បើអ្នកមានចំនុចទាំង ៧នេះបញ្ជាក់ថាអ្នកជាមនុស្សខ្វះភាពជឿជាក់

ភាពជឿជាក់គឺជាធាតុដ៏សំខាន់មួយដែលមនុស្សគ្រប់រូបចាំបាច់ត្រូវមាន ប៉ុន្ដែមនុស្សមួយចំនួនបែរជា ធ្វើឲ្យខ្លួនខកឱកាសធ្វើនូវរឿងរ៉ាវជាច្រើន​ ដោយសារតែកង្វះភាពជឿជាក់លើខ្លួននេះហើយ។ មនុស្សដែលធ្វើរឿងមួយបានសម្រច ពួកគេសុទ្ធតែជាបុគ្គលដែលមានភាពជឿជាក់លើខ្លួនឯង បើទោះជាមនុស្សភាគតិចជ្រើសរើសមិនជឿលើពួកគេ ក៏ប៉ុន្ដែបុគ្គលទាំងអស់នោះមិនបោះបង់ខ្លួនឯងចោលឡើយ។ ខាងក្រោមនេះជាហេតុផល ៧ យ៉ាងដែលធ្វើឲ្យអ្នកក្លាយជាមនុស្សខ្វះភាពជឿជាក់៖

៧ គិតថាខ្លួនមិនសាកសមនឹងទទួលបានលទ្ធផលល្អ

នៅពេលខ្លះមនុស្សមួយចំនួនមិនមែនជាបុគ្គលដែលលេចធ្លោ ក៏ប៉ុន្ដែស្រាប់តែនៅថ្ងៃមួយពួកគេបានសម្រចនូវភាពជោគជ័យមួយនឹកស្មានមិនដល់ ពេលនោះហើយដែលពួកគេនឹងចាប់ផ្ដើមក្រឡេកមើលជុំវិញ និងឃើញថាមានមនុស្សមានសមត្ថភាពជាច្រើនដែលសាកសមនឹងទទួលវាជាងខ្លួនរបស់ពួកគេ ។

 ៦ ត្រូវការជំនួយ ប៉ុន្ដែភ័យខ្លាចក្នុងការសុំឲ្យអ្នកដទៃជួយ

កិច្ចការងារខ្លះគឺមិនអាចសម្រចបានដោយបុគ្គលតែម្នាក់នោះឡើយ ពោលគឺវាត្រូវការជំនួយពីមនុស្សនៅក្បែរខ្លួន តែមនុស្សមួយចំនួនគិតរឿងមុខមាត់សំខាន់ ខ្លាចគេថាអន់ ទើបធ្វើឲ្យមានចិត្តរារែក យូរៗ ទៅក៏អស់សង្ឃឹមពីព្រោះធ្វើម្នាក់ឯងមិនកើត ហើយក៏មិនហ៊ានសុំគេជួយ លទ្ធផលចុងក្រោយបោះបង់ចោល។

៥ រំពឹងខ្ពស់ពេកទៅលើរឿងគ្រប់យ៉ាងដែលបានធ្វើ

ការរំពឹងខ្ពស់ពេកទាំងដែលមិនទាន់ដឹងលទ្ធផល ពិតជាប្រឈមនឹងហានិភ័យខ្ពស់ ដោយហេតុរឿងគ្រប់យ៉ាងសុទ្ធតែមើលមិនឃើញ ពេលខ្លះលទ្ធផលមិនដូចទៅនឹងអ្វីដែលបានគិត ជាហេតុធ្វើឲ្យទឹកចិត្តមានភាពរង្គោះរង្គើ ខកចិត្ត ភ័យខ្លាចក្នុងការធ្វើរឿងគ្រប់យ៉ាងម្ដងទៀតពីព្រោះខ្លាចលទ្ធផលមិនសមប្រកប។

៤ មានចំណុចខ្សោយដែលមិនអាចប្រាប់គេឲ្យដឹងបាន

មនុស្សគ្រប់រូបសុទ្ធតែមានចំណុចខ្សោយ និងរឿងរ៉ាវអាថ៍កំបាំងដែលមិនអាចប្រាប់អ្នកដទៃបាន ចំណុចទាំងនេះហើយបានក្លាយជាស្រមោលតាមលងបន្លាចបុគ្គលទាំងអស់នោះ ចេះតែគិតរវើរវាយ ថាចំណុចខ្សោយរបស់ខ្លួនជាឧបសគ្គដ៏ធំមួយនៅចំពោះមុខដែលជាកត្តារាំងស្ទះមិនអាចធ្វើអ្វីបាន។

៣ បោះបង់ចោលកណ្ដាលទី

មនុស្សជាច្រើនសុទ្ធតែធ្លាប់ជួបហេតុការណ៍បែបនេះ ពីព្រោះចង់សម្រេចកិច្ចការដែលមានប្រយោជន៍មួយឲ្យបានជោគជ័យគឺមិនមែនជារឿងងាយស្រួលឡើយ ពួកគេក៏ចាប់ផ្ដើមបោះបង់ពេលដែលជួបឧបសគ្គដែលជាហេតុធ្វើឲ្យគោលដៅដែលបានគ្រោងទុករលាយខ្ទេចតែម្ដង។ ទម្លាប់បែបនេះ ងយៗ ដង នឹងធ្វើឲ្យអ្នកអស់ជំនឿលើខ្លួន ហើយប្រកាន់គោលលជំហរថា “ធ្វើដើម្បីអ្វី បើមិនដែលឃើញបានសម្រេចផង”។

២ ភ័យខ្លាចច្រើនជាមួយហេតុការណ៍នៅថ្ងៃអនាគត

ការចេះព្រួយបារម្ភពីអនាគតរបស់ខ្លួនពិតជារឿងដ៏ល្អមួយ តែបើខ្លាចមុខ ខ្លាចក្រោយជាមួយនឹងរឿងមិនទាន់មកដល់ ហើយចូលចិត្តប្រើពាក្យថា “ចុះប្រសិនបើរឿងទៅបែបនេះ” “រឿងទៅជាបែបនោះ” តើអ្នកមានភាពជឿជាក់មកពីណាដើម្បីធ្វើកិច្ចការមួយឲ្យសម្រេចទៅបាន?

១ ខ្លាចអ្នកដទៃមើលមកខ្លួនក្នុងផ្លូវមិនល្អ

មនុស្សជាច្រើនតែងតែយកចិត្តទុកដាក់ខ្លាំងទៅលើគំនិតរបស់អ្នកដទៃគិតមកលើខ្លួ​ន ខ្លាចគេវាយតម្លៃថាខ្លួនមិនល្អ គិតផ្ដេសផ្ដាសតែខ្លួនឯងរហូតដល់ធ្វើឲ្យមានគំនួចក្នុងចិត្ត និងអស់ភាពជឿជាក់អ្វីក៏លែងហ៊ានចង់ធ្វើ។ ជារួមមក អ្នកត្រូវខិតខំប្រឹងប្រែងជំនះរាល់នូវភាពភ័យខ្លាចរបស់ខ្លួន និងកសាងឡើងវិញនូវភាពជឿជាក់របស់ខ្លួន ហើយបន្ដដើរទៅមុខនោះទើបអ្នកអាចរកឃើញនូវភាពជោគជ័យពិតប្រាកដ៕

អត្ថបទដោយ៖ ស្រីពេជ្រ