ប្ដីប្រពន្ធមួយរូបង្ហើបគន្លឹះ ៣យ៉ាងក្នុងការសន្សំប្រាក់ឲ្យបាន ១លានដុល្លារត្រឹមអាយុខ្ទង់ ៣០ឆ្នាំ

ខាងក្រោមនេះជា វីធីសាស្ត្រសាមញ្ញ៣យ៉ាងដើម្បីសន្សំប្រាក់របស់អ្នកឥឡូវនេះ ពីប្ដីប្រពន្ធ២នាក់ដែលមានឈ្មោះថា Justin និង Karsorn McCurry កំពុងរស់នៅក្នុងរដ្ឋកាលីហ្វរញ៉ាខាងជើង និងមានកូន៣នាក់នៅក្នុងបន្ទុក។ ពួកគេទាំង២ បានប្រើពេល១០ឆ្នាំដើម្បីសន្សំបានប្រាក់ច្រើនជាង១លានដុល្លារអាមេរិក ដែលជាទូទៅប្រាក់ខែរបស់ពួកគេ៧០% ត្រូវបានកាត់ទុកដោយស្វ័យប្រវត្ដិចូលទៅក្នុងគណនីធនាគាររបស់ពួកគេ។

១. កាត់បន្ថយការចេញទៅខាងក្រៅ ដោយប្រើសារអេឡិចត្រូនិច និងទូរសព្ទជំនួសវិញ

ប្ដីប្រពន្ធទាំងពីរបានបង្ហាញថា ប្រសិនបើមិនចាំបាច់ទេ កុំធ្វើដំណើរចេញទៅខាងក្រៅផ្ទះដែលអាចឲ្យយើងចំណាយប្រាក់ច្រើនលើការធ្វើដំណើរ និងចំណាយពេលចោលឥតប្រយោជន៍។ ចំពោះ រឿងខ្លះដែលអាចធ្វើនៅផ្ទះបានដោយមិនចាំបាច់ចេញទៅខាងក្រៅ គឺគួរតែធ្វើ។ ឧទាហរណ៍ ដូចប្ដីប្រពន្ធ​ពីរនាក់នេះអញ្ចឹង ជារៀងរាល់ខែពួកគេត្រូវតម្រូវឲ្យទៅក្រុមហ៊ុនធានារ៉ាប់រង ប៉ុន្ដែពួកគេសម្រេចចិត្តមិនទៅ ដោយបានធ្វើការទាក់ទងតាមរយៈទូរសព្ទ និងអ៊ីម៉ែលជំនួសវិញ។ មួយវិញទៀត ការកាត់បន្ថយការចំណាយលើធានារ៉ាប់រងរថយន្ដ ដែលពួកគេបានបញ្ជាក់ថា ដោយសារតែពួកគេមិនសូវជា​ប្រើប្រាស់រថយន្ដច្រើន ដូច្នេះមិនចាំបាច់ត្រូវបង់ធានារ៉ាប់រងក្នុងគម្រោង Premiums ទេ។

២. កាត់បន្ថយការចូលទិញទំនិញនៅក្នុងហាងទំនើបៗ

ប្ដីប្រពន្ធទាំងពីរបានបង្ហើបថា តាមពិតទំនិញខ្លះគឺមានគុណភាពដូចគ្នា តែតម្លៃខុសគ្នា ដោយសារតែទំនិញមួយត្រូវបានដាក់នៅក្នុងហាងទំនើប ចំណែកទំនិញមួយទៀតត្រូវបានលក់នៅក្នុងហាងធម្មតា។ ដូច្នេះ រឿងអ្វីដែលត្រូវចំណាយច្រើនទៅលើការទិញទំនិញដែលមានគុណភាពដូចគ្នា តែតម្លៃទាបជាង។ អ្នកទាំងពីក៏បានបន្ដទៀតថា​ ប្រសិនបើអ្នកចង់សល់ប្រាក់ អ្នកត្រូវបង្រៀនខ្លួនអ្នក ឲ្យចេះសន្សំចាប់ផ្ដើមពីតិចតួច និងបើអាចកាត់បន្ថយការចំណាយបាន គឺត្រូវតែធ្វើ។ ម៉្យាងចំពោះការទិញអាហារពីខាងក្រៅ ក៏គួរតែទិញដោយតិចជាងមុន សុខចិត្តធ្វើខ្លួនឯងនៅផ្ទះឲ្យបានច្រើនជាងទិញរបស់​ស្រាប់ដែលមានតម្លៃថ្លៃ។

៣. កាត់បន្ថយការ Subscribes ទៅលើកម្មវិធីមួយចំនួនដែលមិនចាំបាច់

អ្នកប្រហែលជាភ្លេចគិតថា​ អ្នកបានចំណាយប្រាក់យ៉ាងច្រើនទៅលើការបង់ថ្លៃសេវាកម្មប្រចាំខែ ឬ​ឆ្នាំ​ និងបង់ថ្លៃសមាជិកលើកម្មវិធីនានាជារៀងរាល់ខែ។ នៅក្នុងមួយឆ្នាំៗ ប្រសិនបើអ្នកមិនចំណាយលើការ Subscribes ទាំងអស់នោះទេ នោះអ្នកនឹងសល់ប្រាក់យ៉ាងច្រើននៅក្នុងដៃ ដោយមិននឹងស្មានដល់៕

ប្រភព៖ CNBC

អត្ថបទដោយ៖ ឡាយ ឧត្ដម