បើយើងមិនធ្វើវាឥឡូវទេ តើពេលណាទើបយើងចាប់ផ្ដើមធ្វើវា?

អ្នកទាំងអស់គ្នាភាគច្រើនគឺខ្លាចក្នុងការចាប់ផ្ដើមធ្វើអ្វីមួយដែលថ្មី ព្រោះអ្នកទាំងអស់គ្នាមានភាពភ័យខ្លាចក្នុងការទទួលបានលទ្ធផលមិនដូចអ្វីដែលយើងរំពឹងទុក ឥឡូវនេះដល់ពេលដែលអ្នកគួរតែធ្វើការផ្លាស់ប្ដូគំនិតមួយនេះចេញហើយ បើសិនជាអ្នកចាប់ផ្ដើមធ្វើសកម្មភាពអ្វីមួយថ្មី ហើយអស្ចារ្យនោះវាអាចផ្លាស់ប្ដូជីវិតរបស់អ្នកបាន។

ហើយនេះក៏ជាពេលដែលត្រូវសួរខ្លួនឯងថាតើអ្នកត្រូវចាំដល់ពេលណាទៀត? តើពេលណាដែលត្រូវចាកចេញពីជីវិតធ្វើការឲ្យគេហើយចាប់ផ្ដើមបើកមុខជំនួញខ្លួនឯង ?  ពេលណាជាពេលត្រឹមត្រូវក្នុងការចាប់ផ្ដើមរកស៊ី ? ពេលណាជាពេលដែលល្អក្នុងការលក់ផលិតផល ? ពេលណា ? ពេលណា? បើសិនជាអ្នកនៅតែអង្គុយសួរខ្លួនឯងបែបនេះ ដោយមិនចាប់ផ្ដើមធ្វើវាទេនោះលទ្ធផលរបស់អ្នកគឺនឹងស្មើសូន្យ។

បើយោងទៅតាមការធ្វើបទសម្ភាសន៍ជាមួយសហគ្រិនដែលមានភាពល្បីល្បាញ គឺស្ថាបនិក Linkedln និងលោក Reid Hoffman ពួកគាត់ទាំងពីរគឺបានផ្ដល់ចម្លើយដូចគ្នាថា “បើអ្នកមានភាពស្ទាក់ស្ទើ មានការអៀនខ្មាស់ក្នុងការចេញរកស៊ីលើកដំបូងរបស់អ្នក នោះអ្នកនឹងខកខានឱកាសក្នុងរីកធំធាត់ ហើយការចេញរបស់អ្នកនឹងមានភាពយឺតពេលជាក់ជាមិនខាន”។​ ចំពោះស្ថានិកមួយរូបទៀតក៏បាននិយាយថា សម្រាប់ចម្លើយគឺមានតែពីរគត់ចំពោះសំណួរនេះគឺ “ឥឡូវនេះឬពេលក្រោយ” ហើយចម្លើយ ”ឥឡូវនេះ” គឺជាចម្លើយដ៏ត្រឹមត្រូវបំផុត។ លោកក៏បានបន្ដទៀតថា រាល់ក្រុមហ៊ុនធំៗក្នុងពិភពលោកគឺបានចាប់ផ្ដើមជាមួយនឹងការមិនពេញចិត្ត ការសើចចំអក ការមើលងាយពីមនុស្សជាច្រើន តែពួកគេនៅតែមានជំនឿថាពួកគេនឹងធ្វើអ្វីដែលមនុស្សគិតថាមិនអាចទៅរួចឲ្យវាក្លាយទៅជាការពិត ទោះបីជា មិនល្អឥតខ្ចោះក៏ដោយ ពួកគេនឹងធ្វើការកែតម្រូវតាមក្រោយបន្ថែមទៀត។

គ្មាននណាម្នាក់អាចមើលឃើញពីជោគវាសនា ភ័ព្វសំណាងរបស់ខ្លួនឯងឃើញទេ ហើយយើងក៏មិនអាចមកអង្គុយពិបាកចិត្តកើតទុកពីវាបានដែរ យើងត្រូវចេះចាប់យកឱកាសមិនមែនឲ្យឱកាសរត់មករកយើងទេ។ វាមិនមករកអ្នកទេ កុំចាំដល់ពេលវេលាល្អឥតខ្ចោះមកដល់ទើបចាប់ផ្ដើមធ្វើវាអី ។ តើអ្នកណាមិនចេះភ័យខ្លាច ភាពភ័យខ្លាចគឹវាស្ថិតក្នុងចិត្តមនុស្សគ្រប់គ្នាព្រោះគ្មាននណាម្នាក់ដឹងថាថ្ងៃស្អែកមានរឿងអី្វកើតឡើងនោះទេ។ ឥឡូវនេះដល់ពេលដែលអ្នកគួរចាក់ចេញពីភាពភ័យខ្លាចទាំងនោះ ហើយចាប់ផ្ដើមធ្វើអ្វីដែលគិតថាមិនអាចទៅរួចឲ្យវាក្លាយទៅជាការពិត ។

ជាចុងក្រោយ អ្នកត្រូវដឹងថាប្រសិនបើអ្នកមានភាពភ័យខ្លាច មានភាពស្ទាក់ស្ទើរក្នុងការធ្វើអ្វីមួយ នោះវានឹងធ្វើឲ្យខាតប្រយោជន៍ដល់អ្នក ហើយការដែលអង្គុយរងចាំឱកាសមកដល់មិនមែនជាជម្រើសល្អទេ អ្នកគួរតែចាប់ផ្ដើមនៅថ្ងៃនេះទើបជាការប្រសើរ៕

អត្ថបទដោយ  ៖ វ៉ាន់ ចន្ថា