ប្រវត្ដិក្រុមហ៊ុនបច្ចេកវិទ្យា Samsung ចាប់ផ្តើមពីដើមទុន​២៧$ ក្លាយជាក្រុមហ៊ុនយក្សនៅកូរ៉េខាងត្បូង

Samsung​​ គឺជាក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូងដែលបានផលិតឧបករណ៍អេឡិចត្រូនិច​ដ៏ច្រើនបំផុតមួយនៅលើពិភពលោក និងជាក្រុមហ៊ុនដែលមានជំនាញនៅក្នុងការផលិត​ឧបករណ៍​​​​​ប្រើប្រាស់អេឡិចត្រូនិច ដែលបម្រើដល់វិស័យឧស្សាហកម្មផ្សេងៗជាច្រើន។ ផលិតផលដែល​​​ក្រុមហ៊ុននេះបានផលិតភាគច្រើនមានដូចជាសម្ភារៈប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឌី​ជី​ថល​​ ឧបករណ៍អេឡិចត្រូនិច បន្ទះអង្គចងចាំ (memory chips) ។

ក្រុ​មហ៊ុននេះ បានសាងកេរ្ដិ៍ល្បីល្បាញខ្លាំងនៅក្នុងវិស័យបច្ចេកវិទ្យា ដែលការផលិតផលិតផលនាំ​ចេញ​​មានរហូតដល់១/៥នៃការនាំចេញសរុបរបស់ប្រទេសកូរ៉េខាងត្បូង។ នៅក្នុងឆ្នាំ២០១៩ ក្រុមហ៊ុន Samsung មានបុក្គលិកបម្រើការរហូតដល់ទៅ ៣០៨,៧៤៥នាក់ និងបានចំណាយទឹកប្រាក់ប្រ​ហែល១៧ពាន់លានដុល្លារអាមេរិកនៅក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ខ្លួនរៀង​រាល់ឆ្នាំ។

ដំបូងឡើយលោក Lee Byung Chul បានយកទ្រព្យសម្បត្តិដែលទទួលបានពីគ្រួសារ ដោយចាប់ផ្ដើមរកស៊ីបង្កើតជា​រោងម៉ាស៊ីនកិនស្រូវ ប៉ុន្ដែត្រូវបរាជ័យទាំងស្រុង ដោយសារតែបទពិសោធន៍មិនទាន់មានច្រើនស្ដីពីការធ្វើជំនួញ។ បន្ទាប់ពីការបរាជ័យនៅក្នុងមុខជំនួញដំបូង លោកបានចាប់ផ្ដើមរកស៊ីធ្វើជំនួញនាំចេញ ជាមួយដើមទុនត្រឹមតែ៣០០០០វ៉ុនប៉ុណ្ណោះដែលមានតម្លៃប្រហែល២៧$ និងមានបុគ្គលិកត្រឹមតែ៤០នាក់ប៉ុណ្ណោះនៅឆ្នាំ១៩៣៨ក្នុងទីក្រុងTaegu ដែលបានដាក់ឈ្មោះក្រុមហ៊ុនថា Samsung Trading Co​ ដោយក្រុមហ៊ុនបាននាំចេញនូវទំនិញជាច្រើនប្រភេទដែលមានដូចជាត្រី បន្លែ និងផ្លែឈើ ហើយនៅក្នុងឆ្នាំ១៩៤៥ក្រុមហ៊ុនបានរកឃើញការរីកលូតលាស់ដ៏ធំមួយតាមរយៈការផ្គត់ផ្គង់ទំនិញ​នៅទូទាំងប្រទេសកូរ៉េ និងប្រទេសដទៃទៀត។

