បន្ទាប់ពីបើកសេដ្ឋកិច្ចដំណើរការឡើងវិញទាំងស្រុង តើម្ចាស់អាជីវកម្មគួរគិតពីបញ្ហាអ្វីខ្លះ?

ជម្ងឺរាតត្បាត COVID-19 បានបង្ករភាពភ័យខ្លាចដល់មនុស្សជាច្រើនទាំងមនុស្សដែលនៅក្នុងសហគមន៍ និងនៅក្នុងវិស័យមុខជំនួញផងដែរ​។ មានម្ចាស់អាជីវកម្មមួយចំនួន ដែលកំពុងតែជួបទុក្ខកង្វល់ជាច្រើននៅក្នុងគ្រាលំបាកមួយនេះ។ ពួកគេមានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុខភាពខ្លួនឯង ក្រុមគ្រួសារ និងនយោជិករបស់ពួកគេផងដែរ។ ពួកគេមានការព្រួយបារម្ភអំពីថាតើ នយោជិករបស់ពួកគេមានសុវត្ថិភាព និងសុខភាពល្អដែរទេ។ ម្ចាស់អាជីវកម្មទាំងអស់កំពុងតែមានការងឿងឆ្ងល់ថាតើរាជរដ្ឋាភិបាលមាន និតិវិធី និងវិធានការអ្វីខ្លះដើម្បីអាចឲ្យពួកគេអាចបើកអាជីវកម្មវិញបាន ហើយពួកគេគួរតែធ្វើអ្វីខ្លះនៅពេលដែលវាមានដំណើរការឡើងវិញ។

សំណួរខាងក្រោមនេះជាសំណួរដែរម្ចាស់អាជីវកម្មគួរតែសួរខ្លួនឯងបន្ទាប់ពីមានការបើកដំណើរការសេដ្ឋកិច្ចឡើងវិញ៖

. តើបុគ្គលិករបស់ខ្ញុំមានសុខភាព និងសុវត្ថិភាពដែរឬទេ?

សុខភាព និងសុវត្ថិភាពរបស់បុគ្គលិករបស់អ្នកវាជាអាទិភាពទីមួយរបស់អ្នកលើសពីកង្វល់ណាទាំងអស់ បើសិនជាគ្មានពួកគេទេអ្នកក៏មិនអាចធ្វើជំនួញ ឬបើកអាជីវកម្មបានដែរ ។ ហើយកុំភ្លេចថាវាមិនត្រឹមតែសុខភាពផ្លូវកាយនោះទេសុខភាពផ្លូវចិត្តក៏ជារឿងសំខាន់ផងដែរអ្នកត្រួវធ្វើយ៉ាងណាដើម្បីឲ្យពួកគេមានអារម្មណ៍កក់ក្ដៅក្នុងពេលបម្រើការងារ ព្រោះពួកគេក៏មានការភ័យខ្លាចរាលដាលឆ្លងទៅដល់ក្រុមគ្រួសាររបស់ពួកគេដែរ។

. តើអតិថិជនរបស់ខ្ញុំមានសុវត្ថិភាពដែរឬទេ?

មុនពេលអ្នកចាប់ផ្ដើមបើកអាជីវកម្មម្ដងទៀតអ្នកត្រូវប្រាកដថា អ្នកអាចគ្រប់គ្រងទៅលើសុវត្ថិភាពរបស់អតិថិជនរបស់អ្នកបានល្អផងដែរ។ ការការពារសុវត្ថិភាពរបស់នយោជិក និងអតិជនវាជាកាតព្វ កិច្ចរបស់អ្នក។ អ្នកត្រូវធ្វើឲ្យអតិថិជនរបស់អ្នកមានអារម្មណ៍សុវត្ថិភាព និងផាកសុខភាពក្នុងពេលប្រើប្រាស់សេវាកម្មរបស់អ្នក។

. តើអាជីវកម្មរបស់ខ្ញុំនឹងផ្លាស់ប្ដូរយ៉ាងដូចម្ដេចខ្លះ?

វាជាអន្ទាក់មួយក្នុងចំណោមអន្ទាក់ធំបំផុតដែលអាចឲ្យម្ចាស់អាជីវកម្មធ្លាក់ចូលទៅបាន គឺពួកគេមានការសន្មតថាអ្វីៗនឹងមានសភាពដូចគ្នាទៅនឹងកាលពីមុន នៅពេលបើកដំណើរការម្ដងទៀត។ ប៉ុន្ដែវាមិនដូចអ្វីដែលអ្នកគិតនោះទេ អតិថិជនប្រាកដជាមានតម្រូវការខុសពីមុនព្រោះតែបញ្ហាសង្គមផ្ទាល់ ។ ដូច្នេះអ្នកគួរតែបង្កើតសេវាកម្មថ្មីៗដើម្បីបំពេញសេចក្ដីត្រូវការរបស់ពួកគេ។

. តើមានឱកាសថ្មីអ្វីខ្លះ សម្រាប់អាជីវកម្មរបស់ខ្ញុំ?

អតិថិជនរបស់អ្នកនឹងមានតម្រូវការ និងចំណង់ចំណូលចិត្តថ្មីៗបន្ទាប់ពីមាន​ COVID-19 ដូច្នេះវាជាឱកាសមួយសម្រាប់អាជីវកម្មរបស់អ្នកក្នុងការបញ្ចេញនូវស្នាដៃដែលថ្មីៗ អស្ចារ្យសម្រាប់ទាក់ទាញអតិថិជនឲ្យបានច្រើន ទៅលើផលិតផល និងសេវាកម្មរបស់អ្នក ។

ជាចុងបញ្ចប់ នៅពេលសេដ្ឋកិច្ចមានដំណើរការឡើងវិញប្រាកដជាមានអាជីវកម្មជាច្រើនចាប់ផ្ដើមរកស៊ីឡើងវិញ ហើយអ្វីដែលម្ចាស់អាជីវកម្មមិនគួររំលងនោះគឺ ការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពរបស់នយោជិកនិងអតិថិជនរបស់ខ្លួនឲ្យបានល្អ និងស្វែងយល់ពីតម្រូវការថ្មីៗរបស់អតិថិជនពួកគេទើបអាចឲ្យអាជីវកម្មអាចដើរទៅមុខបាន៕

ដោយ ៖ វ៉ាន់ ចន្ថា​