ប្រាក់ចំណេញសុទ្ធ របស់ធនាគារអេស៊ីលីដានៅឆ្នាំ ២០១៩ សម្រេចបាន ១២០ លានដុល្លារ

ប្រាក់ចំណេញសុទ្ធរបស់ធនាគារអេស៊ីលីដា នៅឆ្នាំ ២០១៩ នេះ សម្រេចបានចំនួន ១២០ លានដុល្លារអាមេរិក ដែលកើនឡើងប្រមាណ ១.៣ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់សវនកម្មនៃធនាគារ អេស៊ីលីដា ។

របាយការណ៍ដដែលបានបញ្ជាក់ឲ្យដឹងថា ប្រាក់ចំណូលសរុបរបស់ធនាគារ អេស៊ីលីដា មានចំនួន ៥៥០ លានដុល្លារ កាលពីឆ្នាំមុន ហើយប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណូលមានចំនួន ១៥៣ លានដុល្លារជាមួយនឹងប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធចំនួន ១២០ លានដុល្លារ។

ទន្ទឺមនឹងនេះ ក្នុងឆ្នាំ ២០២០ ទ្រព្យសកម្មសរុបរបស់ធនាគារ អេស៊ីលីដា បានឈានដល់ ៦.១៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ បើធៀបនឹង ឆ្នាំ ២០១៨ មានត្រឹម ៥.៦៨ ពាន់លានដុល្លារ។ ខណៈប្រាក់កម្ចីសរុបមានតម្លៃ ៣.៨៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ កើនឡើងប្រមាណ ៧ ភាគរយពី ៣.៥៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ។ ចំពោះប្រាក់បញ្ញើមាន ៤.៣៦ ពាន់លានដុល្លារ បានកើនឡើង ១៣ ភាគរយ ដល់ និងតម្លៃភាគហ៊ុនរបស់ភាគទុនិកចំនួន ១៣,០៩ ភាគរយពី ៨៥២,៨៤ លានដុល្លារដល់ ៩៦៤,៤៦ លានដុល្លារ។

លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិ និងជាប្រធានគណៈកម្មការហិរញ្ញវត្ថុធនាគារអេស៊ីលីដា ធ្លាប់បានលើកឡើងយ៉ាងដូច្នេះថា៖«នៅក្នុងប្រតិបត្តិការក្នុង ឆ្នាំ២០១៩កន្លងមកនេះ របស់អេស៊ីលីដា ចំពោះគុណភាពទ្រព្យសកម្មរបស់យើង មានកម្រិតល្អជាងឆ្នាំមុន ដោយសារស្ថានភាពសេដ្ឋកិច្ចនៅក្នុងឆ្នាំនេះ មានលក្ខណៈល្អប្រសើរ»

អេស៊ីលីដាបានក្លាយជាធនាគារចុះបញ្ជីសាធារណៈដំបូងគេនៅផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃ ច័ន្ទ ទី ២៥ ខែឧសភា ឆ្នាំ ២០២០ដោយបង្កើនប្រាក់ប្រហែល ១៧,៦ លានដុល្លារ បន្ទាប់ពីពី​ការបោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ (IPO) របស់ខ្លួន​នៅលើ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ (CSX) ដោយចំនួនភាគហ៊ុន IPO មាន ៤.៣៤៤.៨៦៥ នៅលើទីផ្សារ ​ ។ យោងតាមផ្សារភាគហ៊ុនកម្ពុជាតម្លៃជួញដូរធនាគារបានកើនឡើងដល់ ៥,១១ ពាន់លានរៀល (១.២៤២,២៩៧ ដុល្លារ) កាលពីថ្ងៃពុធ។

គួរបញ្ជាក់ផងដែរ សម្រាប់នៅឆ្នាំ ២០២០ បើទោះបីមានការព្យាករណ៍របស់ស្ថាប័នអន្តរជាតិ អំពីការថមថយនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្តី ក៏ស្ថានភាពប្រាក់ចំណេញរបស់អេស៊ីលីដា ត្រូវបានរំពឺងថាមិនបានផលប៉ះពាល់អ្វីនោះទេ ដោយសារតែអតិថិជនរបស់អេស៊ីលីដា គឺជាសហគ្រាសធុនតូច ដែលការប្រកបរបរចិញ្ចឹមជីវិតតាមធម្មតាប៉ុណ្ណោះ៕

ដោយ៖ ស្រីពេជ្រ