ប៉ុន្តែ​លោកLee បានប្រឈមមុខ និង​បញ្ហាមួយចំនួនបន្ទាប់ពីមានការកើតឡើងនូវសង្រ្គាមរវាងប្រទេស​​​​​កូរ៉េខាងជើង និងកូរ៉េខាងត្បូង។ ដោយសង្គ្រាមចាប់ផ្ដើមកើតឡើងកាន់តែខ្លាំង លោកក៏សម្រេចចិត្ត​ផ្លាស់ប្ដូរទីតាំងក្រុមហ៊ុនទៅកាន់ទីតាំង ដែល​​​មានសុវត្ថិភាពនៅក្នុងទីក្រុងប៉ូសានក្នុងឆ្នាំ១៩៥០។ ក្រោយពីសង្រ្គាមត្រូវបានបិទបញ្ចប់ លោកLee បានបង្កើតរោងចក្រផលិតរោមចៀមក្នុងឆ្នាំ១៩៥៤ក្នុងទីក្រុងDaegu ដែលបានក្លាយទៅជារោងចក្រដ៏ធំនៅ​​​​ក្នុងប្រទេស។ តាមរយៈការរីកចម្រើននេះលោកLee បានពង្រីកក្រុមហ៊ុនចូលទៅក្នុងវិស័យជាច្រើ​ន​​​​​​​ទៀតដូចជាវិស័យហិរញ្ញវត្ថុ ធានារ៉ាប់រង លក់រាយ និងសន្តិសុខ។

លោកLeeមានជំនឿយ៉ាងមុតមាំនៅក្នុងវិស័យឧស្សាហកម្ម និងចង់ឲ្យSamsung Group ក្លាយទៅជាក្រុមហ៊ុននាំមុខគ្រប់វិស័យ​ ហើយនៅក្នុងឆ្នាំ១៩៦៩ក្រុមហ៊ុនបានឈានជើងចូលទៅក្នុងវិស័យឧស្សាហកម្មអេឡិចត្រូនិច ដើម្បីដណ្ដើមយកចំណែកទីផ្សារដូចនៅក្នុងវិស័យផ្សេងៗទៀតផងដែរ។ ក្រុមហ៊ុនSamsung បានផ្ដោតសំខាន់ទៅលើការបង្កើតផលិតផលដែលប្រកបដោយភាពច្នៃប្រឌិត ហើយមិនយូរប៉ុន្មានក្រុមហ៊ុនក៏បានបញ្ចេញនូវទូរទស្សន៍ស-ខ្មៅ ដែលជាផលិតផលដំបូងរបស់ខ្លួន។

នៅក្នុងវិស័យអេឡិចត្រូនិចក្រុមហ៊ុនSamsung បានផលិតឧបករណ៍ និងសម្ភារៈជាច្រើន ដូចជានៅឆ្នាំ១៩៧០ក្រោយពីក្រុមហ៊ុនបានផលិតទូរទស្សន៍ស ខ្មៅដំបូងរបស់ខ្លួនហើយ ក្រុមហ៊ុនបានបន្តពង្រីកសមត្ថភាពរបស់ក្រុមហ៊ុនរហូតឈានដល់ផលិតនាវា និងមាស៊ីនយន្តហោះ។ អស់រយៈពេលជាច្រើនទសរត្សក្រោយមកក្រុមហ៊ុនSamsung ក៏បានផលិតត្រង់ស៊ីស្ទ័រសម្រាប់ទូរទស្សន៍ស ខ្មៅ ទូរទស្សន៍ពណ៌ ទូរទឹកកក ម៉ាស៊ីនគិតលេខលើតុដោយប្រើអគ្គីសនី និងម៉ាស៊ីនត្រជាក់ ដើម្បីធ្វើការផ្គត់ផ្គង់ដល់ក្រុមហ៊ុនជាច្រើនទៀត ហើយនៅឆ្នាំ១៩៧៨ក្រុមហ៊ុនបានឈានដល់កម្រិតកំពូលនៃការផលិតទូរទស្សន៍រហូតដល់៥លានគ្រឿង។

