្លៃភាគហ៊ុនរបស់ខ្លួនហើយក្នុងនៅតម្លៃ ១៦.៥០០ រៀល (៤,១២ ដុល្លារ) ក្នុងមួយដុល្លារពោលគឺកើនឡើង ៣០០ រៀលពីការបោះផ្សាយលក់មូលបត្រជាសាធារណៈដំបូងចំនួន ១៦,២០០ រៀល (៤,០៥ ដុល្លារ) បន្ទាប់ពីបានចុះបញ្ជីជាផ្លូវការនៅក្នុងផ្សារមូលបត្រក្នុងស្រុក និងបាន​ប្រមូល​មូលនិធិ​ប្រហែល ១៧.៥ ​លាន​ដុល្លារ​ពី​ការបោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ (IPO) របស់ខ្លួន​នៅលើ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ (CSX)។​

ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពី ធនាគារ អេស៊ីលីដា ភីអិលស៊ី និងផ្សារមូលបត្រកម្ពុជា បានប្រារព្ធពិធីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធរបស់ ធនាគារ អេស៊ីលី ភីអិលស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃច័ន្ទ ទី ២៥ ខែឧសភា ឆ្នាំ ២០២០ ម្សិលមិញនេះ។

នៅក្នុងពិធីនេះ លោកឯកឧត្តមក៏បានគូសបញ្ជាក់ថា៖ «   ជាមួយ​នឹង​ការធ្វើ​មូលធន​ទីផ្សារ​ដ៏ច្រើន​របស់​ធនាគារ​អេស៊ីលីដា​មាន​ប្រហែល​ ១,៧៥ ​ពាន់​លាន​ដុល្លារ ដែល​ស្មើ​ជិត ៣ ​ដង​នៃ​ការកម្រិត​ទីផ្សារ​របស់ CSX វា​នឹង​ធ្វើឲ្យ​មាន​ភាពទាក់ទាញ​កាន់តែខ្លាំង​សម្រាប់​ក្រុម​វិនិយោគិន​បរទេស ជាពិសេស​វិនិយោគិន​ស្ថាប័ន ព្រមទាំង​ជំរុញ​សកម្មភាព​ជួញដូរ​របស់​ទីផ្សារ​មួយ​នេះ​ផងដែរ​។ ហើយការចុះបញ្ជីរបស់ធនាគារអេស៊ីលីដា នឹងក្លាយជាគម្រូមួយសម្រាប់ជំរុញដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្សេងទៀតដែលមានបំណង ឬនៅមានភាពស្ទាក់ស្ទើរនៅឡើយ ក្នុងការប្រមូលទុនពីទីផ្សារមូលបត្រឱ្យកាន់តែមានភាពជឿជាក់ ក្នុងការចាប់យកឱកាសកៀរគទុនសម្រាប់ពង្រឹងនិងពង្រីកអាជីវកម្មរបស់ខ្លួន»។

លោក អ៊ិន ចាន់នី ប្រធាន​នាយកប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​បាន​ឲ្យ​ដឹង​នៅក្នុង​ពិធី​ចុះបញ្ជី​ថា ក្រុម​វិនិយោគិន​សាធារណៈ​ប្រហែល ២ ៤៩៧ ​នាក់​បាន​ក្លាយជា​ភាគទុនិក​ថ្មី​របស់​ធនាគារ​តាមរយៈ​ការបោះ​ផ្សាយ IPO ផ្លូវការ​នេះ​។

ជាមួយគ្នានេះ លោកជំទាវ ទាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការបោះផ្សាយលក់មូលបត្រ សិទ្ធិរបស់ធនាគារអេស៊ីលីដា គឺជាផ្នែកមួយនៃការធ្វើពិពិធកម្មមូលធនបន្ថែមលើមូលនិធិជាប្រាក់បញ្ញើរបស់អតិថិជននិងការខ្ចី មូលនិធិពីក្រៅប្រទេស ហើយក៏ជាជម្រើសផលិតផលហិរញ្ញវត្ថុមួយបន្ថែមទៀត សម្រាប់វិនិយោគិនសក្តានុពលផងដែរ។

