បើមិនទាន់មានចំណុចទាំង ៥នេះក្នុងខ្លួន កុំទាន់មានអំនួតថាខ្លួនជាម្ចាស់អាជីវកម្មដែលជោគជ័យម្នាក់ឲ្យសោះ

ជាការពិតទៅ នៅពេលដែលអាជីវកម្មមួយអាចរកប្រាក់ចំណូលបានគ្រាន់បើ សហគ្រិនដែលជាម្ចាស់ចាប់ផ្ដើមមានអំនួតថាខ្លួនកំពុងតែទទួលបានជោគជ័យ តែតាមពិតទៅមិនមែនសុទ្ធតែបែបនេះទាំងអស់ឡើយ។ ទន្ទឹមនឹងនេះ បើអ្នកមានគោលគំនិតបែបនេះ ប្រហែលជាអ្នកកំពុងគិតខុសហើយ ខណៈអ្នកកំពុងខ្វះចំណុចមួយចំនួនដែលធ្វើឲ្យអ្នកក្លាយជាម្ចាស់អាជីវកម្មដ៏ជោគជ័យម្នាក់។

/ មាន​មហិច្ឆតា​ធំ

ការបើកអាជីវកម្មមួយមិនប្រាកដថាអ្នកដែលជាម្ចាស់នៅពីក្រោយសុទ្ធតែមានមហិច្ចតាធំនោះទេ អ្នកខ្លះបើកគ្រាន់តែឲ្យមានឈ្មោះថា មានរបរផ្ទាល់ខ្លួននឹងគេ ខណៈធ្វើបានប៉ុណ្ណាយកបុណ្ណឺងចំណូលល្មមៗ ក៏តាមដំណើរ មិនសូវជាយកចិត្តទុកដាក់ចំពោះអ្វីដែលខ្លួនធ្វើ។ ម្ចាស់អាជីវកម្មដែលជោគជ័យ ជាបុគ្គលម្នាកដែលមានក្ដីស្រមៃ ហើយបង្កើតអាជីវកម្មព្រោះតែមានគោលបំណងចង់ឲ្យវារីកចម្រើនដើរទៅមុខឥតឈប់ឈរ និងត្រូវបានគេទទួលស្គាល់ពីផលិតផល-សេវាកម្មរបស់ខ្លួន មិនមែនបង្កើតឲ្យតែបានៗ នោះទេ។

/ មិនខ្លាចនឹងស្វែងរកជំនួយ

កុំយកមុខមាត់ខ្លួនឯងសំខាន់ពេក ពេលខ្លះអ្នកក៏ត្រូវការជំនួយពីអ្នកនៅជុំវិញដែរ។ ត្រង់នេះ អ្នកត្រូវទទួលស្គាល់ថា មនុស្សមិនចេះគ្រប់ ១០ នោះទេ បែបនេះហើយការប្រាស្រ័យទាក់ទងល្អ និងអោនលំទោនខ្លះ ដើម្បីទទួលបានបទពិសោធ ចំណេះជំនាញ យកមកអភិវឌ្ឃន៍អាជីវកម្ម គឺចៀសមិនផុតទេ។ អញ្ចឹងហើយ កុំមានគំនិតថាធ្វើបែបនេះ ជារឿងអន់ឲ្យសោះ ផ្ទុយទៅវិញវាបញ្ជាក់ថាអ្នកជាមនុស្សដែលអាចបត់បែនតាមកាលៈទេសៈបានយ៉ាងល្អទៅវិញទេ។

/ ភាពសុចរិត​ភាព

មិនមែនគ្រប់អាជីវកម្មដែលរកប្រាក់បានច្រើន សុទ្ធតែមានភាពសុចរិតទាំងអស់ទេ ក៏មានអ្នកខ្លះមានគំនិតអាក្រក់កេញប្រវញ្ច័ញផលប្រយោជន៍ និងបោកប្រាស់អតិថិជនរបស់ខ្លួន។ ការរកប្រាក់ចំណេញជារឿងសំខាន់ តែអ្នកក៏ត្រូវផ្ដល់សេវាដ៏ល្អ និងរបស់មានគុណភាពទៅកាន់អតិថិជនរបស់អ្នកដែរ កុំព្រោះតែផលប្រយោជន៍ខ្លួន ក្បត់នឹងមនសិកាខ្លួនឯង ត្រូវមានភាពស្មោះត្រង់ និងឲ្យតម្លៃទៅកាន់អតិថិនជនរបស់ខ្លួន និងអ្នកដែលជាដៃគូសហការ។

/ ​រៀបចំ​គម្រោង​ត្រៀម​ទុកមុន​ជា​ស្រេច

ជាម្ចាស់អាជីវកម្ម អ្នកមិនអាចធ្វើមួយថ្ងៃ គិតមួយថ្ងៃទេ អ្នកត្រូវមានផែនការ និងផ្លូវក្រោយជានិច្ចសម្រាប់ដោះស្រាយបញ្ហាបន្ទាន់ដែលកើតមានឡើងដោយឥតព្រាងទុក ។ ប្រសិនបើអ្នកធ្វើមួយថ្ងៃដើម្បីតែមួយថ្ងៃ ប្រាក់ដែលរកបានក៏តាមនឹងដែរ ហើយបើមានអាជីវកម្មអ្នកនឹងទៅបាត់។ អ្នកត្រូវមានប្រាក់បំរុងមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម មានផែនការសម្រាប់បុគ្គលិករបស់ខ្លួន និងផ្សេងៗ ជាច្រើនទៀត។

៥. ចេះបែងចែក​ពេលវេលា​សម្រាប់​ខ្លួន​ឯង

ការគ្រប់គ្រងពេលវេលាឲ្យបានល្អជារឿងដែលម្ចាស់អាជីវកម្ម មិនគួរមើលរំលង ព្រោះបើសូម្បីតែពេលវេលាអ្នកមិនអាចគ្រប់គ្រងបានល្អផង តើអ្នកអាចក្លាយខ្លួនជាសហគ្រិនដ៏ជោគជ័យបានយ៉ាងម៉េចសម្រាប់អាជីវកម្មរបស់ខ្លួន? ក្រៅពីការធ្វើអាជីវកម្មអ្នកក៏ត្រូវបែងចែកពេលវេលាឲ្យត្រឹមត្រូវសម្រាប់ក្រុមគ្រួសារ មិត្តភក្ដិ ផងដែរ ព្រោះបើអាជីវកម្មដើរទៅមុខ តែទំនាក់ទំនងរបស់អ្នកជាមួយពួកគេមិនល្អ ក៏គ្មានន័យដែរ៕

អត្ថបទដោយ៖ ស្រីពេជ្រ​