ប្រសិនបើអ្នកមានចំណុចទាំង ៧ នេះ កុំបង្អង់យូរ អ្នកអាចចាប់ផ្ដើមបើកអាជីវកម្មខ្លួនឯងបានហើយ

មនុស្សជាច្រើនសុទ្ធតែមានទេពកោសល្យ និងភាពប៉ិនប្រសប់ប្លែកៗ ពីគ្នា ពួកគេអាចធ្វើឲ្យជីវិតការងាររបស់ពួកគេដើរបានទៅរលូន ក៏ប៉ុន្ដែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានភាពជាអ្នកដឹកនាំអ្នកដទៃនោះទេ ក្នុងនាមជាអ្នកដឹកនាំម្នាក់ និងបុគ្គលដែលអាចធ្វើជំនួញបានដោយជោគជ័យវាទាមទារឲ្យអ្នកមានចំណុចមួយចំនួនដែលអ្នកដទៃមិនអាចធ្វើបាន។ ដោយឡែក ប្រសិនបើអ្នកឃើញថាអ្នកមានចំណុចទាំង ៧ នេះ បញ្ជាក់ថាអ្នកអាចធ្វើជាអ្នកគ្រប់គ្រង និងបើកអាជីវកម្មដោយខ្លួនអ្នកបាន៖

១​.មានដើមទុន

មុននឹងចេញរកស៊ី ឬបើកនូវជំនួញ ដើមទុនគឺជារឿងសំខាន់មួយ ប៉ុន្ដែអ្នកមិនចាំបាច់ត្រូវការដើមទុនច្រើនពេកឡើយ។ ជាជំហានដំបូងគឺធ្វើតាមលទ្ធភាពដែលខ្លួនមានសិន កុំទាន់លោភដាក់ដើមទុនច្រើនលើសពីសមត្ថភាពរបស់ខ្លួន រួចចាំមើលតាមស្ថានភាពជាក់ស្ដែងថា តើរបរមួយនេះអាចដំណើរការទៅមុខ ឬមានទីផ្សារល្អដែរ ឬទេ? ប្រសិនបើចម្លើយ វិជ្ជមាន នោះចាំបន្ថែមដើមទុនជាក្រោយ។

២.អ្នក​មិន​​ភ័យខ្លាច​ទៅ​នឹង​ឧបសគ្គ​ជា​ច្រើនដែលបានកើតមាន

ដូចដែលបានដឹងស្រាប់ បើអ្នកជាមនុស្សដែលមានភាពភ័យខ្លាចច្រើន ខ្លាចលំបាក នោះមិនចាំបាច់ចេញរកស៊ីនោះទេ យកល្អគួរបន្ដធ្វើកិច្ចការងារដែលអ្នកធ្វើនៅក្រុមហ៊ុនរាល់ថ្ងៃវាប្រសើរជាង ព្រោះជីវិតអ្នករកស៊ីគឺមិនទៀងទាត់ដូចជីវិតអ្នកធ្វើការតាមបណ្ដាក្រុមហ៊ុនឡើយ ជួនចំណេញ ជួនខាត ហើយប្រឈមនឹងហានិភ័យជារៀងរាល់ថ្ងៃ។

៣.អ្នក​ដឹង​ពី​របៀប​ទំនាក់ទំនង​បាន​ល្អ​ប្រសើរ

ការប្រាស្រ័យទាក់ទងគឺជារឿងមួយដែលចៀសមិនផុតសម្រាប់មនុស្សគ្រប់គ្នា ហើយវាកាន់តែមានសារៈសំខាន់សម្រាប់បុគ្គលដែលមានគោលគំនិតចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួន។ ក្នុងនាមជាអ្នកជំនួញ​ អ្នក​ត្រូវ​​មាន​ជំនាញ​​ទំនាក់ទំនង​ឲ្យ​បាន​រឹងមាំ ពីព្រោះបើអ្នកគ្មានចំណុចនេះទេ អតិថិជន ឬក៏ដៃគូអាជីវកម្ម គ្មានអ្នកណាចាប់អារម្មណ៍ចង់សហការជាមួយនឹងអ្នកឡើយ។ មិនតែប៉ុណ្ណោះ ការ​ទំនាក់ទំនង​ និង​ជំនាញ​កសាង​ទំនាក់ទំនង​ក៏​ជា​ផ្នែក​​មួយ​ដ៏​សំខាន់​នៃ​ការ​បង្កើត​ការ​ពេញចិត្ត​គោរព​​​ស្រលាញ់​របស់​បុគ្គលិកដែលនៅក្រោមឱវាទ ក៏ដូចជាដៃគូអាជីវកម្មផងដែរ​។

៤.អ្នក​ជា​មនុស្សមានភាពច្នៃប្រឌិត និង​ចូលចិត្ត​ការ​ប្រកួតប្រជែង

ក្នុងការធ្វើជំនួញនីមួយៗ វាមិនមែនជាការងាយស្រួលឡើយ ប្រសិនបើអ្នកគ្មានគំនិតអ្វីដែលថ្មីៗ សម្រាប់ប្រកួតប្រជែងក្នុងទីផ្សារដើម្បីទាក់ចិត្តអតិថិជនរបស់ខ្លួននោះទេ មិនយូរមិនឆាប់ជំនួញរបស់អ្នកគឺនឹងត្រូវបិទទ្វារដោយខ្លួនឯង ដោយហេតុថា វាគ្មានអ្វីអភិវឌ្ឍន៍ នៅតែដដែល។ អ្នកត្រូវដឹងថា គ្មានអ្នកណាអង្គុយប្រើប្រាស់នូវរបស់របរ និងសេវាកម្មដដែលៗ គ្មានភាពច្នៃប្រឌិតថ្មីឡើយ។