Samsung បានបន្តយកចិត្តទុកដាក់ផលិតសម្ភារៈអេឡិចត្រូនិចបន្តទៀត ដោយក្នុងទសវត្សឆ្នាំ១៩៨០ ក្រុមហ៊ុនបានផលិតកុំព្យូទ័រ និងឧបករណ៍ថតសម្លេងហើយវាក៏ជាទសវត្សដែលក្រុមហ៊ុនបានចាប់ផ្ដើមនាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអាមេរិកខាងជើងផងដែរ និងបានពង្រីកទីផ្សាររបស់ខ្លួនចូលទៅក្នុងប្រទេសអាល្លឺម៉ង់ ព័រទុយកាល់ និងទីក្រុងញូវយ៉ក។ ក្នុងឆ្នាំ១៩៨៤ ការលក់របស់ក្រុមហ៊ុនបានសម្រេចរហូតដល់១ពាន់ពាន់លានវ៉ុន។

នៅឆ្នាំ១៩៨៧លោក Lee Byung Chul បានទទួលមរណភាព ហើយតំណែងជាអ្នកគ្រប់គ្រងក្រុមហ៊ុន ក៏ត្រូវធ្លាក់ទៅក្នុងដៃរបស់កូនប្រុសរបស់លោក គឺលោក Lee Kun hee។ នៅទសវត្សបន្ទាប់មកទៀត ក្រុមហ៊ុនបានបន្តនូវការរីកចម្រើនរបស់ខ្លួន និងបានសម្រេចនូវស្នាដៃបន្ថែមទៀត​ ដោយក្នុងឆ្នាំ១៩៩០ក្រុមហ៊ុនបានក្លាយជាអ្នកនាំមុខគេក្នុងពិភពលោកនៅក្នុងការផលិតបន្ទះឈីប។ បន្ទះឈីបនិងអេក្រង់គឺជាកត្តាដែលបានធ្វើឲ្យក្រុមហ៊ុនSamsung ទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងមុខជំនួញរបស់ខ្លួន សូម្បីតែក្រុមហ៊ុនApple របស់អាមេរិកក៏បានទិញបន្ទះឈីបនិងអេក្រង់របស់​Samsung ទៅប្រើប្រាស់នៅក្នុងផលិតផលរបស់ខ្លួនផងដែរ។ ក្នុងពាក់​កណ្ដាល​ទសវត្សឆ្នាំ១៩៩០ Samsung បានចាប់ផ្ដើតផលិតអង្គចងចាំ(Memory) និងHard drives សម្រាប់ប្រើនៅក្នុងកុំព្យូរទ័ររបស់ខ្លួនឯងផ្ទាល់ ហើយវានៅតែជាផ្នែកមួយដ៏ធំសម្រាប់ភាពជោគជ័យរបស់ក្រុមហ៊ុនសព្វថ្ងៃនេះ។

នៅក្នុងឆ្នាំ១៩៩៨ Samsung បានផលិតទូរទស្សន៍ឌីជីថលដំបូងបង្អស់នៅក្នុងពិភពលោក ហើយនៅឆ្នាំ២០១០ បានចេញម៉ូដែលទូរស័ព្ទស្មាតហ្វូនដំបូងបង្អស់របស់ខ្លួនគឺGalaxy S នៅក្នុងសន្និបាតទូរស័ព្ទពិភពលោក។

នៅក្នុងឆ្នាំ២០១៥ក្រុមហ៊ុនSamsung​ ទទួលបានសិទ្ធប៉ាតង់ពីអាមេរិកច្រើនជាងក្រុមហ៊ុនដទៃទៀតដោយ​ទទួលបានសិទ្ធប៉ាតង់ជាង៧,៥០០នៅមុនបំណាច់ឆ្នាំ២០១៥។ កាលពីឆ្នាំ២០១៨អាជីវកម្មអេឡិចត្រូនិចរបស់Samsung បានពង្រឹងខ្លូនកាន់តែធំនៅក្នុងទីផ្សារបច្ចេកវិទ្យាពិភពលោក ជាពិសេស នៅក្នុងអាជីវកម្មផលិត និងលក់ទូរស័ព្ទចល័ត ហើយផលិតផលដែលទទួលបានការពេញនិយម​ជាងគេនោះគឺទូរស័ព្ទ Galaxy S9 Galaxy Note9 និងGalaxy Smartwatches៕

អត្ថបទដោយ៖ សុភ័ក