ផលិតផលរបស់អ្នកនឹងត្រូវបានគេបំភ្លេចចោល ប្រសិនបើអ្នកមិនប្រឹងដើរឲ្យទាន់ទីផ្សារបច្ចុប្បន្នទេ

នៅលើទីផ្សារយើងបច្ចុប្បន្នគឺតែងតែមានទំនិញ​ និងផលិតផលថ្មីៗជានិច្ចដែលមានការប្រកួតប្រជែងគ្នាក្នុងការផ្ដល់សេវាកម្មទៅដល់អតិថិជនរបស់ពួកគេ។ ហើយគេក៏បានសង្កេតឃើញដែលថាមានក្រុមហ៊ុនធំៗមួយចំនួនបានធ្វើការបញ្ចេញនូវស្នាដៃថ្មីដែលជាសមិទ្ធផលរបស់ខ្លួនចូលទៅកាន់ទីផ្សារស្ទើតែជារៀងរាល់ឆ្នាំ ។ តើហេតុអ្វីបានជាពួកគេចាំបាច់ បង្កើតផលិតផលឬទំនិញថ្មីៗ ? ហើយតើអ្នកធ្លាប់គិតដែរទេថា តើបច្ចេកវិទ្យារបស់ពួកគេផ្លាស់ប្ដូរយ៉ាងដូចម្ដេច ?

ចំពោះចម្លើយវិញ បានជាពួកគេបង្កើតផលិតផល និងទំនិញឬសេវាកម្មថ្មីៗនោះ គឺវាស្ថិតនៅក្រោមហេតុផលតែមួយគត់គឺត្រូវតែដើរឲ្យទាន់តាមតម្រូវការរបស់អតិថិជន និងធ្វើការប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃទៀតនៅលើទីផ្សារ ។  ហើយប្រសិនបើទំនិញ និងសេវាកម្មរបស់ពួកគេមិនអាចបំពេញតម្រូវការរបស់អតិថិជនបាន ឬមិនមែនជាសេចក្ដីត្រូវការរបស់អតិថិជនទេនោះពួកគេនឹងសម្រេចចិត្តក្នុងការលប់បំបាត់វាចោលភ្លាមៗតែម្ដង។ ជាក់ស្ដែង ដូចជា កាលពីចុងឆ្នាំមុន Instagram បានលុបផ្ទាំង “activity” ចេញពីកម្មវិធីរបស់ខ្លួនដោយសារតែអ្នកប្រើប្រាស់មិនមានការពេញចិត្តទៅនឹងផ្ទាំងនោះ ហើយទូរសព្ទ iPhone ដែលជាស្នាដៃចុងក្រោយរបស់ Apple ក៏លែងមានមុខងារ 3D Touch ទៀតដែរដោយសារវាមិនមានលក្ខណៈឆ្លើយតបគ្រប់គ្រាន់ទៅកាន់អតិថិជន ។

ចំពោះក្រុមហ៊ុនដែលមានភាពច្នៃប្រឌិតថ្មីបំផុតនៅក្នុងពិភពលោក ពួកគេកំពុងបង្កើតនូវការផ្ដល់ជូនជុំវិញតម្រូវការ និងបំណងរបស់អ្នកប្រើប្រាស់ដើម្បីឲ្យត្រូវទៅតាមសេចក្ដីត្រូវការរបស់អតិថិជន។ ហើយម្យ៉ាងវិញទៀតដោយសារតែនៅលើទីផ្សារនាសម័យឥឡូវគឺពោរពេញទៅដោយទំនិញជាច្រើនដែលអាចឲ្យអតិថិជនមានសមត្ថភាពកាន់តែខ្លាំងក្នុងការស្វែងយល់ពីជម្រើសរបស់ពួកគេ។  ព្រោះតែហេតុផលនេះហើយទើបធ្វើឲ្យអតិថិជនមានឥទ្ធិពលកាន់តែខ្លាំងទៅលើការជ្រើសរើស ហើយស្របពេលដែលបច្ចុប្បន្នមានបច្ចេកវិទ្យាជឿនលឿនផងនោះ។ ដូច្នេះការផ្សព្វផ្សាយនៅលើប្រព័ន្ធInternet ក៏កាន់តែទូលំទូលាយ ។

សរុបមកវិញ នៅពេលដែលយើងសម្រចចិត្តដាក់លក់ផលិតផល ទំនិញ ឬសេវាកម្មរបស់យើងនៅលើទីផ្សារយើងគួរតែសិក្សាទៅលើតម្រូវការរបស់អតិថិជនជាមុនសិន ហើយបើសិនជារាល់ទំនិញរបស់យើងមិនអាចបម្រើសេចក្ដីត្រូវការរបស់ពួកគេបានទេ។ យើងគួរតែចាប់ផ្ដើមក្នុងការបង្កើតផលិលអ្វីមួយឡើងមកដែលអាចផ្ដល់ឲ្យពួកគេនូវអ្វីដែលពួកគេចង់បានទើបធ្វើឲ្យផលិតផលរបស់យើងអាចដំណើរការនៅក្នុងទីផ្សារបានល្អ៕

អត្ថបទដោយ ៖ វ៉ាន់​​ ចន្ថា

SHARE