៥.អ្នក​មានមហិច្ចតា និងស្មារតីឈ្លាសវៃ

គ្មាន​ឡើយ​ពាក់​ថា ស្កប់ស្កល់សម្រាប់​មនុស្ស​ដែល​មាន​មហិច្ឆតា ព្រោះពពួកមនុស្សប្រភេទនេះជាមនុស្សដែលតែងតែចង់រៀន ចង់អភិវឌ្ឍន៍ខ្លួនដើម្បីធ្វើយ៉ាងណាទៅដល់គោលដៅដែលពួកគេចង់បាន បន្ទាប់ពីបានសម្រេច ពួកគេនឹងមានគោលដៅថ្មីផ្សេងទៀតដើម្បីធ្វើឲ្យជីវិតរបស់ពួកគេកាន់តែមានភាពប្រសើរឡើង។  ​ក៏​ប៉ុន្តែ​មានត្រឹមមហិច្ចតាមិនទាន់គ្រប់គ្រាន់នូវឡើយ ប្រសិន​បើ​អ្នក​មាន​បញ្ញា​​ស្មារតី​ឈ្លាសវៃ​ទៀត​គឺ​កាន់តែ​ពិសេស ដោយហេតុថា ​អ្នក​ត្រូវ​បង្កើត​ការ​សម្រេចចិត្ត​​ជា​ច្រើន​ដែល​មាន​ភាព​ស្មុគស្មាញ​​ទាក់ទង​ទៅ​នឹង​អាជីវកម្មរបស់អ្នក ​​ បង្កើត​គុណភាព​ការងារ​  ​​ប្រកបដោយ​ការ​ទទួលខុសត្រូវខ្ពស់ ហើយដើម្បី​ទទួល​បាន​លទ្ធផល​បែបនេះ អ្នក​ត្រូវ​មាន​​ស្មារតីឈ្លាសវៃ​​បំផុត។

៦.អ្នក​ដឹង​ពី​​​វិធី​ជ្រើសរើស​​​​ និង​ធ្វើការជាមួយមនុស្ស​នៅ​ជុំវិញ​ខ្លួន​​

ជំនួញមួយដើរទៅមុខបានដោយរលូន គឺមិនមែនមនុស្សតែម្នាក់បង្កើតវាឡើងមកនោះទេ វាក៏អាស្រ័យទៅលើមនុស្សដែលនៅជុំវិញ ដូចជាបុគ្គលិក ដៃគូអាជីវកម្ម និងផ្សេងៗ ទៀត។ បើទោះបីជាអ្នកមានសមត្ថភាពប៉ុណ្ណា ប៉ុន្ដែអ្នកមិនចេះជ្រើសរើស​មនុស្ស​ធ្វើ​ជា​ដៃគូ​ទំនាក់ទំនង​របស់​អ្នក នោះវាក៏ទៅមិនរួចដែរ។ ជាមួយ​មនុស្ស​ទាំង​នោះ អ្នក​​ជា​មនុស្ស​ដែល​មាន​ការ​យល់ចិត្ត​ថ្លើម​គ្នា ចេះ​ចែករំលែក​ចំណេះដឹង និង​មាន​សមត្ថភាព​ប្រកបដោយ​វិជ្ជាជីវៈ​លើ​ជំនាញ​អ្វី​មួយ។ មិន​តែ​ប៉ុណ្ណោះ អ្នក​ក៏​អាច​ដឹង​ពី​ចំណុច​ខ្លាំង​ចំណុច​ខ្សោយ​របស់​អ្នក និង​ក្រុម​ការងារ ផ្តល់​មតិ​កែលំអ​ទៅ​វិញ​ទៅ​មក និង​ស្វែង​រក​មធ្យោបាយ​រួម​មួយ​ដែល​អាច​ជួយ​ជំរុញ​ឲ្យ​ក្រុម​ការងារ​ទាំងមូល​ទទួល​បាន​ជោគជ័យហើយដើរទៅមុខ​ទាំងអស់​គ្នា។

៧.អ្នក​​មាន​គំនិត​វែងឆ្ងាយ​​ទៅ​ពេល​ខាងមុខ

ចក្ខុវិស័យ​​វែងឆ្ងាយ​នៅ​ពេល​ខាងមុខ​សម្រាប់អ្នកធ្វើអាជីវកម្ម ​​ គឺ​​មិន​អាច​ខ្វះ​បាន​ឡើយ ព្រោះថាអ្នកមិនមែនចេញរកស៊ីតែមួយថ្ងៃ។ ក្នុង​នាម​ជាសហគ្រិន អ្នកមិនអាចគិតត្រឹមតែដោះខ្លួនឲ្យរួចផុតមួយថ្ងៃៗ នោះទេ តែអ្នកត្រូវគិតពីហានិភ័យទាំងឡាយដែលអាចកើតមានចំពោះការរកស៊ីរបស់អ្នក ហើយត្រៀមខ្លួនទុកជាមុនសម្រាប់ប្រឈមនឹងបញ្ហាទាំងអស់នោះ និងត្រូវមានគោលគំនិតថាចង់ឲ្យអាជីវកម្មរបស់អ្នកក្លាយជាអ្វីនៅពេលខាងមុខ។ បន្ថែមពីនេះ អ្នក​ក៏​ត្រូវ​ដើរតួ​ជា​អ្នកដឹកនាំ​ផ្នែក​គំនិត​ផង​ដែរ។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការ​ធ្វើ​ការ​ក្រុម​ការងារ​ទាំងមូល​អាច​ប្រែក្លាយ​ចក្ខុវិស័យ​របស់​អ្នក​ឲ្យ​​ក្លាយ​ជា​ការពិត​បាន៕

អត្ថបទដោយ៖ ស្រីពេជ្រ