បន្ថែមពីលើនេះ ឯកឧត្តម ហុង សុខហួរ អគ្គនាយក នៃផ្សារមូលបត្រកម្ពុជា (ផ. ម. ក) ក៏បានលើកឡើងផងដែរថា គិត​ត្រឹម​ថ្ងៃទី​ ២៥ ខែ​ឧសភា CSX មាន​ក្រុមហ៊ុន​ចុះបញ្ជី​សរុប ១២ ក្នុង​ចំណោម​នោះ​ក្រុមហ៊ុន ៦ ​បោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ និង​ក្រុមហ៊ុន ៦ ​ផ្សេង​ទៀត​បោះផ្សាយ​សញ្ញា​បណ្ណ​សាជីវកម្ម​។ ក្រុមហ៊ុន ១២ ​នេះ​បាន​ប្រមូល​មូលនិធិ​ប្រហែល ២៤០ ​លាន​ដុល្លារ និង​សន្ទស្សន៍​ភាគហ៊ុន​បាន​កើនឡើង​ជាង ៥៧ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៩ ធៀប​នឹង​ឆ្នាំ​ ២០១៨​។ លោក​បាន​បន្ថែមថា មកដល់​ពេលបច្ចុប្បន្ន​នេះ​វិនិយោគិន​លក្ខណៈ​បុគ្គល និង​ក្រុមហ៊ុន​ប្រហែល ២៥ ០០០ បាន​បើក​គណនី​​ជួញដូរ​នៅ CSX។

បច្ចុប្បន្ន សកម្មភាពទីផ្សារក៏មានការរីកចម្រើនច្រើនជាងមុន ដោយសន្ទស្សន៍ថ្លៃភាគហ៊ុនបានកើនឡើងប្រមាណ៥៨ភាគរយ និងទំហំ ជួញ ដូរប្រចាំថ្ងៃ កើនឡើងជាង ៥ ដងក្នុងឆ្នាំ ២០១៩ បើធៀបជាមួយឆ្នាំ២០១៨។ ដោយមើលទៅតាមទិដ្ឋភាពជាក់ស្ដែង ផ្សារមូលបត្រកម្ពុជារំពឹងថា នឹងអាចក្លាយជាឧបករណ៍ វិនិយោគ ដ៏មានសក្តានុពលតាមរយៈការធ្វើពិពិធកម្មផលបត្រវិនិយោគសម្រាប់វិនិយោគិន និងអាចក្លាយជាទីផ្សារមួយ ដែល ជួយកៀរគទុន ផ្តល់ជម្រើសពិពិធកម្មប្រភពទុនថ្មីមួយទៀតបន្ថែមលើប្រភពទុនដែលមានស្រាប់ និងគាំទ្រ ដល់ការីកចំរើនរបស់ក្រុមហ៊ុន ក្នុងស្រុកនានា ជួយបង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ហើយនឹងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

គួរបញ្ជាក់ផងដែរ បើទោះ​បី​ជា​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​រាតត្បាត​ជា​សកល​ក៏​ដោយ ក៏​វិនិយោគិន​ចំនួន ២.៤៩៧ នាក់ បាន​ធ្វើ​បរិវិសកម្ម (ទិញ) មូលបត្រ​កម្មសិទ្ធិ​របស់​ធនាគារ ហើយ​ចំនួន​នេះ គឺ​ជា​ចំនួន​វិនិយោគិន​ដែល​ចូល​រួម​ច្រើន​បំផុត សម្រាប់​ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កន្លង​មក ដែលនេះ​បង្ហាញ​ពី​ភាពជឿ​ទុក​ចិត្ត និង​គាំទ្រ​របស់​អតិថិជន និង​សាធារណជន ចំពោះ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ផង​ដែរ៕

ដោយ៖ ស្រីពេជ្រ